អន្តរជាតិ
អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​រុស្ស៊ី​និង​ចិន​ដែល​គាំទ្រ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​
23, Aug 2017 , 10:49 am        
រូបភាព
​សហរដ្ឋអាមេរិក​បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​ជនជាតិ​រុស្ស៊ី និង​ចិន ដែល​ខ្លួន​អះអាងថា​បាន​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ការដាក់ទណ្ឌកម្ម​ឯកតោភាគី​នៅ​ថ្ងៃទី​២២ ខែសីហា ក៏បាន​ដាក់​គោលដៅ​លើ​ធនាគារ​ចិន​ដែល​រកស៊ី​ជាមួយ​កូរ៉េខាងជើង​ផងដែរ​។ ច្បាស់​ណាស់​ថា ទណ្ឌកម្ម​នេះ​ពិតជា​ធ្វើ​ឲ្យ​ចិន​ខឹងសម្បារ​ខ្លាំង​មិន​ខាន ព្រោះ​ចិន​ជំទាស់​ដាច់ខាត​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​លើ​កូរ៉េខាងជើង ហើយ​រាលដាល​ដល់​ខ្លួន​ទៀត​នោះ​។​



​ក្រសួង​ការ​រតនាគារ​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​ចិន កូរ៉េខាងជើង និង​រុស្ស៊ី ចំនួន​៨ ដោយ​ចោទថា​ជាប់​ពាក់ព័ន្ធ​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ក្រុមហ៊ុន​ចំនួន​២​ដែលមាន​មូលដ្ឋាន​នៅ​សិង្ហ​បុរី និង​ក្រុមហ៊ុន​ចិន ក៏ដូចជា​កូរ៉េខាងជើង​ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋ​អាហ្វ្រិក​ណា​មី​ប៊ី​ក៏មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​អាមេរិក​ដែរ​។ ក្រៅពីនោះ ជនជាតិ​រុស្ស៊ី​បួន​នាក់ ជនជាតិ​ចិន​ម្នាក់ និង​ជនជាតិ​កូរ៉េខាងជើង​ម្នាក់​ក៏ត្រូវ​ដាក់ទណ្ឌកម្ម​ដូចគ្នា​ដែរ​។​

​ទណ្ឌកម្ម​លើក​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​ទើប​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​កូរ៉េខាងជើង​រួចមក​។ ចិន ដែល​រង​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​មិន​ពេញចិត្ត​ឡើយ និង​បាន​ប្រាប់​ឲ្យ​អាមេរិក​កែប្រែ​កំហុស​របស់ខ្លួន​ក្នុងការ​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និង​ជនជាតិ​ចិន​។ ចំពោះ​ចិន ទណ្ឌកម្ម​របៀបនេះ​ពិតជា​បង្ក​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​ទ្វេភាគី​មិន​ខាន​។ យ៉ាងណាក្ដី អាមេរិក​មិនបាន​ស្ដាប់​ការតវ៉ា​របស់​ចិន​ឡើយ​។​

​ក្រសួង​រតនាគារ​អាមេរិក​និយាយថា ទណ្ឌកម្ម​នេះ​គឺមាន​គោលដៅ​លើ​ក្រុមហ៊ុន​និង​បុគ្គល​ទាំងឡាយ​ដែល​ជួយ​បុគ្គល​កំពុង​រង​ទណ្ឌកម្ម​ជាស្រេច​ក្នុងការ​គាំទ្រ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ ទណ្ឌកម្ម​ពេលនេះ​ក៏​ដាក់​មុខព្រួញ​លើ​មនុស្ស​ទាំងឡាយ​ដែល​ជួយ​បញ្ជូន​ជនជាតិ​កូរ៉េខាងជើង​ទៅធ្វើ​ការ​នៅ​បរទេស ក៏ដូចជា​ប្រើប្រាស់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក​ផងដែរ​។ រដ្ឋមន្ត្រី​រតនាគារ​អា​មេ​រិ​ក Steven T. Mnuchin បញ្ជាក់ថា​សកម្មភាព​ទាំងនេះ​ត្រូវតែ​បញ្ឈប់​ឲ្យ​អស់​។​

​តាមពិតទៅ ទណ្ឌកម្ម​លើ​កូរ៉េខាងជើង គឺជា​រឿង​ចៀស​មិន​ផុត​ឡើយ តែ​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​អាមេរិក​ដាក់ទណ្ឌកម្ម​នេះ​ក្រោយពេល​ក្រុមប្រឹក្សាសន្តិសុខ​អនុម័ត​ទណ្ឌកម្ម​របស់ខ្លួន​ដែរ​។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រី​អាមេរិក និង​អង្គការសហប្រជាជាតិ​និយាយថា វ៉ាស៊ីនតោន​ចង់​ឲ្យ​ប៉េកាំង និង​មូ​ស្គូ​គាំទ្រ​ទណ្ឌកម្ម​អន្តរជាតិ​សិន មុននឹង​អនុវត្ត​ទណ្ឌកម្ម​ឯកតោភាគី​របស់ខ្លួន ព្រោះ​អាចធ្វើ​ឲ្យ​ប៉េកាំង និង​មូ​ស្គូ​ឃ្នើសចិត្ត​មិន​ខាន​។​

​ជាមួយគ្នា​នោះ ក្រសួងយុត្តិធម៌​អាមេរិក​ក៏មាន​ផែនការ​ផ្អឹប​ទុក​ទឹកប្រាក់​ចំនួន​១១​លាន​ដុល្លារ​របស់​ក្រុមហ៊ុន​ដែល​ជួយ​លាង​លុយ​ឲ្យ​ធនាគារ​កូរ៉េខាងជើង​ទៀតផង​។ ក្រុមហ៊ុន​នៅ​សិង្ហ​បុរី​ចំនួន​២ និង​ក្រុមហ៊ុន​ចិន​១ ស្ថិតក្នុង​គោលដៅ​របស់​អាមេរិក​។ ទណ្ឌកម្ម​លើក​នេះ អាចជា​សារ​មួយទៀត​របស់​អាមេរិក​ទៅកាន់​ចិន ក៏ដូចជា​ការដាក់​សម្ពាធ​លើ​ចិន​ឲ្យ​ប្រឹងប្រែង​បន្ថែមទៀត​ក្នុងការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​៕


Tag:
 អាមេរិក​
  រុស្ស៊ី​
  ចិន​
  កូរ៉េខាងជើង​
  នុយក្លេអ៊ែរ​
© រក្សាសិទ្ធិដោយ thmeythmey.com