ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​រុស្សី គ្រោង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ ប្រើ​ថាមពលនុយក្លេអ៊ែរ​ដោយ​សន្តិភាព​
19, Aug 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កិច្ចព្រមព្រៀង​ស្តីពី​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ  ក្នុង​គោលបំណង​សន្តិភាព នឹងត្រូវ​ចុះហត្ថលេខា នៅក្នុង​អំឡុង​នៃ​ទស្សនកិច្ច​ការងារ​រយៈ​ពេល​២​ថ្ងៃ របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា នៅក្នុង​ប្រទេស​រុស្ស៊ី នៅ​ថ្ងៃទី​២៣ និង​ទី​២៤ ខែសីហា​នេះ​។ ក្រៅពីនេះ នៅមាន​កិច្ចព្រមព្រៀង ៤​ផ្សេងទៀត ក៏​នឹងត្រូវ​ចុះហត្ថលេខា​ដែរ ក្នុងនោះ​មាន​កិច្ចការពារបរិស្ថាន កិច្ចសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍​រវាង​កម្ពុជា និង​រុស្ស៊ី និង​ផែនការ​ពិគ្រោះ​ផ្នែក​ការទូត​ជាដើម​។​



​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២៣ និង​ទី​២៤ ខែសីហា នៅ​សហព័ន្ធ​រុស្សី​។

​តាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​១៨ ខែសីហា លោក ប្រាក់ សុខុន នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​លោក ស៊ែ​ហ្គៃ ឡាវ​រ៉ូ​វ​(Sergey LAVEOV) ដើម្បី​ជជែក និង​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ទំនាក់ទំនង​ទ្វេភាគី បញ្ហា​តំបន់ និង​ពិភពលោក​។

​ក្រៅពីនេះ រដ្ឋមន្ត្រីការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សហព័ន្ធ​រុ​ស្ស៊ នឹងធ្វើ​សហប្រធាន​នៃ​កិច្ចប្រជុំ​លើក​ទី​១០ របស់​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​។ នេះ​បើតាម​សេចក្តី​ជូន​ព័ត៌មាន​ដដែល ដែល​ឲ្យ​ដឹង​ទៀតថា កិច្ចប្រជុំ​នេះ នឹង​ពិនិត្យឡើងវិញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ដែល​បានអនុម័ត នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៩ និង​រិះរក​លទ្ធភាព​ផ្សេងទៀត ដែល​អាច​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​វិស័យ រវាង​កម្ពុជា​-​រុស្ស៊ី ឲ្យ​កាន់តែ​ប្រសើរ​។

​នៅក្រោយ​កិច្ចប្រជុំ​នេះ កម្ពុជា និង​រុស្ស៊ី គ្រោង​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន​៥ រួមមាន ទី​១. កិច្ចព្រមព្រៀង ស្តីពី​កិច្ចសហប្រតិបត្តិការ​នៃ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ ក្នុង​គោលបំណង​សន្តិភាព​។ ២.​អនុស្សារណៈ​យោគយល់​គ្នា ស្តីពី​ការការពារ​បរិស្ថាន ការគ្រប់គ្រង​ធនធានធម្មជាតិ ការអភិរក្ស​ជីវចម្រុះ  និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ប្រកបដោយ​ចីរភាព​។ ៣. កម្មវិធី​សកម្មភាព​រួមគ្នា​រវាង​ទីភ្នាក់ងារ​សហព័ន្ធ​ផ្នែក​ទេសចរណ៍​របស់​រុស្សី និង​ក្រសួងទេសចរណ៍​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៨-២០២០​។ ៤. ផែនការ​ពិគ្រោះ​យោបល់ រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​២ សម្រាប់​ឆ្នាំ ២០១៨-២០២០​។ និង​ទី​៥. ពិធីសារ​កិច្ចប្រជុំ​លើក​ទី​១០ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្សី ស្តីពី​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និង​បច្ចេកទេស​៕     


Tag:
 នុយក្លេអ៊ែរ​
 ​ ប្រាក់ សុខុន​
 ​ កម្ពុជា​-​រុស្សី​
© រក្សាសិទ្ធិដោយ thmeythmey.com