អន្តរជាតិ
ចិន ទទូច អាមេរិក-ជប៉ុន បញ្ឈប់ធ្វើអត្ថាធិប្បាយផ្តេសផ្តាសលើតំបន់សមុទ្រចិនខាងត្បូង និងខាងកើត
× ជាថ្មីម្តងទៀត រដ្ឋាភិបាលក្រុងប៉េកាំង បានទទូចឲ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងរដ្ឋាភិបាលក្រុងតូក្យូ បញ្ឈប់ការធ្វើអត្ថាធិប្បាយពីតំបន់ជម្លោះអធិបតេយ្យសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ដែលក្រុងប៉េកាំង អះអាងថា តំបន់ទាំងនេះ កំពុងតែ មានស្ថិរភាពហើយនោះ។
យោងតាមភ្នាក់ងារសារព័ត៌មានចិន Xinhua អាមេរិក និងជប៉ុន នៅថ្ងៃទី១៧ សីហា កន្លងទៅ បានព្រមព្រៀងគ្នាអះអាងជាថ្មីលើមាត្រា៥ នៃសន្ធិសញ្ញាសន្តិសុខកំពូលទ្វេភាគីអាមេរិក-ជប៉ុនដើម្បីយកទៅអនុវត្តលើស្ថានភាព ប្រជុំកោះ Daioyu (ហៅដោយចិន)នៃសមុទ្រចិនខាងកើត និងថែមទាំងបង្ហាញជំហរព្រួយបារម្ភខ្លាំងលើស្ថានភាពសមុទ្រចិនខាងត្បូងទៀត។ តាមរយៈមាត្រា៥នោះ អាមេរិក នឹងការពារជប៉ុនពីការឈ្លានពាននានា។
ជុំវិញការប្តេជ្ញាចិត្តរវាងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចដោយផ្សារភ្ជាប់ជាមួយនឹងតំបន់អធិបតេយ្យដែលមានចិនពាក់ព័ន្ធនេះ ប្រាកដណាស់ថា មិនអាចឲ្យចិននៅសុខស្រួលឡើយ។ តាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying ក្រុងប៉េកាំង ក៏មិនប្រែប្រួលជំហរខ្លួនផងដែរ។ មិនប្រែប្រួលនោះគឺ ក្រុងប៉េកាំង នឹងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីការពារបូរណភាពដែនអធិបតេយ្យរបស់ខ្លួន។
លោកស្រីអ្នកនាំពាក្យដដែល ក៏បានអះអាងថា សន្ធិសញ្ញាសន្តិសុខទ្វេភាគីរបស់អាមេរិក និងជប៉ុន គឺជាសមិទ្ធផលទ្វេភាគីក្នុងសម័យសង្គ្រាមត្រជាក់នោះទេ ដូច្នេះ វា មិនត្រឹមត្រូវឡើយ ដែលភាគីទាំងពីរប្រើប្រាស់ដើម្បីជាលេសក្នុងការទាមទារអធិបតេយ្យដោយខុសច្បាប់ និងថែមទាំងដើម្បីគំរាមកំហែងដល់សិទ្ធិអធិបតេយ្យរបស់ចិននោះ។
មិនខុសពីប្រតិកម្មមុនៗឡើយ លោកស្រីអ្នកនាំពាក្យ ក៏បានបញ្ជាក់ដែរថា រឿងសមុទ្រចិនខាងត្បូង ស្ថិតនៅក្នុងស្ថិរភាព ហើយក៏កំពុងស្ថិតក្រោមកិច្ចសហប្រតិបត្តិរវាងចិន និងអាស៊ានផងដែរ។ ជាមួយនឹងការទទូចឲ្យបញ្ឈប់អត្ថាធិប្បាយផ្តេសផ្តាស លោកស្រី ក៏បានសុំចិត្តអាមេរិក និងជប៉ុន ដែលមិនមែនជាភាគីជម្លោះសមុទ្រចិនខាងត្បូង គោរពកិច្ចប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់ផងដែរ។
សូមជម្រាបបន្តិចដែរថា ចិន បាននិងកំពុងតែមានវិវាទអធិបតេយ្យជាមួយនឹងជប៉ុន និងបណ្តាប្រទេសអាស៊ាន។ ជាមួយនឹងជប៉ុននោះគឺ នៅសមុទ្រចិនខាងកើត ដែលភាគីទាំងពីរ បានទាមទារលើតំបន់ត្រួតស៊ីគ្នានៅប្រជុំកោះ Senkaku (ហៅដោយជប៉ុន) ឬប្រជុំកោះ Daioyu (ហៅដោយចិន)។ ចំណែកជាមួយនឹងរដ្ឋអាស៊ាន ដែលរួមមានប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាម នោះគឺសមុទ្រចិនខាងត្បូងនោះឯង៕
Tag:
ចិន
ជប៉ុន
អាស៊ាន
សមុទ្រចិនខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com