ជាតិ
កំណែ​វិញ្ញាសា​បាក់​ឌុប ចាប់ផ្ដើម​នៅ​ថ្ងៃអាទិត្យ​នេះ​
23, Aug 2017 , 12:07 pm        
រូបភាព
​ភ្នំពេញ​៖ កំណែ​វិញ្ញាសា​ប្រឡង​បាក់​ឌុប នឹង​ចាប់ផ្តើម​នៅ​ថ្ងៃអាទិត្យ ទី​២៧ ខែសីហា​នេះ នៅតាម​មណ្ឌល​កំណែ​ក្នុង​រាជធានី​ភ្នំពេញ ដែល​ក្រសួង​អប់រំ​បានកំណត់​។ គណៈកម្មការ​អត្រាកំណែ​វិញ្ញាសា នឹង​ចំណាយពេល​៤​ថ្ងៃ កែ​សន្លឹក​កិច្ចការ​សិស្ស ខណៈ​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​១២ ខែកញ្ញា នៅ​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​និង​នៅ​ថ្ងៃទី ១៣ កញ្ញា នៅ​មណ្ឌល​តាម​បណ្ដា​ខេត្ត​។



​គណៈកម្មការ​អត្រាកំណែ​វិញ្ញាសា​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ចាប់ផ្ដើម​កែ​សន្លឹក​វិញ្ញាសា​បេក្ខជន​នៅ​ថ្ងៃទី ២៧ សីហា​នេះ នៅតាម​មណ្ឌល​កំណែ​ក្នុង​រាជធានី​ភ្នំពេញ  ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានកំណត់​។ លោក រស់ សា​លីន អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ និង​បញ្ជាក់​បន្ថែមថា កំណែ​វិញ្ញាសា​បេក្ខជន មាន​រយៈពេល​៤​ថ្ងៃ ពីថ្ងៃ​ទី​២៧ ដល់​ថ្ងៃទី​៣០ ខែសីហា​។

​អ្នកនាំពាក្យ​រូបនេះ ក៏​បញ្ជាក់​ផងដែរ​ថា ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​បើក​កិច្ចប្រជុំ នៅ​រសៀល​ថ្ងៃទី ២៣ ខែសីហា​នេះ ដើម្បី​ណែនាំ​ដល់​ក្រុម​អត្រាកំណែ ជុំវិញ​ដំណើរ​ការកែ​សន្លឹក​វិញ្ញាសា​របស់​បេក្ខជន​។  នៅ​ថ្ងៃទី​២៤ ខែសីហា ក្រសួង រៀបចំ​បែងចែក​មណ្ឌល​កំណែ​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ថ្ងៃ​សុក្រ គណៈកម្មការ​អត្រាកំណែ នឹង​កាត់​ក្បាល ដាក់​លេខ​សម្គាល់ លើ​សន្លឹក​កិច្ចការ​បេក្ខជន​នីមួយៗ​។

​បើតាម លោក រស់ សា​លីន ក្នុង​ដំណើរ​ការកែ​វិញ្ញាសា​នេះ ក៏មាន​ការចូលរួម​ពី​អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែរ រីឯ​បន្ទប់​កំណែ​នីមួយៗ មាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព និង​មិន​អនុញ្ញាត​ឲ្យ​ក្រុម​អត្រាកំណែ ប្រើ​ទូរ​សព្ទ​ពេល​កែ​កិច្ចការ​បេក្ខជន​ឡើយ​។

​គណៈកម្មការ​អត្រាកំណែ ដែល​ប្រព្រឹត្ត​កំហុស​ក្នុង​ដំណើរ​ការកែ​សន្លឹក​កិច្ចការ​បេក្ខជន នឹងត្រូវ​ទទួលកំហុស​តាម​បទ​ប្បញ្ញត្តិ និង​កម្រិត​វិន័យ​ដែល​ក្រសួង​បានចែង ដូច​ដំណើរការ​សំណេរ​ដែរ​។ លោក រស់​សា​លីន បន្ថែម​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ទៀតថា កំហុសឆ្គង​ទាំងនោះ មានដូចជា​ថត​អត្រាកំណែ​បង្ហោះ​លើ​បណ្ដាញ​សង្គម ឬ​ការកែ​ខុស​អត្រាកំណែ និង​ការមិន​គោរព​តាម​ភារកិច្ច​ជាដើម​។

​សូមបញ្ជាក់ថា ការប្រឡង​បាក់​ឌុប​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​ចំនួន ១០១,៤១០​នាក់ ចែកចេញជា ១៧៨​មណ្ឌល និង​ចំនួន​៤,០៩៣ បន្ទប់​ប្រឡង នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​។ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​វាយតម្លៃថា ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៧​នេះ  បញ្ចប់​ទៅដោយ​រលូន គ្មាន​ភាពមិនប្រក្រតី​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ខណៈ​ក្រសួង​អះអាង​បន្តទៀតថា ស្ទើរតែ​គ្មាន​សោះឡើយ បេក្ខជន​ដែល​យក​សំណៅ​ឯកសារ ឬ​វត្ថុ​ហាមឃាត់ មក​តាម​ខ្លួន​។ ការប្រព្រឹត្ត​កំហុសឆ្គង ទាំង​បេក្ខជន និង​អនុរក្ស និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត ក៏មាន​តិចតួច​បំផុត​ដែរ​។ លទ្ធផល​ប្រឡង នឹងត្រូវ​ប្រកាស នៅ​ថ្ងៃទី​១២ ខែកញ្ញា នៅ​មណ្ឌល​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្ដាល​និង​នៅ​ថ្ងៃទី ១៣ កញ្ញា នៅ​មណ្ឌល​តាម​បណ្ដា​ខេត្ត​៕


Tag:
 បាក់​ឌុប​
  អត្រាកំណែ
© រក្សាសិទ្ធិដោយ thmeythmey.com