អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មិន​ខុសពី​លោក ឌូ​ទើ​តេ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ប្តេជ្ញា​មិន​លើកលែង​ឈ្មួញ​គ្រឿងញៀន​បរទេស​
19, Aug 2017 , 4:39 pm        
រូបភាព
រូបភាព៖ Al Jazeera
រូបភាព៖ Al Jazeera
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហ្សា​ការ​តា បាន​បន្ត​ប្តេជ្ញា និង​រក្សា​ជំហរ​ក្នុង​ការមិន​លើកលែង​ឲ្យ​ឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដែល​ធ្វើ​សកម្មភាព​ចែកចាយ​នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​បំផ្លាញ​អនាគត​យុវជន​ឥណ្ឌូណេស៊ី​ឡើយ ។ ក្រុង​ហ្សា​ការ​តា ក៏បាន​ដាក់​គោលដៅ​ខ្លាំង​ទៅលើ​ឈ្មួញ​ជួញដូរ​ដែលមាន​សញ្ជាតិ​បរទេស​ផងដែរ​។



«​យើង បន្ត​រក្សា​ជំហរ​មិន​ប្រែប្រួល​របស់​យើង​នៅក្នុង​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ឡើយ​។ ក្រុម​ឈ្មួញ​គ្រឿងញៀន កំពុងតែ​បំផ្លាញ​យុវជន​របស់​យើង​ហើយ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​ដ៏​ម៉ឺងម៉ាត់​របស់លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចូ​កូ វី​ដូ​ដូ នាឱកាស​នៃ​ការ​ថ្លែង​សុន្ទរកថា​ថ្នាក់ជាតិ ដែល​ប្រព្រឹត្តឡើង​នៅ​ថ្ងៃទី​១៦ សីហា​កន្លងទៅ ដែល​ចុះផ្សាយ​ដោយសារ​ព័ត៌មាន The Jakarta Post ។

​ការប្តេជ្ញាចិត្ត​ជាថ្មី និង​មិន​ប្រែប្រួល​របស់លោក​ប្រធានាធិបតី ធ្វើឡើង​ស្របពេល ដែល​លោក ក៏​កំពុង​រង​ការរិះគន់​ពី​អង្គការ និង​មតិសាធារណៈ​មួយចំនួន ដោយ​ចោទថា យុទ្ធនាការ​របស់លោក បង្កើត​ឲ្យ​មាន​ហិង្សា​ឃោរឃៅ ដែល​រាប់បញ្ចូល​ទាំង​ការសម្លាប់​មនុស្ស​ផងដែរ​នោះ​។ បើតាម​របាយការណ៍រ​បស់​អង្គការ​លើកលែង​អន្តរជាតិ មាន​ជនសង្ស័យ​គ្រឿងញៀន​យ៉ាងតិច​៦០​នាក់ ត្រូវបាន​សម្លាប់​ដោយ​ប៉ូលិស និង​ភ្នាក់ងារ​បង្ក្រាប​គ្រឿងញៀន នៅ​ចន្លោះ​ខែមករា និង​សីហា​មកនេះ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា នៅ​ខែកក្កដា​កន្លងទៅ លោក​ប្រធានាធិបតី ចូ​កូ បាន​បញ្ជា​ឲ្យ​អ្នកអនុវត្ត​ច្បាប់​ទាំងអស់ ប្រកាន់​ជំហរ​នឹងនរ និង​គ្មាន​មេត្តា ជាពិសេស​ទៅលើ​ក្រុម​ឈ្មួញ​ថ្នាំញៀន​បរទេស ដែល​ចូលមក​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​ឥណ្ឌូណេស៊ី​។ ក្នុងនោះ លោក ថែមទាំង​ផ្តល់​ឲ្យ​ប៉ូលិស​អាច​បាញ់​ក្រុម​ឈ្មួញ​ទាំងនោះ ប្រសិនបើ​ពួកគេ​ហ៊ាន​តដៃ​ពេល​ប៉ូលិស​អនុវត្ត​ច្បាប់​។

​អ្វី​គួរកត់សម្គាល់​នោះ ចំណាត់ការ​ម៉ឺងម៉ាត់ និង​គ្មាន​មេត្តា​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក្នុងការ​បោសសម្អាត​គ្រឿងញៀន​នេះ ធ្វើឡើង​ស្របពេល​ដែល​មេដឹកនាំ​អាស៊ាន​គឺ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌូ​ទើ​តេ ក៏​កំពុងតែបន្ត​អនុវត្ត​យុទ្ធនាការ​សង្គ្រាម​ប្រឆាំង​គ្រឿងញៀន​ដែរ​។ មាន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន រាប់ពាន់នាក់​ហើយ​ត្រូវបាន​សម្លាប់​ក្រោម​យុទ្ធនាការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ក្នុង​រយៈពេល​កាន់តំណែង​របស់លោក​៕


Tag:
 ​ឥណ្ឌូណេស៊ី​
  ហ្វីលីពីន​
  អាស៊ាន​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com