ជាតិ
៧​ខែ​ដើមឆ្នាំ​២០១៧ ក្រសួងកសិកម្ម​ប្រមូល​ថវិកា​បាន​ពី​វិស័យ​ជលផល​ជាង​៣០​ម៉ឺន​ដុល្លារ​
18, Aug 2017 , 10:19 pm        
រូបភាព
​ភ្នំពេញ​៖ ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រមូល​ថវិកា​លើ​វិស័យ​ជលផល បាន​ជាង​៣០​ម៉ឺន​ដុល្លារ ។​



​ក្រសួងកសិកម្ម បាន​ឲ្យ​ដឹងថា ក្រសួង​បាន​រក​ចំណូល​ពី​វិស័យ​ជលផល​ក្នុង​ខែកក្កដា ឆ្នាំ​២០១៧ ចំនួន ៨៩ ៧៦៥ ១០០​រៀល (​ជាង​២​ម៉ឺន​ដុល្លារ​) ។ តាមរយៈ​ការរកចំណូល​ពី​វិស័យ​ជលផល នៃ​ថវិកា​សរុប​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៧​នេះ ក្រសួងកសិកម្ម បាន​ប្រមូល​ថវិកា ១ ២៣៦ ៦៣១ ៥៨៣ រៀល (៣០​ម៉ឺន​ដុល្លារ​) ដែល​កើនឡើង ៧៩ ១៧៣ ៧៤៣ រៀល (​ជិត​២​ម៉ឺន​ដុល្លារ​) បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ បើតាម​ក្រសួងកសិកម្ម ទឹកប្រាក់​ដែល​ប្រមូល​ពី​វិស័យ​ជលផល​រយៈពេល​៧​ខែ​នេះ ស្មើនឹង​៤១,២១ ភាគរយ នៃ​ផែនការ​ក្រសួង​ដែល​កំណត់​ទឹកប្រាក់ ៣ ០០០ ០០០ ០០០​រៀល (​ជាង​៧០​ម៉ឺន​ដុល្លារ​)

​បើតាម​របាយការណ៍​ក្រសួងកសិកម្ម ការនាំចេញ​ផល​នេសាទ​ស្រស់ រយៈពេល​៧​ខែ ៦០០០​តោន ដែល​ស្មើ​៤០​ភាគរយ នៃ​ផែនការ​១៥០០០​តោន ។ ផល​នេសាទ​ស្រស់​នេះ កើនឡើង​១០០​តោន បើ​ធៀប​នឹង​ពេលវេលា​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។ ចំណែក​ផល​នេសាទ​កែច្នៃ ក្នុង​រយៈពេល​៧​ខែ ៣៣០០​តោន ស្មើនឹង​៦៦​ភាគរយ នៃ​ផែនការ​៥០០០​តោន ហើយ​បើ​ប្រៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦ កើនឡើង​១០០​តោន​។​

​ក្រៅពីនេះ​ក្រសួងកសិកម្ម បាន​ចុះបង្ក្រាប​បទល្មើស​ជលផល ក្នុង​ខែកក្កដា​ឆ្នាំ​២០១៧ បាន​ចំនួន​៣១១​ករណី ក្នុងនោះ​បទល្មើស​ទឹកសាប ២៧០​ករណី និង​សមុទ្រ​ចំនួន​៤១​ករណី​។ ការចុះ​បំផ្លាញ​វត្ថុ​បទល្មើស​ជលផល​រួមមាន​៖ របាំង​ស្បៃ​មុង និង​សាច់​អួន​ប្រវែង ១៨៦០៤​ម៉ែត្រ លូ​ស្បៃ​មុង និង​សាច់​អួន ១៤៥២​មាត់ បង្គោល​ចម្រឹង​ចំនួន​៣៦ ០២៦​ដើម ឧបករណ៍​ឆក់​ត្រី​ចំនួន​២៦​គ្រឿង របាំង​ព្រូ​ល​ប្រវែង​២៥៥​ម៉ែត្រ និង​ពិន័យ​អន្តរការណ៍​ចំនួន ៥១​ករណី ស្មើនឹង​ទឹកប្រាក់​ចំនួន​១៨៣ ៥០០ ០០០​រៀល​។ បន្ថែម​ពីនេះ​ក៏​មានការ​ព្រលែង​ត្រី​ចូល​បឹង​ធម្មជាតិ ចំនួន​៣០៦១​គីឡូក្រាម​ផងដែរ​។ នេះ​បើតាម​របាយការណ៍​ក្រសួងកសិកម្ម​៕


Tag:
 កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com