ជាតិ
កម្មកររោងចក្រ អាចជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ២ឆ្នាំ
× កម្មកររោងចក្រកាត់ដេរ អាចជិះរថយន្តក្រុងសាធារណៈរយៈពេល២ឆ្នាំ ដោយឥតគិតថ្លៃ គិតចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧នេះ ដោយគ្រាន់តែបង្ហាញកាតសម្គាល់ខ្លួនរបស់ពួកគេ។
សម្តេច ហ៊ុន សែន ដែលកំពុងជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីរោងចក្រជាង៤ពាន់នាក់ នៅព្រឹកនេះ បាន បន្ថែមក្នុងComment ពីក្រោមរូបភាពជួបជាមួយកម្មករ-កម្មការិនីរោងចក្រដូច្នេះថា៖«ក្មួយៗកម្មករទទួលបានសេវាជិះឡាក្រុងសាធារណៈFree ២ឆ្នាំ ពីថ្ងៃទី២០ សីហា ឆ្នាំ២០១៧ ដល់២០ សីហា ឆ្នាំ២០១៩ ដែលនឹងជួយសម្រួលដល់ការចំណាយមួយចំនួនរបស់ក្មួយ។ ក្មួយៗគ្រាន់តែបង្ហាញកាតធ្វើការ គឺទទួលបានសេវានេះភ្លាម»។
សូមបញ្ជាក់ថា បច្ចុប្បន្នសេវារថយន្តក្រុងសាធារណៈមានខ្សែរត់ចំនួន៣ ដែលខ្សែទី១ ចេញពីគីឡូម៉ែត្រលេខ៩ ឆ្ពោះទៅក្តីតាកុយ ខ្សែទី២ ចេញពីផ្សាររាត្រី ឆ្ពោះទៅក្រុងតាខ្មៅ និងខ្សែទី៣ ចេញពីផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលចោមចៅ។ សាលារាជធានីភ្នំពេញ ក៏កំពុងសិក្សាពង្រីកខ្សែរត់៣ខ្សែបន្ថែមទៀត ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
ក្រៅពីការជិះរថយន្តក្រុងសាធារណៈឥតគិតថ្លៃ កម្មករ-កម្មការិនី ក៏នឹងទទួលបានបានការគាំពារសុខភាព ១០០ភាគរយ ចាប់ពីឆ្នាំ២០១៨តទៅ ដោយភាគីរោងចក្រ ឬម្ចាស់សហគ្រាសជាអ្នកទទួលបង់ថ្លៃសេវា ហើយនឹងទទួលប្រាក់ចូលនិវត្តន៍ ដូចមន្ត្រីរាជការសាធារណៈដែរ ចាប់ពីឆ្នាំ២០១៩ តទៅ។ នេះបើតាម comment ដដែលរបស់នាយករដ្ឋមន្ត្រី៕
Tag:
កម្មករ
រថយន្តក្រុង
© រក្សាសិទ្ធិដោយ thmeythmey.com