ជាតិ
បទវិភាគ
និស្សិត​គួរ​គិត​អ្វីខ្លះ មុននឹង​សម្រេចចិត្ត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​?
10, Sep 2017 , 2:59 pm        
រូបភាព
ដោយ:
​បច្ចុប្បន្ន និស្សិត​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង លើ​ការងារ​ស្ម័គ្រចិត្ត​។ ពួកគេ​យល់ថា ការងារ​នេះ នឹង​អាច​កសាង​សមត្ថភាព​ភាពជា​អ្នកដឹកនាំ ការធ្វើការងារ​ជា​ក្រុម ភាពក្លាហាន និង​ឱកាស​ទទួល​អាហា​រូប    ករ​ណ៍​ទៅ​ក្រៅប្រទេស ក៏ដូចជា​មានការ​ងារ​ល្អ​នាពេល​អនាគត​ជាដើម​។ ផ្ទុយ​មកវិញ បើ​និស្សិត​មិនបាន​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​មួយ​ដ៏​ត្រឹមត្រូវ​ទេ ពួកគេ​នឹង​ខាត​ពេលវេលា និង​មិនបាន​សម្រេច​គោលបំណង​ដែល​ពួកគេ​បាន​រំពឹងទុក​ពី​ការងា​ស្ម័គ្រចិត្ត​ជាដើម​។  តើ​និស្សិត​គួរ​គិត​អ្វីខ្លះ មុននឹង​សម្រេចចិត្ត​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​?



​បច្ចុប្បន្ន យុវជន សិស្ស និស្សិត ដែល​ចាប់អារម្មណ៍​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​កើនឡើង​។ ពួកគេ​ធ្វើ​ការមិន​យក​កម្រៃ ក្រោម​ហេតុផល​អភិវឌ្ឍន៍​ខ្លួនឯង និង​ជួយ​សង្គម​។ ដើម្បី​កុំ​ឲ្យ​ការចំណាយ​ពេលវេលា​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ក្លាយជា​អសា​បង់ យុវជន សិស្ស និស្សិត ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង​ឲ្យ​ច្បាស់ គិតគូរ​ពី​លទ្ធភាព និង​ពេលវេលា​ដែល​ខ្លួន​មាន​។ ម្យ៉ាងទៀត ពួកគេ ត្រូវ​ស្ម័គ្រចិត្ត​ធ្វើការ​ងារ​ណា ដែល​ត្រូវ​នឹង​ជំនាញ​ដែល​ពួកគេ​កំពុង​សិក្សា​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញ​បាន​រហ័ស​។ ខាងក្រោម​នេះ ជាគ​ន្លឺះ​ខ្លះៗ​ដើម្បី​ឲ្យ​យុវជន សិស្ស និស្សិត គិតគូរ ដើម្បី​កុំ​ឲ្យ​ខកចិត្ត​បន្ទាប់ពី​ធ្វើការ​ស្ម័គ្រចិត្ត​៖

​ទី​១  ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង​ឲ្យ​ច្បាស់ តើ​ចង់​ធ្វើ​ការងារ​រដ្ឋ ឬ​ការងារ​ឯកជន​? បើ​ចង់​ធ្វើ​ការងារ​ក្នុង​វិស័យ​ឯកជន គួរ​ចំណាយ​ពេលធ្វើ​ការងារ​ស្ម័គ្រចិត្ត​ឲ្យ​ត្រូវ​តាម​ជំនាញ និង​ស្រប​គោលដៅ​ជីវិត ព្រោះ​ដើម្បី​ចូលធ្វើការ​ក្នុង​វិស័យនេះ តាមរយៈ​ការដាក់​ពាក្យ  ឆ្លងកាត់​ការសម្ភាស និង​ទាមទារ​បទពិសោធន៍​ការងារ ច្រើន​។ ប៉ុន្តែ​បើ ចង់​ធ្វើ​ការងារ​ក្នុង​វិស័យ​រដ្ឋ​វិញ និស្សិត​គួរតែ​សិក្សា​ពី​ជំនាញ​របស់ខ្លួន​ឲ្យ​ពូកែ ជាង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​ព្រោះថា ការចូល​បម្រើ​ការងារ​រាជការ​ឆ្លងកាត់​ការប្រឡង​។



​ទី​២ ត្រូវ​គិតពី​លទ្ធភាព និង​ពេលវេលា​ដែល​ខ្លួន​មាន​។ និស្សិត​ដែលមាន​ជីវភាព​ខ្វះខាត មិនគួរ​ទៅ​ស្ម័គ្រចិត្ត​ទាំង​ជីវភាព​ខ្លួន​លំបាក​នោះទេ​។ ស្ថិតក្នុង​លក្ខខណ្ឌ​នេះ ពួកគេ​គួរតែ​ស្វែងរក​ការងារ​ដែលមាន​ចំណូល​យកមក​ផ្គត់ផ្គង់​ជីវភាព និង​ការសិក្សា​របស់ខ្លួន​ជាមុនសិន មុននឹង​ឆ្លៀត​ពេលធ្វើ​ការងារ​ស្ម័គ្រចិត្ត​។ បច្ចុប្បន្ន មាន​និស្សិត​ច្រើន បានធ្វើ​ការងារ​ស្ម័គ្រចិត្ត​ទាំង​ខ្លួនឯង​មាន​ជីវភាព​លំបាក ហើយ​ការធ្វើ​បែបនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ការសិក្សា និង​អនាគត​របស់​ពួកគេ​។

​ទី​៣ ត្រូវ​ស្ម័គ្រចិត្ត​ឲ្យ​ត្រូវ​ជំនាញ​ដែល​ខ្លួន​សិក្សា និង​ត្រូវ​កំណត់​ផល​រំពឹងទុក​ដែល​ខ្លួន​នឹង​ទទួលបាន​ពី​ការងារ​ស្ម័គ្រចិត្ត​។ ម្យ៉ាងទៀត នៅ​អំឡុង​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នោះ និស្សិត​ត្រូវ​បែងចែក​ពេលវេលា​សិក្សា និង​ធ្វើការ​ឲ្យ​ច្បា់​លាស់ ចៀសវាង​ខាត​ពេលវេលា និង​ប៉ះពាល់​ដល់​ការសិក្សា​ទៀត​នោះ​។

​ដ្បិតតែ​ជាការ​ងារ​ស្ម័គ្រចិត្ត និស្សិត​ក៏ត្រូវ​ប្រឹងប្រែង​ធ្វើការ ឲ្យ​ពី​កម្លាំងកាយ​ចិត្ត​ដែរ ព្រោះ​ការងារ​បង្រៀន​យើង​ឲ្យ​ស្គាល់​សង្គម​ច្បាស់​ជាង​មុន មាន​សមត្ថភាព​ទំនាក់ទំនង ចេះ​ធ្វើ​ការងារ មាន​ភាពជា​អ្នកដឹកនាំ​ជាដើម​។​

​ជារួម រៀន​ផង ធ្វើការ​ស្ម័គ្រចិត្ត​ផង គឺជា​រឿង​ដ៏​ល្អ ប៉ុន្តែ​មុននឹង​សម្រេចចិត្ត​ធ្វើការ​ងារ​ស្ម័គ្រចិត្ត និស្សិត​ត្រូវ​កំណត់​គោលដៅ​ខ្លួនឯង​ឲ្យ​ច្បាស់ គិតគូរ​ពី​លទ្ធភាព និង​ពេលវេលា​ដែល​ខ្លួន​មាន​។ ម្យ៉ាងទៀត ពួកគេ​ត្រូវ​ស្ម័គ្រចិត្ត​ធ្វើការ​ងារ​ណា ដែល​ត្រូវ​នឹង​ជំនាញ​ដែល​ពួកគេ​កំពុង​សិក្សា ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ជំនាញ​បាន​រហ័ស​៕


Tag:
 និស្សិត​
 ​ ការងារ​ស្ម័គ្រចិត្ត​
© រក្សាសិទ្ធិដោយ thmeythmey.com