ជាតិ
​​​ន​យោ​បាយ​ជាតិ​
រាជបណ្ឌិត្យសភា នឹង​ចងក្រង​សៀវភៅ​អំពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ​ ដើម្បីទុកជាប្រវត្តិសាស្រ្ត
18, Aug 2017 , 12:20 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រាជបណ្ឌិត្យ​កម្ពុជា នឹង​ចងក្រង​សៀវភៅ និយាយ​អំពី​តំបន់​ព្រំដែន​កម្ពុជា​-​ឡាវ ដើម្បី​ទុកជា​ឯកសារ​ប្រវត្តិសាស្ត្រ បង្ហាញ​ពី​ជោគជ័យ​កម្ពុជា ដែល​បាន​ប្រើ​នយោបាយ​ការទូត ដេញ​ឡាវ​ឲ្យ​ចេញពី​ទឹកដី​នៅ​តំបន់​អូ​អាឡៃ ។​


 
​ប្រធាន​រាជបណ្ឌិត្យសភា លោក សុខ ទូច បាន​និយាយថា សៀវភៅ​ទំនាស់​ព្រំដែន​កម្ពុជា​-​ឡាវ នេះ មាន​ចំនួន​ជាង​១០០​ទំព័រ ហើយ​ត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​នៅ​រយៈពេល​២​ខែ​ខាងមុខនេះ​។ បើតាម​លោក សុខ ទូច សៀវភៅ​ព្រំដែន​កម្ពុជា​-​ឡាវ នេះ គឺ​នឹង​រៀបរាប់​អំពី​សកម្មភាព​ឈ្លានពាន​របស់​កងកម្លាំង​ប្រដាប់អាវុធ​ឡាវ ក្នុង​តំបន់​អូ​អាឡៃ​ប្រទេស​កម្ពុជា ។ ជាពិសេស​សកម្មភាព​ក​ម្ពុ​ជា ដែល​បាន​បណ្ដេញ​ទាហាន​ឡាវ ឲ្យ​ចេញពី​ទឹកដី​ដោយ​សន្តិវិធី ដើម្បី​ទុកជា​ប្រវត្តិសាស្ត្រ​នៃ​នយោបាយ​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា​។ 
 
​លោក សុខ ទូច បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​ធ្វើ​ដើម្បី​ប្រវត្តិសាស្ត្រ ព្រោះ​តួនាទី​របស់​រាជបណ្ឌិត្យ​សភា ដែល​បានប្រកាសថា រាជបណ្ឌិត្យសភា ដើរតួនាទី​ជា​អ្នកស្រាវជ្រាវ​ផ្ដល់​អនុ​សាស្ត្រ និង​យុទ្ធសាស្ត្រ​ដល់​ភាគី​ពាក់ព័ន្ធ​។ ដូច្នេះ​យើង​បាន​គោរព និង​ដើរតួនាទី​នេះ​»​។​
 
​លោក សុខ ទូច ដែល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សិក្សា​ស្រាវជ្រាវ​នៅ​តំបន់​ទំនាស់​កម្ពុជា​-​ឡាវ នោះ ចាត់ទុក​ការបណ្ដេញ​ឡាវ​ចេញពី​ទឹកដី​កម្ពុជា​នេះ គឺជា​ជ័យជម្នះ​ពិតប្រាកដ ដោយ​មិនមែនជា​រឿង​សប្ប​និម្មិត ដែល​រដ្ឋាភិបាល​បង្កើត​ឡើង ដើម្បី​កេងចំណេញ​នយោបាយ​អ្វី​នោះឡើយ​។ មូល​ហេតុដែល​ប្រធាន​រាជបណ្ឌិត្យសភា ហ៊ាន​អះអាង​បែបនេះ ព្រោះ​លោក​មាន​ទឡ្ហីករណ៍​មួយចំនួន ដែល​បង្ហាញ​ពី​សកម្មភាព​ឡាវ​ឈ្លានពាន​ទឹកដី​កម្ពុជា រួមមាន ឡាវ​បាន​ជីក​លេណដ្ឋាន​ត្រៀមប្រយុទ្ធ​ជាមួយ​កម្ពុជា​, សង់ផ្ទះ ចិញ្ចឹមសត្វ (​ស្បៀង​) និង​កាត់ផ្ដាច់​ប្រភពទឹក មិន​ឲ្យ​កម្ពុជា​ប្រើប្រាស់​ជាដើម​។​
 
​ឆ្លើយតប​នឹង​សំនួរ​របស់​អ្នកសារព័ត៌មាន​ជុំវិញ​នយោបាយ​ការទូត​រដ្ឋាភិបាល​នេះ លោក សុខ ទូច បាន​និយាយថា ត្បិត​នយោបាយ​រដ្ឋាភិបាល​ទន់ភ្លន់​ជាមួយ​ឡាវ តែ​មិនមែន​មានន័យថា កម្ពុជា​កំសាក គោរព​ឡាវ​ឡើយ ពោលគឺ​វា​ជា​នយោបាយ​ទន់ភ្លន់ តែ​ម៉ឹងម៉ាត់​ក្នុងការ​ការពារ​ដែន​អធិបតេយ្យភាព​ខ្លួន ដែល​អាច​យកឈ្នះ​លើ​ភាគី​ឡាវ​ដោយ​សន្តិវិធី​។​
 
​គួរ​បញ្ជាក់ថា ភាគី​ឡាវ បាន​បញ្ជូន​កម្លាំង​ទ័ព​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា អស់​រយៈពេល​៤​ខែ នៅ​តំបន់​អូ​តា​ង៉ាវ និង​តំបន់​អូ​អាឡៃ ក្រោម​ហេតុផល​សុំចូល​ត្រួតពិនិត្យ​លើ​ខ្សែបន្ទាត់​ព្រំដែន ស្រប​ពេលដែល​កម្ពុជា​កំពុង​សាងសង​ផ្លូវ​នៅក្នុង​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​តំបន់​អា​ត្ត​ពឺ ប្រទេស​ឡាវ​។ ដោយសារតែ​មិនអាច​ទ្រាំ​និង​ទង្វើ​ឈ្លានពាន​របស់​ឡាវ​នេះ រដ្ឋាភិបាល​កម្ពុជា បានដាក់​ឱសានវាទ​៦​ថ្ងៃ ឲ្យ​ភាគី​ឡាវ​ដក​កងទ័ព​ចេញពី​ប្រទេស​កម្ពុជា មុននឹង​អាច​កើតមាន​ការប៉ះទង្គិច​គ្នា​ជាយ​ថ​ហេតុ​។ លើសពីនេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ទៅ​ជួបចរចា​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង់​លន់ ស៊ី​សូលី​ត ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី​ផងដែរ​។ តាមរយៈ​ការចរចា​រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ ភាគី​ឡាវ​ក៏បាន​សម្រេច​ដក​កងទ័ព​ឡាវ​ចេញពី​តំបន់​អូ​តា​ង៉ាវ និង​អូ​អាឡៃ នៃ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៣ សីហា ដើម្បី​បញ្ចៀស​ការប្រឈមមុខ​ដោយ​កងកម្លាំង​ជាមួយគ្នា ៕
 
 
 
 
 
 
 

Tag:
 សុខ ទូច​
 ​ព្រំដែន​
 ​កម្ពុជា​
 ​ឡាវ​
© រក្សាសិទ្ធិដោយ thmeythmey.com