អន្តរជាតិ
រកឃើញ​នំ​ដែល​កប់​ក្នុង​ទឹកកក​អស់​១០៧​ឆ្នាំ​នៅ​អង់​តាក​ទិច ប៉ុន្តែ​គ្មាន​អ្នក​ហ៊ាន​ភ្លក់​ឡើយ​
18, Aug 2017 , 8:39 am        
រូបភាព
ដោយ: ធីតា
​នំ​ខេ​ក​រសជាតិ​ផ្លែឈើ ដែលមាន​អាយុកាល​ជាង​១​សតវត្សរ៍​ទៅហើយនោះ ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ទឹកកក​អង់​តាក​ទិច កាលពីពេល​ថ្មីៗ​កន្លងមក​។ តាម​រូបភាព​ដែល​ផ្សាយ​ដោយ nzaht.org នំ​នោះ​មានការ​វេច​ខ្ចប់​នៅ​ល្អ​។ ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​ដែល​រកឃើញ មិន​ហ៊ាន​ភ្លក់​រសជាតិ​នំ​កាលពី​១០៧​ឆ្នាំមុន​នោះឡើយ​។​



​នៅក្នុង​ការរុករក​មួ​យ ក្រុម​ស្រាវជ្រាវ Antarctic Heritage Trust (AHT) នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ បាន​ប្រទះឃើញ​នំ​ខេ​កមួយ ដែលមាន​ការ​វេច​ខ្ចប់​យ៉ាង​ល្អ​។ ការស្រាវជ្រាវ​បានបង្ហាញ​នំ​នេះ ជា​របស់​ក្រុម​រុករក​នៅ​តំបន់ Cape Adare ដែល​បាន​បាត់​កាលពី​ខែកុម្ភៈ ឆ្នាំ​១៩១១ ។​

​លោក Lizzie Meek អ្នកគ្រប់គ្រង​ក្រុម AHT បាន​អះអាងថា​៖ «​រយៈពេល​តែ​សប្តាហ៍​ប៉ុណ្ណោះ យើង​រកបាន​ឃើញ​វត្ថុ​ជាច្រើន​នៅ Cape Adare ហើយ​ការរកឃើញ​ឃើញ​នំ​នេះ គឺជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​»​។​



​អ្នកស្រាវជ្រាវ​បាន​វាយតម្លៃថា នំ​ខេ​ក​នេះ ជា​ម្ហូបអាហារ​ប្រកបដោយ​ថាមពល​មួយ​ដែល​សមស្រប​ទៅនឹង​លក្ខខណ្ឌ​នៅ​តំបន់​ទឹកកក អង់​តាក​ទិច​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្មាន​អ្នកស្រាវជ្រាវ​ណា​ម្នាក់​ហ៊ាន​ភ្លក់​រសជាតិ​វា​នោះឡើយ​៕


Tag:
 នំ​ខេ​ក
© រក្សាសិទ្ធិដោយ thmeythmey.com