អន្តរជាតិ
មេទ័ព​ចិន​ប្រាប់​មេទ័ព​អាមេរិក «​អាមេរិក​បង្កកំហុស​លើ​បញ្ហា​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង និង THAAD»
17, Aug 2017 , 9:39 pm        
រូបភាព
នាយសេធិការចម្រុះកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត ជួបជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈិម ហ្វាន ចាងឡុង (រូបភាព Reuters)
នាយសេធិការចម្រុះកងទ័ពអាមេរិក ចូសេហ្វ ដាន់ហ្វត ជួបជាមួយអនុប្រធានគណៈកម្មការយោធាមជ្ឈិម ហ្វាន ចាងឡុង (រូបភាព Reuters)
​មន្ត្រី​យោធា​ជាន់ខ្ពស់​កងទ័ព​ចិន ហ្វា​ន ចាង​ឡុង (Fan Changlong) បាន​និយាយ​នៅ​ថ្ងៃទី​១៧ ខែសីហា ថា សកម្មភាព​ខុសឆ្គងរ​បស់​អាមេរិក​លើ​បញ្ហា​កោះ​តៃវ៉ាន់ សមុទ្រ​ចិន​ខាងត្បូង និង​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD ។ សកម្មភាព​ខុសឆ្គង​នេះ​ក៏បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​យោធា​ទាំងពីរ​ដូចជា​ការមិនទុកចិត្ត​គ្នា​ជាដើម​។ មន្ត្រីជាន់ខ្ពស់​ចិន​និយាយ​បែបនេះ​ក្នុង ជំនួប​ជាមួយ ប្រមុខ​កងទ័ព​អាមេរិក ចូ​សេ​ហ្វ ដាន់​ហ្វ​ត (Joseph Dunford) ។​



​ឧ​ត្ត​ម​សេនីយ៍ ហ្វា​ន ចាង​ឡុង អនុប្រធាន​គណៈកម្មកា​រ​យោធា​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បាន​ជួប​ជាមួយ​នាយ​សេ​ធិ​ការ​ចម្រុះ​កងទ័ព​អាមេរិក ឧ​ត្ត​ម​សេនីយ៍ ចូ​សេ​ហ្វ ដាន់​ហ្វ​ត នៅ​ថ្ងៃទី​១៧ ខែសីហា ខណៈដែល​លោក ដាន់​ហ្វ​ត ទស្សនកិច្ច​បី​ថ្ងៃ​លើទឹក​ដី​ចិន​។ វត្តមាន​ប្រមុខ​កងទ័ព​អាមេរិក​លើទឹក​ដី​ចិន​ពេលនេះ ធ្វើឡើង​ចំពេល​ដែល​ទំនាក់ទំនង​រវាង​មហាអំណាច​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​គ្រោះថ្នាក់ ព្រោះ​មាន​បញ្ហា​ខ្វែងគំនិត​ជាច្រើន​។​

​បញ្ហា​កោះ​តៃវ៉ាន់ វត្តមាន​នាវា​អាមេរិក​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​ការពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នៅ​កូរ៉េខាងត្បូង សុទ្ធសឹង​ជា​បញ្ហា​រាំងស្ទះ​ក្នុង​ទំនាក់ទំនង​រវាង​អាមេរិក និង​ចិន​។ ក្រុង​ប៉េកាំង​មិន​សប្បាយចិត្ត​ឡើយ ពេល​ឃើញ​អាមេរិក​បន្ត​លក់​អាវុធ​ឲ្យ​ក្រុង​តៃប៉ិ ហើយ​រឹតតែ​មិន​សប្បាយចិត្ត​ពេល​ក្រុង​វ៉ាស៊ីនតោន​បញ្ជូន​នាវា​មក​ក្បែរ​កោះ​របស់ខ្លួន​នៅ​សមុទ្រ​ចិន​ខាងត្បូង​។ ចុងក្រោយ​នេះ ប៉េកាំង​ក៏​ប្រឆាំង​ដាច់ខាត​ការពង្រាយ THAAD នៅ​កូរ៉េខាងត្បូង​ផងដែរ​។​

​នៅ​ជំនួប​ក្នុង​រដ្ឋធានី​ប៉េកាំង មេទ័ព​ចិន​បាន​ប្រាប់​មេទ័ព​អាមេរិក​ថា ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ ទំនាក់ទំនង​យោធា​ប្រទេស​ទាំងពីរ​មាន​ស្ថានភាព​ល្អប្រសើរ ព្រោះ​មាន​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ក៏ដូចជា​ការទំនាក់ទំនង​រលូន​ក្នុង​វិស័យ​យោធា​។ យ៉ាងណាមិញ លោក ហ្វា​ន បាន​និយាយ​ដែរ​ថា ទង្វើ​របស់​អាមេរិក​ដូច​ជាការ​លូកដៃ​ចូល​បញ្ហា​តៃវ៉ាន់ និង​សមុទ្រ​ចិន​ខាងត្បូង ការពង្រាយ THAAD បាន​បង្ក​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ទំនាក់ទំនង​ដែល​ល្អ​ស្រាប់​នេះ​។​

​ចិន​នៅតែ​មានបំណង​សហការ​ជាមួយ​អាមេរិក​ដើម្បី​សម្រេច​ឲ្យ​បានការ​ព្រមព្រៀង​របស់​ថ្នាក់​នាំ​ប្រទេស​ទាំងពីរ ដោះស្រាយ​បញ្ហា​ខ្វែងគំនិត​គ្នា និង​បញ្ហា​រសើប​ផ្សេងទៀត​។ នេះ​ជា​បញ្ជាក់បន្ថែម​របស់​ឧ​ត្ត​ម​សេនីយ៍​ចិន ដែល​បន្តថា​ការទុកចិត្ត​គ្នា​ទៅវិញទៅមក និង​ទំនាក់​យោធា​ទាំងពីរ នឹង​កាន់តែ​ប្រសើរឡើង ហើយ​ទំនាក់ទំនង​នេះ​ក៏​នាំ​ផល​វិជ្ជមាន​ដល់​ចំណង​ការទូត​ចិន និង​អាមេរិក ដែល​មហាអំណាច​ពិភពលោក​ផងដែរ​។​

​ចំពោះ​ការពង្រាយ​ប្រព័ន្ធ​ការពារ THAAD វិញ មេទ័ព​ចិន​ដដែល​នេះ​នៅតែ​បង្ហាញ​ជំទាស់​ដដែល​។ អាមេរិក​ពង្រាយ THAAD នៅ​កូរ៉េខាងត្បូង​ដើម្បី​ការពារ​មី​ស៊ី​ល​កូរ៉េខាងជើង ប៉ុន្តែ​ចិន​មិន​ព្រម​ឡើយ​។   អនុប្រធាន​គណៈកម្មកា​រ​យោធា​មជ្ឈិម បាន​ប្រាប់​ប្រមុខ​កងទ័ព​អាមេរិក​ថា THAAD ប៉ះពាល់​សន្តិសុខ​ចិន ព្រោះតែ​រ៉ា​ដា​របស់​វា​មាន​អានុភាព​ជ្រៀតចូល​ទឹកដី​ចិន ហើយ​ម្យ៉ាង​ការពង្រាយ THAAD ក៏​មិន​អាចជួយ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​ដែរ​៕


Tag:
 ចិន​
  អាមេរិក​
  Joseph Dunford
  Fan Changlong
© រក្សាសិទ្ធិដោយ thmeythmey.com