អន្តរជាតិ
ប្រមុខ​ការពារជាតិ​អាមេរិក​ថា ក្រុម​រដ្ឋ​ឥស្លាម​រត់​ផាសក្រញាំ ខណៈ​ទ័ព​អ៊ីរ៉ាក់​សម្រុក​រំដោះ​ក្រុង Tal Afar
23, Aug 2017 , 2:00 pm        
រូបភាព
កងទ័ពអ៊ីរ៉ាក់ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tal Afar នៅភាគខាងជើងប្រទេស (រូបភាព៖ Xinhua)
កងទ័ពអ៊ីរ៉ាក់ធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង Tal Afar នៅភាគខាងជើងប្រទេស (រូបភាព៖ Xinhua)
​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស នៅ​ថ្ងៃទី​២២ ខែសីហា បានធ្វើ​ទស្សនកិច្ច​ដោយ​មិន​ប្រកាស​មុន​ទៅកាន់​អ៊ីរ៉ាក់ ដើម្បី​លើកទឹកចិត្ត និង​បង្ហាញ​ការប្ដេជ្ញាចិត្ត​របស់​អាមេរិក​ក្នុង​ការជួយ​គាំទ្រ​អ៊ីរ៉ាក់ ខណៈដែល​កងទ័ព​អ៊ីរ៉ាក់​កំពុង​សម្រុក​វាយ​រំដោះ​ទីក្រុង Tal Afar ពី​ដៃ​ក្រុម​រដ្ឋ​ឥស្លាម​។ កងទ័ព​អ៊ីរ៉ាក់ ដែលមាន​ជំនួយ​ពី​សកម្មជន​ស៊ី​អ៊ី​ត​ផង​នោះ បាន​កាន់កាប់​តំបន់​ជាច្រើន​ជុំវិញ​ទីក្រុង ទោះជា​ត្រូវ​រង​ការ​វាយបក​របស់​ពួក​ជ្រុលនិយម​ក្ដី​។​



​កងកម្លាំង​ពិសេស​អ៊ីរ៉ាក់ ដែល​ហ្វឹកហ្វឺន​ដោយ​កងទ័ព​អាមេរិក រួម​នឹង​កម្លាំង​ប្រយុទ្ធ​ច្រើន​ក្រុម​ទៀត​បាន​កាន់កាប់​តំបន់​ជាយក្រុង Tal Afar ក្នុង​ប្រតិបត្តិ​ការរំដោះ​ទីក្រុង​ភាគ​ខាងជើង​នេះ​ពី​ការគ្រប់គ្រង​របស់​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ ស្របពេល​គ្នា​នោះ ប្រមុខ​ការពារជាតិ​អាមេរិក ជេ​ម ម៉ា​ធី​ស ក៏​ធ្វើដំណើរ​ស្ងាត់ៗ​ទៅកាន់​រដ្ឋធានី​បា​កដាដ ដើម្បី​ពិនិត្យ​ស្ថានការណ៍ និង​ផ្ដល់​កម្លាំងចិត្ត​ដល់​កងទ័ព​អ៊ីរ៉ាក់ ដែល​កំពុង​តស៊ូ​រំដោះទឹកដី​មកវិញ​។​

​នៅ​ទីក្រុង​បា​កដាដ លោក ម៉ា​ធី​ស បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ Haider al-Abadi នៅ​ថ្ងៃទី​២២ ខែសីហា​។ ក្រោយ​ជំនួប​នេះ ប្រមុខ​ការពារជាតិ​អាមេរិក​បាន​និយាយថា ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​កំពុង​រត់​ហើយ ស្រប​ពេលដែល​កម្លាំងចម្រុះ​អ៊ីរ៉ាក់​កំពុង​ប្រមូល​កម្លាំង​នៅ​ខាងក្រៅ​ទីក្រុង Tal Afar ។ យ៉ាងណាមិញ លោក ម៉ា​ធី​ស មិនទាន់​បញ្ជាក់ថា សមរភូមិ​មួយ​នេះ​នឹង​ទទួល​ជ័យជម្នះ​នៅពេលណា​ឡើយ ដ្បិត​ក្រុម​ស​រដ្ឋ​ឥស្លាម​នៅ​បន្ត​ប្រយុទ្ធ​ការពារ​នៅឡើយ​ដែរ​។​

​យោងតាម​សារព័ត៌មាន Al Jazeera លោក ម៉ា​ធី​ស បញ្ជាក់ថា សន្តិសុខ​របស់​ប្រជាជន​អ៊ីរ៉ាក់​ប្រសើរឡើង​ខ្លាំង ហើយ​ទីក្រុង​ច្រើន​ត្រូវបាន​រំដោះ​ជា​បន្តបន្ទាប់​។ លោក​បន្តថា ទោះជា​ពេលវេលា​របស់​ក្រុម​ជ្រុលនិយម​ខើច​ខ្លី​ក៏ដោយ ក៏​ពួកគេ​មិនទាន់​បោះបង់​ដែរ ហើយ​សង្គ្រាម​នេះ​នឹងមិន​ចប់​នៅពេល​ឆាប់ៗ​ដែរ​។ មកទល់ពេលនេះ សកម្មជន​រដ្ឋ​ឥស្លាម​ប្រមាណ​មួយ​ពាន់​នាក់ កំពុង​ប្រយុទ្ធ​តទល់​កម្លាំងចម្រុះ​អ៊ីរ៉ាក់​ដែល​សម្រុកចូល​ទីក្រុង Tal Afar ។​

​យោធា​អ៊ីរ៉ាក់​និយាយថា​កម្លាំង​ទ័ព​ចម្រុះ​កំពុង​សម្រុក​ទីក្រុង​តាម​ទិស​ខាងលិច និង​ឦសាន ដោយបាន​គ្រប់គ្រង​សង្កាត់​ជាច្រើន ទោះជា​រង​ការបាញ់​ផ្លោង​ពី​សំណាក់​សកម្មជន​រដ្ឋ​ឥស្លាម​ក្ដី​។ Tal Afar ស្ថិតនៅ​ចម្ងាយ​៧០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង Mosul ដែល​ទើបតែ​ត្រូវបាន​រំដោះ​ពេល​ថ្មី​នេះ​។ ក្រុម​រដ្ឋ​ឥស្លាម​បាន​គ្រប់គ្រង​ទីក្រុង​នេះ​តាំងពី​ឆ្នាំ​២០១៤ ហើយ​នៅពេលនេះ​ក្រុម​នេះ​បន្ត​គ្រប់គ្រង​ផ្នែក​ខាងលិច និង​ខាងត្បូង​ទីក្រុង​នៅឡើយ​។

​ខណៈ​ការ​វាយ​ប្រយុទ្ធ​កំពុង​ធ្វើឡើង​ក្ដៅគគុក ប្រជាជន​រាប់ពាន់នាក់​ដែល​រស់នៅក្នុង​ទីក្រុង​នេះ​បាន​រត់​ភៀសខ្លួនរ​តទី​មាន​សុវត្ថិភាព​។ ប្រជាជន​អ៊ីរ៉ាក់​ត្រូវ​ចំណាយពេល​រាប់​ម៉ោង​ដើម្បី​គេច​ពី​ការវាយប្រហារ​រវាង​ក​ម្លាំ​ង​រដ្ឋាភិបាល និង​ក្រុម​ជ្រុលនិយម ខណៈ​ជនភៀសខ្លួន​ខ្លះ​មិនមាន​សម្លៀកបំពាក់​ត្រឹមត្រូវ​ឡើយ​។ ចាប់តាំងពី​ចុង​សប្ដាហ៍​មុន​មក មនុស្ស​រាប់ពាន់នាក់​បាន​ទៅដល់​កន្លែង​មាន​សុវត្ថិភាព​ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ​៕


Tag:
 អាមេរិក​
  អ៊ីរ៉ាក់​
  ISIS
  James Mattis
© រក្សាសិទ្ធិដោយ thmeythmey.com