អន្តរជាតិ
វៀតណាម ថៃ​ចុះ​កិច្ចព្រមព្រៀង​ដប់​រួមគ្នា​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​
18, Aug 2017 , 4:46 pm        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង សួនហ្វ៊ុក
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ង្វៀង សួនហ្វ៊ុក
​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​វៀតណាម​ដែលចាប់​ផ្តើម​នៅថ្ងៃព្រហស្បតិ៍ទី ១៧ ខែសីហា ថៃ និង​វៀតណាម​បានសម្រេច​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ចំនួន​ដប់​ដែល​ផ្តោតលើ​កិច្ច​សហប្រតិបត្តិ​ត​ការ​ពាណិជ្ជកម្ម វិនិយោគ បច្ចេកវិទ្យា និង​វិទ្យាសាស្ត្រ​។ ក្រៅពី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី មេដឹកនាំ​ថៃ និង​វៀតណាម​ក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​និង​ស្ថិរភាព​តំបន់​ផងដែរ​។​



​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀង សួន​ហ្វ៊ុ​ក (Nguyen Xuan Phuc) ចាប់ផ្តើម​ដំណើរ ទស្សនកិច្ច​ផ្លូវការ​រយៈពេល​បី​ថ្ងៃ​ទៅកាន់​ប្រទេស​ថៃ​ថ្ងៃ​ព្រហស្បតិ៍​ទី ១៧ ខែសីហា​។ ដំណើរ​ទស្សនកិច្ច​នេះ​ធ្វើឡើង​តាម​ការអញ្ជើញ​របស់​នា​យក​រដ្ឋមន្ត្រី​ថៃ​ប្រា​យុទ្ធ ចាន់​អូ​ចា ដើម្បី​រឹតបន្តឹង​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។

​យោងតាម​សារព័ត៌មាន​ថៃ The Nation នាយករដ្ឋមន្ត្រី ង្វៀង​សួន​ហ្វ៊ុ​ក  និង នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ធ្វើជា​អធិបតី​ក្នុងការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ដប់ ដែល​គ្របដណ្តប់​លើ​វិស័យ សេដ្ឋកិច្ច​ពាណិជ្ជកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ជាដើម​ផង​។ អ្វីដែល​សំខាន់​ភាគី​ទាំងពីរ​បានសម្រេច​បង្កើត​ខេត្ត​បងប្អូន​ស្រី​រវាង ខេត្ត​ត្រាត និង​ខេត្ត Ca Mau​។

​ក្រៅពី​ការចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​ទាំងពីរ ក្រុមហ៊ុន​វៀតណាម និង​ថៃ ក៏​បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​ដែរ ហើយ​ក្នុងចំណោម​ក្រុមហ៊ុន​ទាំងនោះ​មាន​ក្រុមហ៊ុន​ស៊ីម៉ង់ត៍ ក្រុមហ៊ុន ហ្កា​ស​និង​ប្រេង​ថែម​ទៀតផង​។​

​បន្ទាប់ពី​ធ្វើជា​អធិបតី​ក្នុងការ​ចុះហត្ថលេខា​កិច្ចព្រមព្រៀងទ្វេភាគី លោក ប្រា​យុទ្ធ និង​លោក​សួន​ហ្វ៊ុ​ក បាន​ជជែក​ពិភាក្សាគ្នា​ផងដែរ​ពាក់ព័ន្ធ​គ្រប់គ្រង​ទន្លេមេគង្គ​។ មេដឹកនាំ​ទាំងពីរ​យល់ស្រប​ថា វា​ចំាបាច់​ត្រូវមាន​ការគ្រប់គ្រង​ទន្លេមេគង្គ​ប្រកបដោយ​ប្រសិទ្ធភាព​ដើម្បី​ធានា​ការប្រើប្រាស់​ដោយ​និរន្តរភាព និង​អាច​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច និង​ការពារ​បរិស្ថាន​ផងដែរ​។

​ពាក់ព័ន្ធ​បញ្ហា​សន្តិសុខ​វិញ​នោះ មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​ពី​ស្ថានភាព​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ព្រោះ​វៀតណាម​ជា​ភាគី​ជម្លោះ​មួយ​ផង​។ លោក​ទាំងពី​ទទួលស្គាល់ថា ការ​រក្សា​សន្តិសុខ ស្ថិរភាព និង​សន្តិភាព ជាពិសេស​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍ និង​ហោះហើរ​នៅក្នុង​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជា​រឿង​មិនអាច​ខ្វះ​បានឡើយ​។​

​លោក ប្រា​យុទ្ធ និង​លោក សួន​ហ្វ៊ុ​ក បានបង្ហាញ​ជំហរ​គាំទ្រ​និង​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​បន្ត​អនុវត្ត​សេចក្តីថ្លែងការណ៍​ស្តីពី​គូភាគី​សមុទ្រ​ចិន​ខាងត្បូង​ដែល​ត្រូវបាន​បាន​បង្កើតឡើង​ឆ្នាំ ២០០២ ឲ្យ​បាន​ពេញលេញ​និង​មាន​ប្រសិទ្ធភាព និង​គោរព​ច្បាប់​អន្តរជាតិ​ជា​ពិ​សេ​ច្បាប់​សមុទ្រ​ឆ្នាំ ១៩៨២​។


Tag:
 ង្វៀង សួន​ហ្វ៊ុ​ក​
  ប្រា​យុទ្ធ ចាន់​អូ​ចា​
  វៀតណាម
  ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com