ជាតិ
បទសម្ភាសន៍
ប្រចៀវ នៅ​ភ្នំ​សំពៅ​ជិត​២​លាន​ក្បាល ហើរ​ចេញពី​ល្អាង​មួយ​ម៉ោង អាច​ផ្ដល់​ចំណូល​ឲ្យ​ពលរដ្ឋ​ជាង​១០​ម៉ឺន​រៀល​
23, Sep 2017 , 8:39 pm        
រូបភាព
បាត់ដំបង​៖ ភ្នំ​សំពៅ គឺជា​រមណី​ដ្ឋា​ន​ធម្មជាតិ​មួយ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ ភ្នំ​សំពៅ មាន​កម្ពស់​១០០​ម៉ែត្រ ដែលមាន​ចម្ងាយ​១២​គីឡូម៉ែត្រ ពី​ក្រុង​បាត់ដំបង​។ នៅលើ​ភ្នំ​សំពៅ​នេះ មាន​វត្ត​អា​រ៉ា​ម ល្អាង និង​ទីតាំង​ធម្មជាតិ​ជាច្រើន ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។ ក្នុងចំណោម​ទីតាំង​ធម្មជាតិ​លើ​ភ្នំ​សំពៅ​នេះ សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ទីតាំង​ល្អាង​ប្រចៀវ ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ ជម្រាបជូន​ទស្សនិកជន​ដូចតទៅ​៖





​នៅពេលដែល លោក​-​អ្នកនាង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៥៧ (​អតីត​ផ្លូវជាតិ​លេខ​១០) ចេញពី​ក្រុង​បាត់ដំបង​ចម្ងាយ​១២​គីឡូម៉ែត្រ លោក​-​អ្នកនាង នឹង​បាន​ទៅដល់​ទីតាំង​ភ្នំ​សំពៅ ដែល​ស្ថិតនៅក្នុង​ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។ នៅ​ទីនោះ​លោកអ្នក​នាង ប្រាកដជា​ឮ​សំឡេង​ទ្រហឹង អឺងកង​របស់​សត្វ​ប្រចៀវ រាប់លាន​ក្បាល​នៅក្នុង​ល្អាង នៅលើ​ភ្នំ​សំពៅ​នេះ​។ ល្អាង​ប្រចៀវ​នេះ គឺជា​ល្អាង​មួយ​ក្នុងចំណោម​ល្អាង​ទាំងបី នៃ​ភ្នំ​សំពៅ ដែលមាន​សំបុក​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​រស់នៅ​ប្រមាណ​ជា​២​លាន​ក្បាល​។​

​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​នៅក្នុង​ល្អាង​ភ្នំ​សំពៅ​នេះ អាច​ហើរ​បាន​ចម្ងាយ​៥០​គីឡូម៉ែត្រ ។ ហើយ​ពួកវា​តែងតែ​ហើរ​ចេញពី​ល្អាង នៅ​ម៉ោង​៦​ល្ងាច​ជា​រៀងរាល់ថ្ងៃ ដោយ​ធ្វើដំណើរ​ទៅកាន់​តំបន់​ព្រៃ​ជុំវិញ​បឹង​ទន្លេសាប ដើម្បី​ចាប់​សត្វល្អិត​ជា​ចំណីអាហារ ដូចជា​សត្វ​មូស សត្វ​មមាច និង​សត្វល្អិត​ដែល​បំផ្លាញ​ទិ​ន្និ​ផល​កសិកម្ម​ជាដើម​។ ប្រចៀវ​ប្រភេទ​នេះ​មួយ​ក្បាល អាច​ស៊ី​ចំណីអាហារ​ពី​៥០​ទៅ​១០០​ភាគរយ នៃ​ទម្ងន់​ខ្លួន​របស់​វា (១៥​ក្រាម​) ជា​រៀងរាល់​យប់ ។​ដូច្នេះ​ការ​ស៊ី​សត្វល្អិត​ទាំងនេះ វា​អាចជួយ​ការពារ​ទិ​ន្និ​ផល​ស្រូវ បាន​លើសពី​២០០០​តោន​ក្នុង​មួយឆ្នាំ ។​

​តាមរយៈ​ទិដ្ឋភាព​ហើរ​ជា​ហ្វូង​របស់​សត្វ​ប្រចៀវ​ជិត​២​លាន​ក្បាល​នៅ​ភ្នំ​សំពៅ​នេះ វា​ក៏​ជា​ចំណែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ផងដែរ​។ ជាពិសេស​ការផ្ដល់​ចំណូល​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​លក់ដូរ​ចំណីរ​អាហារ​នៅ​ទីនោះ​។​

​សត្វ​ប្រចៀវ​ជ្រួញ​បបូរមាត់​នេះ ត្រូវបាន​គេ​រកឃើញ​មាន​ចំនួន​១៣​សំបុក​ក្នុងប្រទេស​កម្ពុជា ដែលមាន​សត្វ​ប្រចៀវ​សរុប​ជាង​៦,៥ លាន​ក្បាល ដោយ​ក្នុងនោះ​សំបុក​សត្វ​ប្រចៀវ​នៅ​ភ្នំ​សំពៅ​នេះ មាន​ចំនួន​ច្រើនជាងគេ​។ សំបុក​សត្វ​ប្រចៀវ​ប្រភេទ​ជ្រួញ​បបូរមាត់​នេះ មិនសូវមាន​ការកើនឡើង​ទេ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយសារតែ​មានការ​ប​របាញ់ និង​ការ​គាស់​ថ្ម​នៅ​កន្លែង​ដែល​ពពួក​វា​រស់នៅ​៕ នេះ​បើតាម​របាយការណ៍​អង្គការ FAUNA & FLORA៕


© រក្សាសិទ្ធិដោយ thmeythmey.com