អន្តរជាតិ
ប៉ូលិសអាហ្វ្រិកខាងត្បូងតាមរកភរិយាលោក មូហ្កាបេ ដែលកំពុងគេចខ្លួនជុំវិញករណីបង្កហិង្សា ប្រធានាធិបតី Robert Mugabe អង្គុយក្បែរភរិយា Grace Mugabe (រូបភាព៖ Xinhua)
× ប៉ូលិសអាហ្វ្រិកខាងត្បូងបានរឹតបន្តឹងសន្តិសុខតាមព្រំដែនដោយបានប្រកាសអាសន្នកម្រិតខ្ពស់ សំដៅរារាំង លោកស្រី Grace Mugabe ភរិយាប្រធានាធិបតីស៊ីមបាវ៉េ Robert Mugabe ពីការចាកចេញពីប្រទេស បន្ទាប់ពីរងការចោទប្រកាន់ថាបានបង្កហិង្សាក្នុងសណ្ឋាគារ។ លោកស្រី Grace Mugabe បានរត់គេច និងមិនបានបង្ហាញខ្លួនចំពោះមុខតុលាការឡើយកាលពីដើមសប្ដាហ៍នេះ។ ប៉ូលិសជឿថា ស្ត្រីទីមួយស៊ីមបាវ៉េស្ថិតនៅក្នុងទឹកដីអាហ្វ្រិកខាងត្បូងនៅឡើយ។
ភរិយាមេដឹកនាំវ័យជរាស៊ីមបាវ៉េ លោកស្រី Grace Mugabe បានបន្តលាក់ខ្លួនលើទឹកដីអាហ្វ្រិកខាងត្បូង ក្រោយជាប់ចោទថាបានវាយលើតារាម៉ូដែលម្នាក់ឈ្មោះ Gabriella Engels ក្នុងសណ្ឋាគារកាលពីចុងសប្ដាហ៍មុន។ ប៉ូលិសអាហ្វ្រិកខាងត្បូង បានបន្តស្វែងរកលោកស្រី Grace ដើម្បីដោះស្រាយបណ្ដឹងនេះ និងបានរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន ដោយខ្លាចលោកស្រីរត់ទៅស៊ីមបាវ៉េដើម្បីគេចពីការកាត់ទោស។
យោងតាមសារព័ត៌មាន Al Jazeera រដ្ឋមន្ត្រីប៉ូលិសអាហ្វ្រិកខាងត្បូង Fikile Mbalula និយាយថា ភរិយាលោក Mugabe កំពុងស្ថិតនៅកន្លែងណាមួយក្នុងទឹកដីអាហ្វ្រិកខាងត្បូង តែប៉ូលិសបានតាមដាននៅច្រកព្រំដែនទាំងអស់។ លោក Fikile Mbalula បញ្ជាក់ដែរថា មកទល់ថ្ងៃទី១៨ ខែសីហា លោកស្រី Grace Mugabe មិនទាន់ប៉ុនប៉ងរត់ទៅណាឡើយ។ ប៉ុន្តែលោកស្រីបានស្នើសុំអភ័យឯកសិទ្ធិការទូតដើម្បីការពារខ្លួន ខណៈដែលតុលាការក៏មិនទាន់ចោទប្រកាន់លោកស្រីដែរ។
តារាម៉ូដែលម្នាក់ឈ្មោះ Gabriella Engels ដែលជាជនរងគ្រោះបានចោទស្ត្រីទីមួយស៊ីមបាវ៉េថាបានសម្រុកចូលបន្ទប់សណ្ឋាគារ និងបានយកខ្សែកាបវាយនាង ខណៈនាងកំពុងរង់ចាំជួបកូនប្រុសលោក Mugabe ។ លោក Gerrie Nel ជាអ្នកជួយការពារក្ដីឲ្យតារាម៉ូដែល Engels និយាយថា មានការផ្ដល់សំណងលុយកាក់ទៅឲ្យជនរងគ្រោះដើម្បីបញ្ចប់បញ្ហា ប៉ុន្តែត្រូវបានបដិសេធ។ ម្ដាយរបស់ Engels និយាយថា គ្រួសារនាងត្រូវការយុត្តិធម៌ មិនមែនលុយឡើយ។
ដោយឡែក ប្រធានាធិបតី Mugabe ក៏មានក្នុងទីក្រុងប្រេតូរីយ៉ាដែរ ដោយលោកត្រូវចូលរួមកិច្ចប្រជុំតំបន់មួយ។ វត្តមានលឿនជាងការគ្រោងទុករបស់លោក Mugabe ទំនងជាមានគោលដៅដោះស្រាយបញ្ហារបស់ភរិយា ដែលបញ្ហានេះអាចធ្វើឲ្យប៉ះពាល់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក៏ថាបាន។ យ៉ាងណាក្ដី ប៉ូលិសបានបញ្ចប់ការស៊ើបអង្កេតរបស់ខ្លួន និងរង់ចាំតែការសម្រេចពាក់ព័ន្ធអភ័យឯកសិទ្ធិលោកស្រី Grace ប៉ុណ្ណោះ។
លោកស្រី Grace បានធ្វើដំណើរទៅកាន់អាហ្វ្រិកខាងត្បូងដើម្បីព្យាបាលរបួសជើង ដែលជាទស្សនកិច្ចឯកជន ហើយវាមិនអាចក្លាយជាហេតុផលសម្រាប់ការផ្ដល់អភ័យឯកសិទ្ធិបានឡើយ។ យ៉ាងណាក្ដី ជាមួយនឹងជម្លោះការទូតដែលអាចកើតមាន រដ្ឋអាជ្ញាអាហ្វ្រិកខាងត្បូងទំនងជាមិនបន្តដំណើរការរបស់ខ្លួនទេ បើរកឃើញថារបួសរបស់នាង Engels មិនធ្ងន់ធ្ងរនោះ៕
Tag:
អាហ្វ្រិកខាងត្បូង
ស៊ីមបាវ៉េ
Grace Mugabe
Robert Mugabe
© រក្សាសិទ្ធិដោយ thmeythmey.com