អន្តរជាតិ
នាយក​មន្ត្រី​ម៉ាឡេស៊ី​ប្រាប់​ឲ្យ​សមាជិក​អាស៊ាន​គិតគូរ​សេចក្តីសុខ​ប្រជាជន​ខ្លួន​ជា​ចម្បង​
18, Aug 2017 , 9:24 am        
រូបភាព
ដោយ:
​ក្នុង​ពិធី​រម្លឹក​ខួប​៥០​ឆ្នាំ​របស់​អាស៊ាន​ដែល​បានធ្វើ​ឡើង​នៅ​ម៉ាឡេស៊ី​ដើម​សប្តាហ៍​នេះ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាន​រៀបរាប់​ពី​កិច្ចការ​ចម្បង​មួយចំនួន​របស់​អាស៊ាន​។​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា ការគិតគូរ​ពី​អភិបាលកិច្ច តម្លាភាព និង តម្កល់​ប្រយោជន៍​ប្រជាជន​ជា​ចម្បង​ជា​កិច្ចការ​សំខាន់បំផុត​ដែល​អាស៊ាន​ត្រូវធ្វើ​។​



 នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក ណា​ជីព រ៉ា​ហ្សា​ក់ បាន​រៀបរាប់​ពី​កិច្ចការ​ចម្បង​មួយចំនួន​របស់​អាស៊ាន​ក្នុង​កម្មវិធី​រម្លឹក​ខួប ៥០ ឆ្នាំ​របស់​អាស៊ាន​ដែល​ធ្វើឡើង​នៅ​ម៉ាឡេស៊ី​។ 

​យោងតាម​សារព័ត៌មាន The Star លោក ណា​ជីប បាន​រៀបរាប់​ដូច្នេះ​ថា​៖«​អភិបាលកិច្ច​ល្អ តម្លាភាព​និង​ការបង្កើត​ឱកាស​ឲ្យ​កាន់តែច្រើន​ត្រូវ​រាប់​ប​ញ្ជូ​ល​ជា​កិច្ចការ​ចម្បង​របស់​រដ្ឋាភិបាល​សមាជិក​អាស៊ាន​ទាំងអស់​។ ម្យ៉ាងវិញទៀត ការលើកកម្ពស់​ជីវភាព​ប្រជាជន និង​តម្លៃ​ស្ដ្រី គាំទ្រ​ការអភិវឌ្ឍ​ជា​និរន្ត​ភាព និង​ការបង្កើត​ឱកាស​គួរតែ​ដាក់​ក្នុង​របៀបវារៈ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​»​។​

​លោក​បាន​សង្កត់ធ្ងន់​ទៀតថា កិច្ចការ​ចម្បង​ដែល​អាស៊ាន​ត្រូវធ្វើ​គឺ​ការគិតគូរ​ពី​ប្រជាជន​ជាធំ​។ វា​មានន័យថា អាស៊ាន​ត្រូវតែ​យកចិត្តទុកដាក់​ពី​បំណងប្រាថ្នា​របស់​ប្រជាជន​មុនគេ​។ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ​ក៏​បញ្ជាក់​ផងដែរ​ថា លោក​មាន​មោទនភាព​ខ្លាំងណាស់​ចំពោះ​ការចេញ​សេចក្ដីថ្លែងការណ៍​បង្កើត​សហគមន៍​អាស៊ាន​ពេលដែល​ម៉ាឡេស៊ី​ធ្វើជា​ប្រធាន​ក្នុង​ឆ្នាំ​២០១៥​។​

«​សមាជិក​អាស៊ាន​ត្រូវតែ​ខិតខំ​ធ្វើ​ឲ្យ​ប្រជាជន ស្ថាប័ន ឬអ្វី​ផ្សេងៗ​ទៀត​នៅក្នុង​តំបន់​ជាប់ទាក់ទង​គ្នា​ដែល​អាច​ឲ្យ​ប្រជាជន​អាស៊ាន​មើលឃើញ​ច្បាស់ ព្រោះ​ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​ពី​ប្រវត្តិសាស្ដ្រ និង​សមិទ្ធផល​អាស៊ាន​ផង រួមទាំង​ពន្យល់​ពី​គម្រោង​នាពេល​អនាគត​។ ដូច្នេះ នៅ​ថ្ងៃ​ខាងមុខ​ប្រជាជន​ម៉ាឡេស៊ី​នឹង​គិតថា​ខ្លួន​ជា​ប្រជាជន​អាស៊ាន​ជាង​ប្រជាជន​ម៉ាឡេស៊ី​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ណា​ជីប​។​

​ដោយឡែក ពិធី​រម្លឹក​ខួប​៥០​ឆ្នាំ​នៃ​ការបង្កើត​អាស៊ាន​មិន​ត្រឹមតែ​ជា​ព្រឹត្តិការ​ណ៍ដ៍​សំខាន់​សម្រាប់​អាស៊ាន​ទាំងមូល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ព្រឹត្តិការ​ណ៍ដ៍​មានតម្លៃ​សម្រាប់​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ផ្ទាល់​តែម្ដង​។ មូលហេតុ​មកពី​ឪពុក​របស់លោក គឺ លោក Abdul Razak Hussein ធ្លាប់ជា​អ្នកតំណាង​ឲ្យ​ម៉ាឡេស៊ី​ក្នុងការ​ចុះហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍​ក្រុង​បាងកក​ក្នុងការ​បង្កើត​អាស៊ាន​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​អាស៊ាន​បានក​កើតមក ស្ថេរភាព​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ស្របពេល​ជាមួយគ្នានេះដែរ សមាជិក​អាស៊ាន​ទាំងអស់​រក្សា​មិត្តភាព​ដោយ​ការសម្រេច​ចិត្តជា​ឯកច្ឆ័ន្ទ និង​គោរព​អធិបតេយ្យ​គ្នា​ទៅវិញទៅមក​។​សមាជិក​ទាំងអស់​រួប​រួមគ្នា​ក្នុងនាម​ជា​អាស៊ាន ប៉ុន្តែ​មិន​លូកលាន់​រឿង​ផ្ទៃក្នុង​របស់​គ្នា​ឡើយ​៕


Tag:
 អាស៊ាន​
  Seri Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com