អន្តរជាតិ
ចៅស្រី​អធិរាជ​ជប៉ុន​ព្រះ​នាង Mako និង​មិត្ត​ប្រុស​នឹង​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ដើមខែ​ក្រោយ​
17, Aug 2017 , 10:19 pm        
រូបភាព
ព្រះនាង Mako និងមិត្តប្រុស (រូបភាព៖ Straits Times)
ព្រះនាង Mako និងមិត្តប្រុស (រូបភាព៖ Straits Times)
ដោយ:
​ចៅស្រី​ច្បង​របស់​អធិរាជ​ជប៉ុន Akihito ព្រះ​នាង Mako និង​មិត្ត​ប្រុស​ទ្រង់​លោក Kei Komuro​នឹង ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី ៣ ខែកញ្ញា​។ គេ​រំពឹងថា អធិរាជ Akihito នឹង​ប្រកាស​យល់ព្រម​ជា​ផ្លូវការ​ចំពោះ​ការរៀប​អាពាហ៍ពិពាហ៍​របស់​ចៅស្រី​ទ្រង់​នៅ​ថ្ងៃ​ភ្ជាប់ពាក្យ​ខាងមុខ​។



​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា ទីភ្នាក់ងារ​រាជវាំង​បាន​ផ្សាយ​ថា ចៅស្រី​ច្បង​អធិរាជ​ជប៉ុន ព្រះ​នាង​Mako នឹង​ភ្ជាប់ពាក្យ​ជាមួយ​មិត្ត​ប្រុស​ទ្រង់​នៅ​ថ្ងៃទី​៣​ខែកញ្ញា​នា​ខាងមុខ​។​
​តាមពិត​ពិធី​ភ្ជាប់ពាក្យ​របស់​ព្រះ​នាង Mako ដើមឡើយ​ត្រូវ​ប្រកាស​ចាប់តាំងពី​ខែកក្កដា​មកម្ល៉េះ ប៉ុន្តែ​ដើម្បី​សម្រប​កាលវិភាគ​របស់​សែស្រឡាយ​រាជវង្ស ពិធី​ភ្ជាប់ពាក្យ​នេះ​ក៏​ត្រូវគេ​ប្រកាស​នៅ​ថ្ងៃទី​១៧​ខែសីហា​វិញ​។​

​សារព័ត៌មាន​ជប៉ុន Japan Times ផ្សាយ​ថា​៖« នៅ​ព្រឹក​ថ្ងៃទី​៣​ខែកញ្ញា គេ​រំពឹងថា អធិរាជ​Akihito នឹង​ប្រកាស​យល់ព្រម​ពី​អាពាហ៍ពិពាហ៍​របស់​ចៅស្រី​ខ្លួន​។ បន្ទាប់មក​ប្រធាន​ទីភ្នាក់ងារ​រាជវាំង​លោក Shinichiro Yamamoto រៀបចំ​សន្និសីទ​សារព័ត៌មាន​ដើម្បី​ប្រកាស​ពិធី​ភ្ជាប់ពាក្យ​ជា​សាធារណៈ ក្រោយពេល​លោក​ជម្រាប​ទៅកាន់​អធិរាជ និង​អធិរាជ​នី រួមទាំង​មាតា​និង​បិតា​របស់​ព្រះ​នាង Mako ផង​ពី​ការប្រកាស​នេះ »​។​

​អាពាហ៍ពិពាហ៍​ផ្លូវការ​របស់​ព្រះ​នាង Mako និង​មិត្ត​ប្រុស​ទ្រង់​នឹង​រៀបចំឡើង​ក្នុង​ឆ្នាំ​២០១៨​។​យោងតាម​ច្បាប់ បន្ទាប់ពី​រៀបការ​ជាមួយ​សាមញ្ញ​ជន ព្រះ​នាង​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​រាជវង្ស​ដោយ​ស្វ័យប្រវត្តិ​។ ទោះ​ត្រូវអស់​ឋានៈ​បែបនេះ​ក្តី ក៏​ចៅស្រី​អធិរាជ​ជប៉ុន​រូបនេះ នៅតែ​ស្ម័គ្រ​រៀបការ​ជាមួយ​រាស្ត្រសាមញ្ញ​ម្នាក់​ដែរ​។

​សូម​រម្លឹក​បន្តិច​ថា ព្រះ​នាង​Mako និង​មិត្ត​ប្រុស​របស់​ទ្រង់​លោក Kei Komuro បាន​ជួបគ្នា​ចាប់តាំងពី​ឆ្នាំ ២០១២ ហើយ​លោក Kei Komuro ក៏បាន​ស្នើ​សុំចូល​ដណ្ដឹង​កាលពី​ឆ្នាំមុន​៕


Tag:
 Mako​
 ​ ជប៉ុន​
  Akihito
© រក្សាសិទ្ធិដោយ thmeythmey.com