ជាតិ
ថនិកសត្វ​មាឌធំ ៣០ ប្រភេទ ត្រូវបាន​រកឃើញ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​
18, Aug 2017 , 7:59 am        
រូបភាព
ថនិកសត្វ​មាឌធំ​៣០​ប្រភេទ ត្រូវបាន​ខាង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា WCS និង​ក្រុម​អ្នកស្រាវជ្រាវ​ជប៉ុន បាន​រកឃើញ​វត្តមាន​រស់នៅក្នុង​ជម្រក​សត្វព្រៃ​ឆែប នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​



​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ថនិកសត្វ​មាឌធំ​ទាំង​៣០​ប្រភេទ​នេះ ត្រូវបាន​ថត​ជាប់​ដោយ​ម៉ាស៊ីនថតរូប​ស្វ័យប្រវត្តិ នៅក្នុង​ជីវៈចម្រុះ​នៃ​តំបន់​ព្រៃ​ល្បោះ​ធំជាងគេ ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​។ ក្នុងចំណោម​ថនិកសត្វ​ដែល​ក្រុម​ស្រាវជ្រាវ​ថតរូប​បាន​នោះ រួមមាន​សត្វ​ពង្រូល ដំរី​អាស៊ី ស្វា​ព្រាម រមាំង ទន្សោង សំពោ​ធ​ធំ និង​ឆ្កែព្រៃ ជាដើម ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក​។ ក្រៅពី​ប្រភេទ​សត្វ​ជិត​ពូជ​នេះ ក្រុម​ស្រាវជ្រាវ​ក៏បាន​ថតរូប សត្វ​ខ្លារខិន ខ្លា​ពពក ខ្ទីង ខ្លាឃ្មុំ​ធំ ខ្លាឃ្មុំ​តូច និង​ស្វា​គ្រោ​ស ដែលជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​ផងដែរ​។​



​កញ្ញា Suzuki Ai បាន​និយាយថា ព្រៃ​ល្បោះ ជា​ប្រភេទ​ដើមឈើ​ជ្រុះ​ស្លឹក​នា​រដូវប្រាំង និង​វាលស្មៅ​ជាដើម ដែលមាន​ភាព​អស្ចារ្យ និង​សំបូរ​ទៅដោយ​ជីវចម្រុះ​។ ហើយ​ព្រៃ​ល្បោះ​នេះ មាន​ភាគច្រើន​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ផ្ដល់​ជាទី​ជម្រក​ដ៏​ល្អ​បំផុត​សម្រាប់​សត្វព្រៃ និង​ជាទី​កន្លែង​សម្រាប់​រក​ចំណី​របស់​ពពួក​ថនិកសត្វ​។ កញ្ញា Suzuki Ai ដែល​បាន​ដឹកនាំ​ក្រុមការងារ​ពី​សាកលវិទ្យាល័យ​តូ​ក្យូ មក​សិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​នេះ បាន​វាយតម្លៃ​ដូច្នេះ​ថា​៖«​លទ្ធផល​រកឃើញ​ថនិកសត្វ​នេះ ឆ្លុះបញ្ចាំង​នៃ​ការបន្ត​វត្ត​មាននៃ​ពពួក​ថនិកសត្វ​មាឌធំ ដូចជា​រមាំង ទន្សោង និង​ឆ្មាព្រៃ​នៅក្នុង​តំបន់​សត្វព្រៃ​ឆែប​។ សំខាន់​ជាង​នេះ​សំ​ពោធ​ដែលជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅលើ​សកលលោក ស្ថិតនៅក្នុង​លំដាប់ថ្នាក់​ទី​៤ នៃ​ប្រភេទ​សត្វ ដែល​ថតរូប​(​មាន​វត្តមាន​)​បាន​ច្រើនជាងគេ នៅក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​នេះ​»​។​



​ប៉ុន្តែ​យ៉ាងណា​តំបន់​ព្រៃ​ល្បោះ ដែលជា​ទីកន្លែង​ជម្រក​ដ៏​សំខាន់​របស់​សត្វ​គ្រប់​ប្រភេទ និង​ផ្ដល់​សេវា​អេកូឡូស៊ី​ផ្សេងទៀត​នេះ កំពុង​ប្រឈម​នឹង​ការគំរាមកំហែង ដូចជា​ការកាប់​ព្រៃឈើ​ខុសច្បាប់ ការ​ឆ្កា​ព្រៃ និង​ការផ្លាស់ប្ដូរ​ព្រៃ​ជាទី​ជម្រក​ជាដើម​។​

​ត្រង់ចំណុច​នេះ​លោក Alistair Mould ទីប្រឹក្សាបច្ចេកទេស​គម្រោង​អភិរក្ស​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា  បាន​និយាយថា អង្គការ WCS កំពុង​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​រដ្ឋបាល​ព្រៃឈើ ដើម្បី​ថែរក្សា​ការពារ​ព្រៃឈើ និង​សត្វព្រៃ​នៅក្នុង​តំបន់​នេះ មិន​ឲ្យ​បាត់បង់​ឡើយ​។



«​ព្រៃឈើ​តំបន់​នេះ ផ្ដល់​ទីជម្រក​ដ៏​សំខាន់​សម្រាប់​សត្វព្រៃ​ប្រភេទ​រងគ្រោះ​ជិត​ផុត​ពូជ​នៅលើ​សាកលលោក និង​ជា​ច្រករបៀង​សម្រាប់​សត្វព្រៃ​ឆ្លងកាត់ និង​ជា​ផ្នែក​មួយ​នៃ​អាង​ស្តុក​ទឹក​ប៉ែក​ខាងលើ​ស្ទឹងសែន​។ ការពង្រឹង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំ​ដែនជម្រកសត្វព្រៃ និង​ការគាំទ្រ​ពី​សហគមន៍ ពិតជា​សំខាន់​ខ្លាំងណាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន ដូចជា​ការកាប់​ឈើ​ខុសច្បាប់ ការ​ឆ្កា​ព្រៃ និង​ការ​បរបាញ់​សត្វព្រៃ​ជាដើម​»​។ នេះ​ការប្ដេជ្ញា​របស់លោក Alistair Mould ដែលមាន​សុទិដ្ឋិនិយម​ថា ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក ក្រុមការងារ​អង្គការ​WCS ដែល​បាន​សហការ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ បានរួម​គ្នា​ការពារ​និង​កាត់បន្ថយ​ការកាប់​ព្រៃឈើ និង​ការពារ​សត្វព្រៃ​ដោយ​ជោគជ័យ​។ ជាពិសេស​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​ក្នុង​សហគមន៍​ផងដែរ​៕





Tag:
 WCS
  ​ថនិកសត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com