ជាតិ
បក្សនយោបាយងាយបាត់ជំហរ បើពឹងលើប្រធានតែម្នាក់
× ភ្នំពេញ៖ បច្ចុប្បន្ននេះ មានគណបក្សនយោបាយមួយចំនួន ហាក់កំពុងបាត់បង់ជំហរ ក្រោយអវត្តមានមេដឹកនាំកំពូលរបស់ខ្លួន។ គណបក្សដែលបាត់បង់ប្រធាន ឬប្រធានលែងសូវសកម្មនៅទីសាធារណៈមានដូចជា គណបក្សខ្មែររួបរួមជាតិ និងគណបក្សអំណាចខ្មែរ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យជាដើម។
ចាប់តាំងពីការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ រួចមក រឿងគួរឲ្យកត់សម្គាល់មួយ បានកើតឡើង គឺគណបក្សតូចៗមួយចំនួន បានជួបភាពអកុសលជាបន្តបន្ទាប់។ គ្រាន់តែប្រធានមានបញ្ហាភ្លាម ចលនានយោបាយរបស់គណបក្សទាំងនោះ ក៏ចាប់ផ្តើមរង្គោះរង្គើ ហើយហាក់បានបាត់លំនឹងតែម្តង។
គណបក្សខ្មែររួបរួមជាតិដែលបង្កើត និងដឹកនាំដោយលោក ញឹក ប៊ុនឆៃ អតីតមេទ័ពនិងជាអតីតមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលមួយរូប បានបាត់បង់កម្លាំងសាមគ្គីស្ទើរអស់ទៅហើយ ហើយរចនាសម្ព័ន្ធដឹកនាំក៏មិនច្បាស់លាស់ដែរ។ គ្រាន់តែអវត្តមានរបស់លោក ញឹក ប៊ុនឆៃ ភ្លាម មន្ត្រីមួយចំនួនហាក់អស់សង្ឃឹម ហើយក៏សម្រេចចិត្តដើរចេញពីគណបក្សខ្មែររួបរួមជាតិ ទៅរកជម្រកចាស់ខ្លួនវិញ គឺគណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ។ មន្ត្រីខ្លះទៀត ក៏បានទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ រហូតមកដល់ពេលនេះ រចនាសម្ព័ន្ធថ្មីដើម្បីដឹកនាំគណបក្សខ្មែររួបរួមជាតិជាបណ្តោះអាសន្ន ក្នុងគ្រាដែលគ្មានលោក ញឹក ប៊ុនឆៃ នៅមិនទាន់កើតឡើងនោះទេ។
រីឯគណបក្សអំណាចខ្មែរ ដែលបានលេចរូបរាងឡើងក្រោមការផ្តួចផ្តើមរបស់លោក សួន សេរីរដ្ឋា ក៏កំពុងតែជួបវិបត្តិដ៏ធ្ងន់ធ្ងរដែរ។ លោក សួន សេរីរដ្ឋា ត្រូវបានចាប់ខ្លួន និងយកទៅឃុំបណ្តោះអាសន្ន ដើម្បីរង់ចាំការកាត់ទោសនាពេលខាងមុខ ដោយតុលាការចាត់ទុកសំណេរ ដែលលោកសរសេរលើបណ្តាញសង្គមហ្វេសប៊ុក ថាធ្វើឲ្យកងទ័ព មិនស្តាប់បទបញ្ជា ដែលអាចបណ្តាលឲ្យបាត់បង់សន្តិសុខជាតិ។
ក្រោយតុលាការ បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ន លោក សួន សេរីរដ្ឋា បានផ្ទេរតំណែងជាប្រធានស្តីទ ឲ្យទៅលោក សួង សោភ័ណ្ឌ ដើម្បីដឹកនាំគណបក្សអំណាចខ្មែរ ជាបណ្តោះអាសន្ន។ ថ្វីដ្បិតគណបក្សនេះ មានលោក សួង សោភ័ណ្ឌ ដឹកនាំជំនួសក៏ដោយចុះ ប៉ុន្តែភាពរឹងមាំនៅក្នុងផ្ទៃក្នុង និងចលនានយោបាយ ទំនងជាមិនស្ថិតក្នុងប្រក្រតីភាពដូចមុនឡើយ។ មូលហេតុនោះគឺថា ពីដើមមក មានតែលោក សួន សេរីរដ្ឋា ប៉ុណ្ណោះ ដែលមានឥទ្ធិពល ក្នុងគណបក្សអំណាចខ្មែរ។ ហើយ គណបក្សអំណាចខ្មែរ ក៏មានតែលោក សួន សេរីរដ្ឋា ដែរ ដែលមានវោហារសាស្ត្រលេចធ្លោជាងគេ ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ កន្លងមក។
ទាំងគណបក្សខ្មែររួបរួមជាតិ និងគណបក្សអំណាចខ្មែរ ប្រហែលជាត្រូវបំភ្លេចកិច្ចការនយោបាយនានាចោលស្ទើរទាំងស្រុង ដើម្បីគិតតែពីរកដំណោះស្រាយសម្រាប់ប្រធានរបស់ខ្លួន ដែលកំពុងស្ថិតនៅក្រោមចំណាត់ការរបស់តុលាការ។ វេទិកាសាធារណៈនិងការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋាន ក៏លែងកើតមានដែរ នៅពេលជីវិតនយោបាយរបស់ប្រធានគណបក្សទាំងពីរ ស្ថិតក្នុងកណ្តាប់ដៃតុលាការបែបនេះ។
បញ្ហាធ្ងន់ធ្ងរមួយទៀត ដែលគណបក្សទាំងពីរ រឹតតែព្រួយបារម្ភនោះ គឺការប្រឈមជាមួយតុលាការតែម្តង។ បើផ្អែកលើច្បាប់ស្តីពីគណបក្សនយោបាយ ដែលទើបនឹងត្រូវបានកែប្រែ តុលាការអាចនឹងរំលាយ គណបក្សទាំងពីរនេះចោល ប្រសិនបើនៅមានទំនាក់ទំនងជាមួយបុគ្គលណាមួយ ដែលមានឈ្មោះជាអ្នកទោស ដើម្បីបានប្រយោជន៍ផ្នែកនយោបាយ។ លើសពីនេះទៀត ប្រសិនបើក្លាយជាអ្នកទោសហើយ លោក ញឹក ប៊ុនឆៃ ត្រូវតែប្រកាសលាលែងពីប្រធានគណបក្សខ្មែររួបរួមជាតិ ហើយលោក សួន សេរីរដ្ឋា ត្រូវតែប្រកាសលាលែងពីប្រធានគណបក្សអំណាចខ្មែរ។ ច្បាប់ស្តីពីគណបក្សនយោបាយ មិនអនុញ្ញាតឲ្យអ្នកទោស ធ្វើជាប្រធានគណបក្ស ឬក៏ធ្វើជាសមាជិកគណៈកម្មាធិការនាយកក្នុងគណបក្សណាមួយ នោះទេ។
ចំណែក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលពីមុនមានលោក ម៉ម សូណង់ដូ ជាម្ចាស់ ក៏មិនសូវសកម្មដូចមុនដែរ។ តាមពិតទៅ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ មិនបានជួបឧបសគ្គអ្វីធំដុំ នោះទេ។ ប៉ុន្តែការចុះទៅជួបប្រជាពលរដ្ឋតាមមូលដ្ឋាន សឹងតែមិនមានតទៅទៀត ក្រោយលោក ម៉ម សូណង់ដូ ប្រកាសលាលែងពីតំណែងប្រធានគណបក្សសំបុកសង្គមប្រជាធិបតេយ្យ។ លោក ម៉ម សូណង់ដូ ប្រកាសលាលែងពីប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ព្រោះមិនបានទទួលលទ្ធផលល្អ ពីការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់។
ក្រៅពីលោក ម៉ម សូណង់ដូ ប្រជាពលរដ្ឋភាគច្រើន ដូចជាពុំបានស្គាល់និងចាប់អារម្មណ៍លើអ្នកនយោបាយណាផ្សេង នៅក្នុងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើយ។ នេះ ហើយជាមូលហេតុ ដែលធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ កាន់តែបាត់បង់ម្តងបន្តិចៗ។
ចំពោះគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលដឹកនាំដោយលោក ខឹម វាសនា ហាក់ស្ងប់ស្ងាត់ជាងមុន។ ក្រោយការបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ លោក ខឹម វាសនា បានរងបណ្តឹងពីប្រជាពលរដ្ឋម្នាក់។ ប្រជាពលរដ្ឋរូបនោះ បានប្តឹងលោក ខឹម វាសនា ពីបទប្រមាថពូជសាសន៍ខ្មែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ តុលាការ មិនទាន់កោះហៅលោក ខឹម វាសនា ទៅសាកសួរក្នុងសំណុំរឿងនេះ នៅឡើយទេ។ កន្លងមក មន្ត្រីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានចេញមកបកស្រាយថា លោក ខឹម វាសនា មិនបានប្រមាថព្រះមហាក្សត្រ និងប្រមាថប្រជាពលរដ្ឋខ្មែរ នោះទេ។
ក្រោយរងបណ្តឹងនិងការរិះគន់ខាងលើ លោក ខឹម វាសនា បានដកខ្លួនចេញពីឆាកនយោបាយមួយរយៈ។ យ៉ាងណាក៏ដោយចុះ បណ្តឹងនិងការរិះគន់ អាចមិនមែនជាហេតុផលដែលលោក ខឹម វាសនា ត្រូវផ្អាកសកម្មភាពនយោបាយក៏ថាបាន។ ថ្មីៗនេះ លោក ខឹម វាសនា បានចេញមកផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុក ដើម្បីប្រាប់មូលហេតុដែល លោក ឈប់សម្រាកពីកិច្ចការនយោបាយ។
លោក ខឹម វាសនា ប្រាប់ថា លោក មិនបានទៅឆ្ងាយពីអ្នកគាំទ្រ ដែលលោក ចូលចិតហៅថា «ក្មួយ ឬ កូន» នោះទេ។ ប៉ុន្តែ ការដែលលោក ស្ងប់ស្ងាត់ពីឆាកនយោបាយនាពេលនេះ គឺដោយសារតែលោក ជាប់រវល់សរសេរសៀវភៅ សម្រាប់ទុកជាប្រយោជន៍ដល់កូនខ្មែរជំនាន់ក្រោយ។ សៀវភៅដែលលោក ខឹម វាសនា កំពុងសរសេរជាភាសាខ្មែរនិងភាសាអង់គ្លេងនោះ គឺមានចំណងជើងថា «ជីវិត ជាអ្នកផ្តល់ឲ្យ»។
តាំងពីអវត្តមានរបស់លោក ខឹម វាសនា មក ការផ្សព្វផ្សាយពីគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅលើបណ្តាញសង្គមហ្វេសប៊ុក មិនសូវជាផុសផុល ដូចមុនឡើយ។ ហើយការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់គណបក្សនេះ ក៏ចាប់ផ្តើមធ្លាក់ចុះដែរ។
គណបក្សនយោបាយខាងលើ មានវាសនាប្រហាក់ប្រហែលគ្នា ក្រោយប្រធានមិននៅ។ ថ្វីដ្បិតជីវិតនយោបាយរបស់គណបក្សខាងលើ នៅតែអាចបន្ត ដោយគ្មានប្រធានក៏ពិតមែន ប៉ុន្តែសកម្មភាពនានា និងភាពលេចធ្លោ មិនស្ថិតក្នុងសភាពដើមឡើយ។
ការលេចធ្លោរបស់ប្រធានតែម្នាក់ អាចក្លាយជាវិបត្តិរបស់គណបក្សតូចៗ ទៅថ្ងៃមុខ។ ជាក់ស្តែង គណបក្សទាំងប៉ុន្មានខាងលើ ហាក់គ្មានលំនឹង ក្រោយអវត្តមានរបស់ប្រធានខ្លួន។ ចំណុចអវិជ្ជមានត្រង់ចំណុចនេះ គួរតែក្លាយជាមេរៀន និងជាគំរូ សម្រាប់គណបក្សនយោបាយជាទូទៅ។ ជីវិតនយោបាយនៃគណបក្សមួយ ពុំគួរពឹងផ្អែកលើប្រធានតែម្នាក់នោះទេ។
ក្រៅពីការតាក់តែងគោលនយោបាយ និងលក្ខន្តិកៈ ការបង្កើនធនធានមនុស្សនិងអ្នកដឹកនាំ ក៏ជាចំណុចសំខាន់ ដែលគណបក្ស ពុំគួរព្រងើយកន្តើយដែរ ដើម្បីធ្វើជាជំហរ នៅពេលអវត្តមានប្រធាន ឬមេដឹកនាំកំពូល៕
Tag:
បក្សតូចៗ
ប្រធាន
បញ្ហា
© រក្សាសិទ្ធិដោយ thmeythmey.com