កីឡាជាតិ
ជាតិ
​ស៊ី​ហ្គេម​៖ ក្រោយ​ចាញ់​ហ្វីលីពីន វៀតណាម និង ថៃ U22កម្ពុជា បន្ត​ចាញ់​ទី​ម័​រ​ខាងកើត​
23, Aug 2017 , 7:30 am        
រូបភាព
ខ្សែប្រយុទ្ធ នួន បូរី ប្រជែងយកបាល់ពី​កីឡាករទីម័រខាងកើត។ រូបថត NOCC
ខ្សែប្រយុទ្ធ នួន បូរី ប្រជែងយកបាល់ពី​កីឡាករទីម័រខាងកើត។ រូបថត NOCC
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​កម្ពុជា ត្រឡប់​ទៅរក​កំណត់ត្រា​ដ៏​ជូរចត់​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។ សម្រាប់​ការប្រកួត​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​តំបន់​អាស៊ី​-​អាគេ្នយ៍​លើក​ទី​២៩​នេះ កម្ពុជា បាន​បន្ត​ចាញ់​ទី​ម័​រ​ខាងកើត ក្នុង​លទ្ធផល ១-០ ហើយក៏​ជា​បរាជ័យ​៤​លើក​ជាប់ៗ​គ្នា​ផងដែរ​។​

 
U22 កម្ពុជា និង​ទី​ម័​រ​ខាងកើត ប្រកួត​គ្នា​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​នៅក្នុង​ពូ​ល B នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​ក្រុម​ទាំងពីរ បាន​ចាញ់​បី​លើក​ជាប់​គ្នា​រៀងៗ​ខ្លួន​។ នា​ជំនួប​នៅលើ​ទីលាន UM Arena ក្រុង​គូ​ឡា​ឡាំ​ពួរ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ ទី​២២ ខែសីហា កីឡាករ​ទី​ម័​រ​ខាងកើត Gumario Augusto Fe បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​ចម្ងាយ​នៅ​នាទី​៥៨ ដោយ​អ្នកចាំទី កែវ សុ​សិលា មិនអាច​សង្គ្រោះបាន​នោះឡើយ​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់ Gumario ជា​គ្រាប់​ដំបូង​របស់​ទី​ម័​រ​ខាងកើត និង​ក៏​ជា​ជ័យជម្នះ​លើកដំបូង​នៅក្នុង​ពូ​ល B របស់​ពួកគេ​ផងដែរ​។ 
 
U22 កម្ពុជា​ដែល​ស្ថិតក្រោម​ការដឹកនាំ​បង្វឹក​របស់​គ្រូ​ប្រេ​ស៊ី​ល Leonardo Vitorino ក្លាយជា​ក្រុម​តែមួយគត់​នៅក្នុង​ពូ​ល B ដែល​គ្មាន​ពិន្ទុ​រាប់ ខណៈ​ក្រុម​នីមួយៗ​នៅសល់​ការប្រកួត​មួយ​នៅក្នុង​ដៃ​។ នា​ការប្រកួត​កន្លងមក កម្ពុជា បាន​ចាញ់​ហ្វីលីពីន ២-០ នៅ​ថ្ងៃ​បើកឆាក បន្ត​ចាញ់​វៀតណាម ៤-១ ចាញ់​ថៃ ៣-០ មុននឹង​ចាញ់​ទី​ម័​រ​ខាងកើត ១-0 ។​
 
​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៥ ខែសីហា កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ឥណ្ឌូណេស៊ី ខណៈ​ទី​ម័​រ​ខាងកើត​ជួប​ហ្វីលីពីន​។ ជំនួប​ទាំងពីរ​គូ​នេះ ធ្វើឡើង​មុន​ការ​ប៉ះគ្នា​រវាង​វៀតណាម និង​ថៃ នា​ថ្ងៃ​ដដែល​។ បើទោះបីជា​កម្ពុជា ហាលអាវ និង​ចាញ់​៤​លើក​ក៏ដោយ ប៉ុន្តែ​ពួកគេ​ត្រូវតែ​បន្ត​ការព្យាយាម​ដើម្បី​ឲ្យ​មាន​ពិន្ទុ​រាប់​ហ្នឹង​គេ​។ សម្រាប់​ឥណ្ឌូណេស៊ី ពួកគេ​ត្រូវការ​ឈ្នះ​ជាច្រើន​គ្រាប់​លើ​កម្ពុជា ដើម្បី​ដណ្តើម​កៅអី​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ក្នុងករណី​កម្ពុជា​ឈ្នះ​ឥណ្ឌូណេស៊ី វៀតណាម និង​ថៃ ត្រូវ​ចាប់ដៃគ្នា​ទៅកាន់​វគ្គ​បន្ត ទោះជា​ការប្រកួត​របស់​ពួកគេ​មាន​លទ្ធផល​បែបណាក៏ដោយ​។​
 
​រីឯ​នៅក្នុង​ពូ​ល A មី​យ៉ាន់​ម៉ា និង​ម៉ាឡេស៊ី មាន​កៅអី​រួចហើយ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​សិង្ហ​បុរី ឡាវ និង​ព្រុយ​ណេ​ត្រូវ​ហាលអាវ​។ ជំនួប​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ឡាវ ប៉ះ ម៉ាឡេស៊ី រីឯ​សិង្ហ​បុរី ជួប​ព្រុយ​ណេ​។ ចំពោះ​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ពួកគេ​អាច​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ពូ​ល ប្រសិនបើ​ពួកគេ​ឈ្នះ ឬ​ស្មើ​ជាមួយ​ឡាវ​៕
 
 
 

Tag:
 SEA Games 2017
  U22 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com