អន្តរជាតិ
ប៉ូលិស​បាញ់សម្លាប់​ឧក្រិដ្ឋជន​គ្រឿងញៀន ២៥ នាក់​ទៀត​នៅ​ម៉ានីល ក្រោយ ឌូ​ទើ​តេ បញ្ជា​ឲ្យ​សម្លាប់​បន្ថែម​
18, Aug 2017 , 10:59 pm        
រូបភាព
រូបភាព៖Public Radio International
រូបភាព៖Public Radio International
ដោយ:
​ក្រោយ​បាញ់សម្លាប់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន ៣២​នាក់  ប៉ូលិស​ហ្វីលីពីន​បាន​បាញ់​ជនសង្ស័យ ២៥ នាក់​ផ្សេងទៀត​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្រុង​ម៉ានីល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៧ ខែសីហា​។ អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ហ្វីលីពីន​បាន​អះអាងថា ការសម្លាប់​ឧក្រិដ្ឋជន​ទាំងនេះ​ជាការ​ការពារ​ខ្លួន​តែប៉ុណ្ណោះ​។​



​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន ២៥ នាក់​ទៀតហើយ​ត្រូវបាន​ប៉ូលិស​បាញ់សម្លាប់​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​ក្រុង​ម៉ានីល​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៧​ខែសីហា ក្រោយពេល​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ អនុញ្ញាតិ​ឲ្យ​សម្លាប់​បន្ថែមទៀត​។​

​ការបាញ់សម្លាប់​ជនសង្ស័យ​គ្រឿងញៀន​ច្រើន​នាក់​ជាថ្មី​នេះ​កើតឡើង​បន្ទាប់ ប៉ូលិស​ហ្វីលីពីន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​បង្ក្រាប​គ្រឿងញៀន​នៅ​ខេត្ត Bulacan ដោយ​ជនសង្ស័យ​អស់ ៣២ នាក់​ផងដែរ​។

​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​ម៉ានីល​លោក Erwin Margarejo បាន​និយាយ​ដូច្នេះ​ថា​៖«​វា​ជា​ប្រតិបត្តិការ​ស្របពេល​គ្នា​របស់​ប៉ូលិស ហើយ​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង​២៥​នាក់​នេះ ត្រូវ​សម្លាប់​នៅក្នុង​ប្រតិបត្តិការ​ផ្សេងៗ​គ្នា​នៅ​ទីកន្លែង​១៨​ផ្សេងគ្នា​ទូទាំង​រដ្ឋធានី​ម៉ានីល​»​។​

​ចំណែកឯ​អ្នកនាំពាក្យ​ប៉ូលិស​ជាតិ​ហ្វីលីពីន​លោក Dionardo Carlos បាន​អះអាងថា ការសម្លាប់​ឧក្រិដ្ឋជន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ទាំង​នៅ​ខេត្ត Bulacan និង​ក្រុង ម៉ានីល នោះ គ្រាន់តែ​ជាការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។ អ្នកនាំពាក្យ​រូបនេះ​បាន​ចោទសួរ​ទៅវិញ​ថា​៖« តើ​គេ​អាច​បន្ទោស​ប៉ូលិស​បានទេ ប្រសិនជា​អ្នក​ចាប់ផ្ដើម​ការបាញ់ប្រហារ​មុន​ជា​ពួកឧក្រិដ្ឋជន​?»​។

​ដោយឡែក កាលពី​ថ្ងៃ​ពុធ​ទី ១៦ ខែសីហា លោក​ឌូ​ទើ​តេ បាន​សរសើរ​ប៉ូលិស​ដែល​សម្លាប់​ឧក្រិដ្ឋជន​៣២ នាក់​ក្នុង​ខេត្ត​Bulacan ។ លោក​ថែមទាំង​បាន​និយាយទៀតថា បើសិន​ប៉ូលិស​អាច​សម្លាប់​ឧក្រិដ្ឋជន​បាន ៣២ នាក់​ជា​រៀងរាល់ថ្ងៃ នោះ​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​ហ្វីលីពីន​នឹងត្រូវ​កាត់បន្ថយ​។​

​ទោះជា​បង្ក្រាប​គ្រឿងញៀន​បានធ្វើ​ឲ្យ​ប៉ូលិស​សម្លាប់​អស់​ឧក្រិដ្ឋជន​អស់​ជាច្រើន​ក្ដី លោក ឌូ​ទើ​តេ នៅតែ ចេញមុខ​ធានា​ការពារ​ក្រុមប៉ូលិស​ក្នុង​ប្រតិបត្តិការ​សង្គ្រាម​គ្រឿងញៀន​របស់លោក​។​

​គួរ​បញ្ជាក់ដែរថា បើតាម​ទិន្នន័យ​រដ្ឋាភិបាល​ហ្វីលីពីន ចាប់តាំងពី​លោក​ប្រធានាធិបតី​រូបនេះ​ឡើងកាន់តំណែង​មកដល់​ពាក់កណ្ដាល​ឆ្នាំ​២០១៦ ឧក្រិដ្ឋជន​ជាង​៣៥០០​នាក់​ហើយ​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​របស់លោក​។​

​សូម​ជម្រាប​ដែរ​ថា បើតាម​មន្ត្រី​សិ​ទិ្ធ​មនុស្ស​អន្តរជាតិ​ប្រចាំ​នៅ​ហ្វីលីពីន លោក​Wilnor Papa ចំនួន​អ្នកស្លាប់​ក្នុង​សង្គ្រាម​គ្រឿងញៀន​ក្នុង​សប្ដាហ៍​នេះ​បាន​កើនឡើង​ខ្លាំង ក្រោយ​មានការ​អនុញ្ញាតិ​របស់​លោក ឌូ​ទើ​តេ ឲ្យ​សម្លាប់​បន្ថែមទៀត​ដែរ​៕


Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  ​ឧក្រិដ្ឋជន​២៥​នាក់​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com