អន្តរជាតិ
ឥណ្ឌាថាខ្លួនត្រូវការសម្ព័ន្ធភាពល្អជាមួយចិន មិនមែនត្រូវការជម្លោះនោះទេ រូបភាព៖ NDTV
× រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌាប្រកាសថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពឥណ្ឌា និងកងទ័ពចិននឹងបញ្ចប់នៅពេលឆាប់ៗនេះ។ លោកបានបញ្ជាក់ថា ឥណ្ឌាត្រូវការរក្សាចំណងមិត្តភាពល្អជាមួយចិន ព្រោះឥណ្ឌាត្រូវការសន្តិភាពមិនត្រូវការជម្លោះនោះទេ។
លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា Rajnath Singh បាននិយាយថា ការប្រឈមមុខដាក់គ្នារវាងកងទ័ពចិន និងកងទ័ពឥណ្ឌានឹងបញ្ចប់នាពេលឆាប់ៗនេះ ព្រោះឥណ្ឌាត្រូវការសន្តិភាព មិនមែនត្រូវការជម្លោះនោះទេ។ម្យ៉ាងទៀត គេឃើញថាចិនក៏បានប្រើចំណាត់ការដោះស្រាយជម្លោះនេះដោយសន្តិវិធីដូចគ្នា។
កាលពីថ្ងៃទី២១ខែសីហា លោករដ្ឋមន្ត្រី Rajnath Singh បានអះអាងដូច្នេះថា៖«ពួកយើងនឹងរកឃើញដំណោះស្រាយឆាប់ៗនេះ ទោះការជាប់គាំងរវាងចិន និងឥណ្ឌានៅតំបន់ខ្ពង់រាប Doklam នៅតែបន្ត។មូលហេតុមកពីចិនក៏នឹងប្រើចំណាត់ការដោះស្រាយជម្លោះនេះដោយសន្តិវិធី។ ចំណែកឯឥណ្ឌាវិញត្រូវការសន្តិភាពនិងរក្សាសម្ព័ន្ធភាពល្អជាមួយចិន មិនមែនជម្លោះនោះទេ»។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌារូបនេះបានអះអាងដូចខាងលើ ក្រោយមានការបង្ហាញវីដេអូប៉ះទង្គិចគ្នារវាងកងទ័ពឥណ្ឌានិងកងទ័ពចិននៅ Ladakh កាលពីសប្ដាហ៍មុន។ កងទ័ពទាំងសងខាងបានប្រើអំពើហិង្សាដាក់គ្នា ព្រមទាំងគប់ដុំថ្មដាក់គ្នាទៀតផង។យ៉ាងណាមិញ ឥណ្ឌាទទួលស្គាល់ថាពិតជាមានអំពើហិង្សាកើតឡើងមែន ប៉ុន្តែពុំមានការប្រើប្រាស់អាវុធឡើយ។
ដោយឡែក នៅក្នុងសន្និសីទកាសែតមួយទាក់ទិននឹងការឆ្លើយតបការប៉ះទង្គិចគ្នានៅតំបន់ជម្លោះចិន-ឥណ្ឌា អ្នកនាំពាក្យរដ្ឋមន្ត្រីការបរទេសចិនអ្នកស្រី Hua Chunying បាននិយាយថា កងទ័ពចិននៅតំបន់ជម្លោះគ្រាន់តែត្រួតពិនិត្យ និងការពារទឹកដីខ្លួនធម្មតាប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានបន្តទៀតថា អំឡុងពេលត្រួតពិនិត្យព្រំដែន កងទ័ពឥណ្ឌាបានបង្កអំពើហិង្សាមួយចំនួនមកលើកងទ័ពចិនធ្វើឲ្យមានការប៉ះទង្គិចគ្នារវាងកងទ័ពទាំងសងខាង ព្រមទាំងបណ្ដាលឲ្យកងទ័ពចិនរងរបួសទៀតផង។ សកម្មភាពឥណ្ឌាបានបំពានលើការព្រមព្រៀងគ្នាពីបញ្ហាព្រំដែនឥណ្ឌា-ចិន។ចិនមិនពេញចិត្តចំពោះសកម្មភាពបែបនេះឡើយ ហើយក៏បានតវ៉ាផងដែរ។
គួរបញ្ជាក់ដែរថា ការប៉ះទង្គិចគ្នារវាងកងទ័ពទាំងសងខាងកើតឡើងនៅថ្ងៃទី១៥ខែសីហាធ្វើឲ្យជម្លោះព្រំដែនរវាងចិន-ឥណ្ឌាកាន់តែមានភាពតានតឹង។ ជម្លោះព្រំដែនរវាងប្រទេសទាំងពីរនេះឡើងក្ដៅម្ដងទៀតនៅពេលដែលចិនបានសាងសង់ផ្លូវនៅតំបន់ខ្ពស់រាប Doklam ដែលប៊ូតង់បានអះអាងថាជាទឹកដីរបស់ខ្លួន។ ឥណ្ឌាដែលជាសម្ព័ន្ធមិត្តរបស់ប៊ូតង់បានបញ្ចូនទ័ពមករារាំងការសាងសង់បង្កឲ្យមានការចោទពីសំណាក់ចិនថា ឥណ្ឌាឈ្លានពានចូលទឹកដីចិន៕
Tag:
Rajnath Singh
ឥណ្ឌា
ចិន
Hua Chunying
© រក្សាសិទ្ធិដោយ thmeythmey.com