ជាតិ
សេដ្ឋកិច្ច
ធនាគារជាតិ នឹងពិន័យ៤០០លានរៀល ចំពោះមីក្រូហិរញ្ញវត្ថុណា ដែលឲ្យខ្ចីលុយគ្មានតម្លាភាព លោក ជា ចាន់តូ អគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា
× ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានប្រកាសព្រមានដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុណា ដែលមិនគោរពតាមច្បាប់ ជាពិសេស ការផ្តល់សេវាឥណទានដោយគ្មានតម្លាភាព និងគ្មានការទទួលខុសត្រូវ។ ទន្ទឹមគ្នានេះ ធនាគារជាតិ នឹងពិន័យជាទឹកប្រាក់ចំនួន៤០០លានរៀល ចំពោះធនាគារនិងមីក្រូហិរញ្ញវត្ថុណា ដែលបំពានច្បាប់កម្ពុជាផងដែរ។
សេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដែលបានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែសីហា បានសរសេរថា៖«ផាកពិន័យជាទឹកប្រាក់៤០០លានរៀល ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយ ដែលមិនអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ជាពិសេសប្រកាសស្តីពីតម្លាភាពក្នុងការផ្តល់សេវាឥណទានរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ»។
ក្រៅពីវិធានការផាកពិន័យ ធនាគារជាតិនៃកម្ពុជា នឹងបង្កើតលេខទូរស័ព្ទ៤ខ្សែ ដើម្បីទទួលព័ត៌មានពីអតិថិជន ដែលមានបញ្ហាជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងចុះត្រួតពិនិត្យដល់កន្លែងគ្រប់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងចាត់វិធានតឹងរឹងបំផុត លើគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុណា ដែលបានប្រព្រឹត្តល្មើសច្បាប់របស់កម្ពុជា៕
Tag:
ធនាគារជាតិ
មីក្រូហិរញ្ញវត្ថុ
© រក្សាសិទ្ធិដោយ thmeythmey.com