អន្តរជាតិ
វិបត្តិ​ឧបទ្វីប​កូរ៉េ​៖ ត្រាំ ថា​កាំភ្លើង​ដាក់​គ្រាប់​រួចហើយ តែ​មន្ត្រីក្រោមឱវាទ​ថា ការចរចា​នៅតែ​ជា​អាទិភាព​
22, Aug 2017 , 10:39 pm        
រូបភាព
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គុយអមដោយរដ្ឋមន្រ្តីការពារជាតិ ជេម ម៉ាធីស (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេស រិច ធីល័រសិន (ឆ្វេង) (រូបភាព៖ CNN)
ប្រធានាធិបតី ដូណាល់ ត្រាំ អង្គុយអមដោយរដ្ឋមន្រ្តីការពារជាតិ ជេម ម៉ាធីស (ស្ដាំ) និងរដ្ឋមន្រ្តីការបរទេស រិច ធីល័រសិន (ឆ្វេង) (រូបភាព៖ CNN)
​នៅពេលដែល​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​ឡើងក​ម្ដៅ​សឹងតែ​ផ្ទុះ​ជា​សង្គ្រាម​ទៅហើយ គេ​បែរជា​ឃើញ​ការខ្វែងគំនិត​នៅ​អាមេរិក​ទៅវិញ​។ ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មន្ត្រីក្រោមឱវាទ​របស់លោក​ដែល​ទទួល​កិច្ចការ​យោធា និង​ការទូត ហាក់ដូចជា​មិនមាន​ជំហរ​រួមគ្នា​លើ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ទេ​។ ជា​ញឹកញយ គេ​ឃើញ​លោក ត្រាំ បង្ហោះ​សារ​តាម Twitter គំរាម​កូរ៉េខាងជើង ខណៈដែល​មន្ត្រី​របស់លោក​នាំគ្នា​លើកឡើងថា អាមេរិក​នៅតែ​ប្រកាន់​ជំហរ​ចរចា​ដដែល​។​



​គេ​អាច​ចាំបាន​ថា នៅ​ថ្ងៃទី​១១ ខែសីហា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​សរសេរ​លើ Twitter របស់លោក​ថា យោធា​អាមេរិក​បានដាក់​គ្រាប់​ត្រៀមប្រយុទ្ធ​ជាមួយ​កូរ៉េខាងជើង​រួចហើយ​។ ការ​បង្ហោះ​សារ​គំរាម​ពេលនោះ ធ្វើឡើង​បន្ទាប់​រដ្ឋមន្ត្រី​ការពារជាតិ ជេ​ម ម៉ា​ធី​ស (James Mattis) ព្យាយាម បន្ថយកម្ដៅ​តានតឹង​រវាង​អាមេរិក និង​កូរ៉េខាងជើង ដោយបាន​ប្រាប់​សម្ព័ន្ធមិត្ត​អាមេរិក​ថា ដំណោះស្រាយ​ការទូត​កំពុងមាន​ផ្លែផ្កា​ហើយ​។​

​ក្រុង​វ៉ាស៊ីនតោន​មិន​ស្រណុកចិត្ត​ឡើយ ពេល​ក្រុង​ព្យុងយ៉ាង​បាញ់​មី​ស៊ី​ល​រំលង​ទ្វីប​ផ្ទួនៗ​ក្នុង​ខែកក្កដា បន្ទាប់​ក៏​គំរាម​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក Hwasong-12 ដាក់​តំបន់​ជុំវិញ​កោះ​ហ្គា​ម​ទៀត​នោះ​។ ទោះជា​លោក ត្រាំ ពេញចិត្ត​ទណ្ឌកម្ម​ថ្មី​ក៏ដោយ ក៏​លោក​នៅតែ​បើកចំហ​ការប្រើប្រាស់​យោធា​បញ្ចប់​បញ្ហា​ដដែល​។ ប្រធានាធិបតី​អាមេរិក​គំរាម​កូរ៉េខាងជើង​ថា​នឹង​ប្រឈមមុខ​ភ្លើងកំហឹង​ដ៏​ខ្លាំង បើ​នៅតែ​គំរាម​បាញ់​មី​ស៊ី​ល​ដាក់​អាមេរិក​ទៀត​។​

​ខណៈដែល​លោក ត្រាំ ដែលជា​អគ្គមេបញ្ជាការ​កំពូល​ក​ង​ទ័ព​អាមេរិក​គំរាម​ប្រើ​កម្លាំង​ទ័ព មន្ត្រីក្រោមឱវាទ​របស់​លោក​បែរជា​និយាយថា​សង្គ្រាម​ពិបាក​កើតឡើង​ណាស់​។ បន្ទាប់មក ក្រោយ​លោក ត្រាំ ប្រាប់​ឲ្យ​កូរ៉េខាងជើង​ត្រូវ​ភ័យខ្លាច​ចំពោះ​អានុភាព​យោធា​អាមេរិក ស្រាប់តែ​លោក ម៉ា​ធី​ស និយាយថា​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ​នឹង​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​ស្មាន​មិន​ដល់ ហើយ​ថា​វិធានការ​ការទូត​កំពុងផ្ដល់​ផល​មកវិញ​។​

​ចំណែកឯ​រដ្ឋមន្ត្រី​ការពារជាតិ រិច ធី​ល័​រ​សិន ក៏​ធ្លាប់​និយាយ​ដែរ​ថា លោក ត្រាំ ផ្ទាល់​ក៏​ចង់បាន​ដំណោះស្រាយ​យោធា​ដែរ​។ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បន្តថា ការ​គំរាម​របស់លោក ត្រាំ គឺ​គ្រាន់តែ​ចង់​ឲ្យ​កូរ៉េខាងជើង​វិល​ចូល​តុ​ចរចា​វិញ​ប៉ុណ្ណោះ​។ ដោយឡែក​នៅ​ថ្ងៃទី​២២ ខែសីហា ប្រមុខ​កងទ័ព​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឧ​ត្ត​ម​សេនីយ៍ Harry Binkley Harris ក៏​អះអាង​ដែរ​ថា ដំណោះស្រាយ​ការទូត​គួរតែ​ជា​ជម្រើស​ទីមួយ ឯ​យោធា​គួរ​ទុកជា​ផ្លូវ​ជំនួយ​ក៏បាន​។​

​លើសពីនោះ នៅពេល​កូរ៉េខាងជើង​គំរាម​បាញ់​មី​ស៊ី​ល​ដាក់​កោះ​ហ្គា​ម​ទៀតសោត ប្រធានាធិបតី​អាមេរិក​ក៏​ប្រកាស​ម្ដងទៀត​ពី​លទ្ធភាព​ប្រើ​កម្លាំង​ទ័ព​តបត​វិញ ហើយ​និយាយថា លោក គីម ជុង​អ៊ុន នឹង​ស្ដាយក្រោយ​បើ​ហ៊ាន​បាញ់​មី​ស៊ី​ល​ដាក់​ទឹកដី​អាមេរិក​។ ប៉ុន្តែ​ប្រមុខ​ការទូត​អាមេរិក​បែរជា​ប្រាប់​បណ្ដា​សម្ព័ន្ធមិត្ត​របស់​អាមេរិក មិនចាំបាច់​ភ័យព្រួយ​អ្វី​ទេ ហើយ​ថែមទាំង​ប្រាប់​ឲ្យ​ប្រជាជន​អាមេរិក​ដេក​ឲ្យ​ស្រួល​ទៀតផង​។​

​យ៉ាងណាក្ដី ទីប្រឹក្សា​ជំនិត​របស់លោក ត្រាំ បាន​និយាយ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន BBC ថា សម្ដី​លោក ធី​ល័​រ​សិន មិនបាន​តំណាង​ឲ្យ​សេត​វិមាន​ទេ ហើយ​គ្រប់គ្នា​ស្ដាប់​តែ​ប្រធានាធិបតី ត្រាំ ទៅបាន​ហើយ​។ លោក Sebastian Gorka អះអាងថា ការណ៍​ដែល​លោក ធី​ល័​រ​សិន និយាយ​ពី​បញ្ហា​យោធា គឺជា​រឿង​គ្មាន​ន័យ​អ្វី​ទាំងអស់ ហើយ​គេ​គួរ​ទុក​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​និយាយ​រឿង​កងទ័ព​វិញ ព្រោះ​ជា​ការងារ​របស់គាត់​។​

​តាមពិតទៅ ការប្រកាន់​ជំហរ​ខុសគ្នា​មិនមែន​កើតឡើង​រវាង​លោក ត្រាំ និង​មន្ត្រី​របស់លោក​ទេ សូម្បីតែ​មន្ត្រី​ថ្នាក់ក្រោម​ក៏​មិនត្រូវ​គ្នា​ដែរ​។ ជុំវិញ​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​នេះ​ដដែល លោក ធី​ល័​រ​សិន បាន​លើកឡើងថា​អាមេរិក​មិន​យក​កូរ៉េខាងជើង​ជាស​ត្រូវ​ទេ ហើយក៏​គ្មាន​បំណង​ផ្លាស់ប្ដូរ​របប​ដឹកនាំ​កូរ៉េខាងជើង​ដែរ​។ ឯ​លោក ម៉ា​ធី​ស វិញ​និយាយ​បញ្ច្រាស​ថា ទង្វើ​របស់​ព្យុងយ៉ាង​អាច​នាំ​ឲ្យ​ប្រព័ន្ធ​ដឹកនាំ​កូរ៉េខាងជើង​រលាយ ព្រោះ​កូរ៉េខាងជើង​គ្មាន​សមត្ថភាព​ទប់ទល់​ក​ម្លាំ​ង​ទ័ព​អាមេរិក​បានទេ​៕


Tag:
 អាមេរិក​
  ឧបទ្វីប​កូរ៉េ​
  ដូ​ណា​ល់ ត្រាំ​
  រិច ធី​ល័​រ​សិន​
  ជេ​ម​ស៍ ម៉ា​ធី​ស
© រក្សាសិទ្ធិដោយ thmeythmey.com