អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​ជា​ស្ត្រី​បាត់​ឱកាស​កាន់តំណែង​កំពូល​ជាការ​រើសអើង​ប្រឆាំង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​?
23, Sep 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ការរើសអើង​ប្រឆាំង​ស្ត្រីភេទ​ក្នុង​វិស័យ​នយោបាយ​ក្លាយជា​ប្រធាន​ដែល​គេ​យកមក​ពិភាក្សា ស្រប​ពេលដែល​មេដឹកនាំ​កំពូល​ជា​ប៉ុន្មាន​រូប​ទូទាំង​ពិភពលោក​បាត់បង់​តំណែង​ជា​បន្តបន្ទាប់​និង​មិនអាច​ប្រជែង​ឈ្នះ​បុរស​ក្នុងការ​ដណ្តើម​តំណែង​កំពូល​ផង​។ ក្នុងចំណោម​ស្ត្រី​ជា​មេដឹកនាំ​ទាំងនោះ​មាន​លោកស្រី Dilma Roussef អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល​, លោកស្រី​ហ៊ី​ឡា​រី គ្លី​ន អតីតរដ្ឋមន្ត្រី​ការបរទេស និង​ជា​បេក្ខជន​ប្រធានាធិបតី និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ អតីត​ប្រធានាធិបតី​កូរ៉េខាងត្បូង​។



​ការរើសអើង​ប្រឆាំង​ស្ត្រីភេទ​កើតមានឡើង​តាំងពី​យូរយារ​ណាស់​មកហើយ​លើ​ពិភពលោក​។​ស្ត្រី​មិនត្រូវ​បាន​គេ​ឲ្យ​តម្លៃ ហើយ​គេ​ក៏​មិន​ឲ្យ​ស្ត្រី​ធ្វើការ​ងារ​ធំៗ​ដែរ​។ ប៉ុន្តែ​រយ​យៈ​ពេល​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ អ្វី​គ្រប់យ៉ាង​ប្រែប្រួល ហើយ​ពិភពលោក​ចាប់ផ្តើម​ផ្តល់​តម្លៃ​ឲ្យ​ស្ត្រីភេទ​និង​ផ្តល់ឱកាស​ឲ្យ​ស្ត្រី​កាន់កាប់​តំណែង​កំពូល​ក្នុង​វិស័យ​នយោបាយ​របស់​រដ្ឋ​ទៀត​។​

​យ៉ាងណាមិញ ការបណ្តេញ​មេដឹកនាំ​កំពូល​ស្ត្រី​ពីររូប​ពី​តំណែង ក្នុងនោះ​មាន​លោកស្រី អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល Dilma Rouseff និង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ រួមទាំង​ការបរាជ័យ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ក្នុងការ​ដណ្តើម​កៅអី​ប្រធានាធិបតី​នោះ បាន​ក្លាយជា​ប្រធានបទ​ចម្រូងចម្រាស​ក្នុង​ការជជែក​វែកញែក​ពិភាក្សា​។ គេ​វាយតម្លៃថា បញ្ហា​នេះ​សុទ្ធសឹងតែ​ជាការ​រើសអើង​ប្រឆាំង​ស្ត្រី​ក្នុង​វិស័យ​នយោបាយ​ទាំងអស់​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ និង​លោកស្រី Dilma Rouseff សុទ្ធតែ​ត្រូវ​បណ្តេញចេញ​ព្រោះ​អំពើពុករលួយ ហើយ​អ្នក​ទាំងពីរ​ក៏​សុទ្ធតែជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​របស់​រដ្ឋ​ដែរ​។​


                                         (លោកស្រី Dilma Rousseff អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល)

​ទីមួយ លោកស្រី Dilma Rousseff ដែលជា​អតីត​ប្រធានាធិបតី​ប្រេ​ស៊ី​ល ត្រូវបាន​គេ​បណ្តេញ​ចេញពី​តំណែង​ដោយសារ​រង​ការចោទប្រកាន់ថា​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​កាលពី​ខែសីហា ឆ្នាំ ២០១៦​។ លោកស្រី Dilma Rousseff ត្រូវបាន​ព្យួរ​តំណែង​តាំងតែ​ពី​ខែឧសភា​ឆ្នាំ ២០១៦ ដើម្បី​បើកផ្លូវ​ដល់​ដំណើរការ​កាត់ក្ដី​លោកស្រី​ដោយ​ព្រឹទ្ធសភា​។ ប្រធានាធិបតី​ស្ត្រី​ទីមួយ​របស់​ប្រេ​ស៊ី​ល​រូបនេះ បាន​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​មកលើ​លោកស្រី ដោយ​អះអាងថា លោកស្រី​មិនដែល​ធ្វើ​ខុស​អ្វី​ឡើយ ហើយ​គ្រប់យ៉ាង​វា​ពាក់ព័ន្ធ​បញ្ហានយោបាយ​ប៉ុណ្ណោះ​។

​បន្ទាប់ពី​លោកស្រី Dilma Rouseff គឺ​ការបរាជ័យ​យ៉ាង​អាម៉ាស​របស់លោក​ស្រី​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក ហ៊ី​ឡា​រី គ្លី​ន​តុ​ន កាលពី​ថ្ងៃ ៨​ខែវិច្ឆិកា​ឆ្នាំ ២០១៦ ក្នុងការ​ប្រកួតប្រជែង​យក​តំណែង​ប្រធានាធិបតី​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។​


                                      (លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ​អតីតរដ្ឋមន្ត្រី​ការបរទេស​អាមេរិក)

គ្រប់គ្នា​សុទ្ធតែ​រំពឹងថា លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន នឹង​ក្លាយជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ផង ហើយ​មាន​របាយការណ៍​ស្ទង់​មតិ​ជាច្រើន​ដែល​សុទ្ធតែ​បង្ហាញថា​លោកស្រី​ឈ្នះឆ្នោត​ថែមទៀត​។ ប៉ុន្តែ​ចុងក្រោយ គ្រប់យ៉ាង​ខុសពី​ការរំពឹងទុក​ទាំងស្រុង​។ លោក ដូ​ណា​ល់ ត្រាំ ដែលជា​បេក្ខជន​និយាយស្តី​មិនចេះ​គិត និង​ជា​អ្នកជំនួញ​គ្មាន​ប្រវត្តិ​និង​បទពិសោធន៍​ក្នុង​វិស័យ​នយោបាយ ទើប​ក្លាយជា​ប្រធានាធិបតី​អាមេរិក​ទៅវិញ​។

​មួយវិញទៀត​គឺ សំណុំ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកស្រី ប៉ាក ហ្គឺ​ន​ហេ​។ លោកស្រី​ប៉ាក ជា​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង ប៉ុន្តែ​លោកស្រី​ក៏បាន​ក្លាយជា​ប្រធានាធិបតី​ដំបូង​បំផុត​ដែរ​ដែល​ត្រូវគេ​បណ្តេញ​ចេញពី​តំណែង​ដែរ​។


(លោកស្រី ប៉ាក ហ្គឺ​ន​ហេ អតីត​ប្រធានាធិបតី​ស្ត្រី​ដំបូង​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កូរ៉េខាងត្បូង)

ប្រធានាធិបតី​រូបនេះ​រង​ការចោទប្រកាន់​ពាក់ព័ន្ធ​បញ្ហា​ពុករលួយ​និង​រំលោភ​អំណាច​រដ្ឋ​ប្រហាក់ប្រហែល​នឹង​សំណុំរឿង​លោកស្រី Dilma Rouseff ដែរ​។ លទ្ធផល​ស៊ើបអង្កេត​នៃ​រដ្ឋអាជ្ញា​ពិសេស​កាលពី​ខែ​ដើមខែ​មីនាឆ្នាំ ២០១៧​បង្ហាញថា លោកស្រី ប៉ាក ហ្គឺ​ន​ហេ ពិតជា​មាន​ជាប់ទាក់ទង​ក្នុង​សំណុំរឿង​ពុករលួយ​របស់​មិត្ត​ភ័ក្តិ​លោកស្រី គឺ​លោកស្រី Choi Soon-sil ដែល​រង​ការចោទប្រកាន់ថា​បាន​លូកលាន់​កិច្ចការរដ្ឋ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​។ រហូតដល់​ថ្ងៃ ១០ ខែមីនា​លោកស្រី ត្រូវបាន​តុលាការ​ធម្មនុញ្ញ​ដកហូត​តំណែង​ជា​ផ្លូវការ ហើយ​ដល់​ចុងខែ​មីនា​លោកស្រី​ក៏ត្រូវ​តុលាការ​សម្រេច​ចេញ​ដីកាឃុំខ្លួន​ថែមទៀត​។ លោកស្រី ប៉ាក ហ្គឺ​ន​ហេ កម្សត់​ជាង​លោកស្រី Dilma Rouseff ព្រោះ​លោកស្រី​មិន​ត្រឹមតែ​បាត់បង់​តំណែង​ប៉ុណ្ណោះ​ទេ តែ​ក៏​អាច​នឹង​ជាប់ពន្ធនាគារ​ច្រើនជាង ១០​ឆ្នាំ​ផង បើសិន​ការស៊ើបអង្កេត​រកឃើញ​ថា​លោកស្រី​មាន​កំហុសឆ្គង​ក្នុងករណី​ជាច្រើន​ដូចជា​ការទទួល​សំណូក​, រំលោភ​អំណាច​រដ្ឋ​, ការគំរាមកំហែង និង​ការ​បែកធ្លាយ​កិច្ចការ​សម្ងាត់​រដ្ឋ​ផង​នោះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com