ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​១០​លើ​ពិភពលោក ដែល​ពលរដ្ឋ​ចំណាយ​ប្រាក់​ហោប៉ៅ​លើ​ផ្នែក​សុខភាព
19, Aug 2017 , 11:58 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ តំណាង​ធនាគារពិភពលោក​បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​ហៅ​ប៉ៅ​របស់ខ្លួន​យ៉ាងច្រើន​ដើម្បី​ទទួលបាន​សេវា​សុខភាព​។


 
​របាយការណ៍​ចុងក្រោយ​មួយ​របស់​ធនាគារពិភពលោក​បានសរសេរថា ប្រជាជន​ប្រមាណ ៦,៣ ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ​សេវា​សុខភាព​ក្នុង​ឆ្នាំ​២០១៣ ហើយ ៣,១ ភាគរយ ជាប់បំណុលគេ​ក្នុងការ​ទូទាត់​លើ​ការចំណាយ​សុខភាព​។ តួលេខ​នេះ​ត្រូវបាន​បង្ហាញ​នៅក្នុង​របាយការណ៍​ដែលមាន​ចំណងជើង​ថា «​កម្ពុជា រក្សា​កំណើន​រឹងមាំ ដើម្បី​អត្ថប្រយោជន៍​ទាំងអស់គ្នា​» ហើយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​១៧ខែសីហា​នេះ​។​

«​កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​១០​លើ​ពិភពលោក ដែល​ចំណាយ​ប្រាក់​ហោប៉ៅ​លើ​សេវា​សុខភាព ដោយ​ត្រូវ​ចំណាយ ៦០​ភាគរយ​នៃ​ប្រាក់​សរុប​ដែល​ចាយ​លើ​ផ្នែក​សុខភាព​»​។ នេះ​ជាការ​រកឃើញ​របស់​ធ​នាគារ​ពិភពលោក​។​

​លោក Miguel Eduardo Sanchez សេដ្ឋវិទូ​របស់​ធនាគា​រ​ពិភពលោក បាន​ថ្លែងថា ពលរដ្ឋ​កម្ពុជា  ត្រូវ​ចំណាយ​ប្រាក់​ក្នុងប្រទេស ដោយ​គ្មាន​ការធានារ៉ាប់រង​សុខភាព​។ លោក​បន្ថែមថា ពលរដ្ឋ​កម្ពុជា​បាន​ចំណាយ​ប្រាក់​ក្នុង​ហោប៉ៅ​ជាច្រើន ឆ្លងដែន​ទៅ​ប្រ​ទស​ថៃ និង​វៀតណាម ដើម្បី​ស្វែងរក​ការព្យាបាល​ដោយ​ត្រឹមត្រូវ និង​មាន​ទំនុកចិត្ត​។  

​ពាក់ព័ន្ធ​បញ្ហា​នេះ អ្នកស្រី Inguna Dobraja អ្នកគ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា មូលហេតុ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋក្រីក្រ​ចំណាយលុយ​ក្នុង​ហោប៉ៅ គឺ​បណ្តាលមកពី​ពួកគេមិនបាន​យល់ដឹង​ពី​សិទ្ធិ​របស់ខ្លួន ដែល​ត្រូវ​ទទួលបាន​សេវា​សុខាភិបាល​ដោយ​មិន​បង់ប្រាក់​។   បញ្ហា​នេះ អ្នកស្រី ស្នើ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ផ្សព្វផ្សាយ និង​ពន្យល់​ពលរដ្ឋ​ក្រីក្រ​កម្ពុជា ឲ្យ​បាន​យល់ដឹង​ពី​សិទ្ធិ​របស់​ពួកគេ ដើម្បី​ឲ្យ​ពលរដ្ឋ​លែង​ចំណាយ​ប្រាក់​ក្នុង​ហោប៉ៅ​សម្រាប់​សេវា​សុខភាព​។  

​របាយការណ៍​របស់​ធ​នាគារ​ពិភពលោក បាន​បញ្ជាក់ថា កម្ពុ​ជាមាន​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​ទន់ខ្សោយ​នៅឡើយ ដោយ​ក្នុងនោះ​កម្ពុជា​បាន​ចំណាយ​តិចជាង​០,១​ភាគរយ​នៃ​ផលទុន​សរុប​ក្នុងស្រុក (​ផសស​) របស់ខ្លួន លើ​ជំនួយ​សង្គម ធៀប​នឹង​មធ្យមភាគ​ពិភពលោក ១,៦ ភាគរយ​៕ 


Tag:
 សុខភាព​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com