ជាតិ
រមណីយដ្ឋានបូកគោ ត្រូវដូរទៅឈ្មោះដើមវិញឲ្យបានមុនម៉ោង១១ ថ្ងៃនេះ
× សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរខេត្តកំពត ទម្លាក់ស្លាកសញ្ញា និងឈ្មោះថ្មីរបស់រមណីយដ្ឋានបូកគោទៅឈ្មោះដើមវិញឲ្យបានមុនម៉ោង១១នៃថ្ងៃទី២៣ខែកញ្ញានេះ។ បញ្ជារបស់សម្តេចហ៊ុន សែន ត្រូវបានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយពីមានការផ្សព្វផ្សាយអំពីការដូរឈ្មោះរមណីយដ្ឋាបូកគោ ទៅជារមណីយដ្ឋានសុខាឋានសួគ៌ ហើយឈ្មោះថ្មីនេះបានបង្កឲ្យមានប្រតិកម្មភ្លាមពីមហាជន។
សម្តេចនាយករដ្ឋមន្ត្រី ដែលបានទទួលដំណឹងអំពីការដូរឈ្មោះរមណីយដ្ឋានប្រវត្តិសាស្ត្រតាមរយៈការជូនដំណឹងរបស់មហាជន បានសរសេរនៅលើទំព័រហ្វេសប៊ុកសម្តេចនៅព្រឹកថ្ងៃសៅរ៍នេះថា រដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹងអំពីការដូរឈ្មោះតំបន់ប្រវត្តិសាស្ត្រនេះទេ។ ដោយបញ្ជាក់អំពីការបញ្ជាទៅអាជ្ញាធរខេត្តកំពតឲ្យដោះស្លាកសញ្ញា និងឈ្មោះថ្មីនៃរមណីយដ្ឋានបូកគោ ដែលសម្រេចដោយក្រុមហ៊ុនសុខានោះ សម្តេចបានសរសេរបញ្ជាក់បន្ថែមប្រាប់ជនរួមជាតិថា៖«តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុនសុខា ក្រុមហ៊ុនដែលទទួលសិទ្ធិវិនិយោគតំបន់រមណីយដ្ឋានបូកគោនេះបានប្រកាសជូនដំណឹងអំពីការផ្លាស់ប្តូរតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ ទៅជាតំបន់រមណីយដ្ឋាន សុខាឋានសួគ៌។ ការដូរឈ្មោះនេះតំបន់ប្រវត្តិសាស្ត្រនេះ ត្រូវបានមហាជនរិះគន់ និងបង្ហាញការមិនពេញចិត្តនៅតាមបណ្តាញសង្គមហ្វេសប៊ុក៕
© រក្សាសិទ្ធិដោយ thmeythmey.com