អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងត្បូងចង់ពង្រឹងសមត្ថភាពយោធាខ្លួនឯងជាងការពង្រាយសព្វាវុធអាមេរិក
× ការសន្យារបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់សព្វាវុធទំនើបៗដល់កូរ៉េខាងត្បូង គឺជាឱកាសសម្រាប់ក្រុងសេអ៊ូលក្នុងពង្រឹងសមត្ថភាពយោធារបស់ខ្លួនឲ្យកាន់តែខ្លាំងប្រឈមមុខការគំរាមកំហែងរបស់កូរ៉េខាងជើង។ មុននេះ គេឃើញមានការពិភាក្សាជុំវិញការពង្រាយអាវុធនុយក្លេអ៊ែរររបស់អាមេរិកនៅកូរ៉េខាងត្បូង ប៉ុន្តែគំនិតត្រូវបានមេដឹកនាំកូរ៉េខាងត្បូងទាត់ចោល។ ក្រុងសេអ៊ូលទំនងជាចង់ឲ្យខ្លួនឯងខ្លាំងជាជាងការពឹងផ្អែកលើក្រុងសេអ៊ូល។
ការគំរាមកំហែងពីកូរ៉េខាងជើងបានកើនឡើងខ្លាំង ខណៈដែលកូរ៉េខាងជើងប្រឹងប្រែងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលមិនចេះឈប់។ រដ្ឋកុម្មុយនីស្តក្រីក្រមួយនេះ បានបាញ់មីស៊ីលច្រើនជាងដប់ដង និងសាកល្បងគ្រាប់បែកអ៊ីដ្រូសែនម្ដងទៅទៀត។ កូរ៉េខាងត្បូងដែលនៅជាប់កូរ៉េខាងជើងពិតជាដេកមិនលក់បក់មិនល្ហើយនឹងទង្វើគ្រោះថ្នាក់បែបនេះឡើយ ហើយចាំបាច់ត្រូវបង្កើនសមត្ថភាពរបស់ខ្លួនឲ្យខ្លាំងជាងមុន។
ដើម្បីការពារខ្លួន កូរ៉េខាងត្បូងត្រូវការអាមេរិកជាចាំបាច់។ ប្រធានាធិបតី ដូណាល់ ត្រាំ ក៏ប្រកាសជាចំហថា អាមេរិកនឹងជួយផ្គត់ផ្គង់សព្វាវុធឲ្យកូរ៉េខាងត្បូងដើម្បីទប់ទល់ការវាយប្រហារណាមួយពីកូរ៉េខាងជើង។ ក្នុងជំនួបសមភាគីកូរ៉េខាងត្បូង មូន ចេអ៊ីន នៅទីក្រុងញវយ៉កនៅថ្ងៃទី២១ ខែកញ្ញា លោក ត្រាំ ក៏ឯកភាពក្នុងការពង្រឹងសមត្ថភាពសម្ព័ន្ធមិត្តរបស់អាមេរិកតាមរយៈគម្រោងរបស់ក្រុងសេអ៊ូលក្នុងការទិញ និងអភិវឌ្ឍសព្វាវុធស៊េរីចុងក្រោយ។
ជាមួយនឹងគម្រោងការទិញអាវុធរបស់កូរ៉េខាងត្បូង គេមើលឃើញថា អាមេរិកអាចរកប្រាក់ចំណូលបានច្រើនក្រាស់ក្រែលខ្លាំង ខណៈដែលស្ថានការណ៍នៅឧបទ្វីបកូរ៉េកាន់តែស្រួចស្រាល់។ ទោះជាគេមិនដឹងច្បាស់ថា លោក ត្រាំ ចង់ជួយសម្ព័ន្ធមិត្តដោយស្មោះ ឬក៏កំពុងកេងចំណេញក្ដី ការផ្ដល់ភ្លើងខៀវក្នុងការលក់អាវុធនេះ គឺជាឱកាសល្អសម្រាប់សេអ៊ូលក្នុងការបង្កើនសមត្ថភាពរបស់ខ្លួន ជាជាងពឹងផ្អែកលើអាមេរិកខ្លាំងពេក។
មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ថា ភាគីទាំងសងខាងបានពិភាក្សាគ្នានៅថ្នាក់ក្រុមការងារលើការទិញអាវុធនេះ ប៉ុន្តែប្រឈមមុខការលំបាកក្នុងពេលចរចា។ កូរ៉េខាងត្បូង មានបំណងទិញសព្វាវុធជាច្រើនមុខពីអាមេរិកដើម្បីទុកការពារខ្លួន ក៏ដូចជាបង្កើនសមត្ថភាពឲ្យប្រហាក់ប្រហែលកូរ៉េខាងជើង។
នាវាមុជទឹក និងរ៉ាដាស៊ើបការណ៍ ស្ថិតក្នុងបញ្ជីសព្វាវុធត្រូវទិញ
រដ្ឋបាលប្រធានាធិបតី មូន ចេអ៊ីន កំពុងពិចារណាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដើម្បីទប់ទល់កម្លាំងទ័ពជើងទឹកូរ៉េខាងជើងដែលមាននាវាមុជទឹកដល់ទៅ៧០គ្រឿង ហើយខ្លះមានបំពាក់មីស៊ីលបាលីស្ទិកទៅទៀត។ មកទល់ពេលនេះ ទ័ពជើងទឹកកូរ៉េខាងត្បូងបានប្រើប្រាស់នាវាមុជទឹកដើរតាមថាមពលឥន្ធនៈប៉ុណ្ណោះ។ គោលដៅទិញនាវាមុជទឹកនុយក្លេអ៊ែរ ក៏ជាយុទ្ធសាស្ត្រមួយដែលចៀសផុតពីការពង្រាយសព្វាវុធអាមេរិកនៅកូរ៉េខាងត្បូងផងដែរ។
ស្របពេលក្រសួងការពារជាតិកូរ៉េខាងត្បូងកំពុងតែសិក្សាពីលទ្ធភាពក្នុងការទិញនាវាមុជទឹកនេះ គេឃើញមានការជជែកដេញដោលយ៉ាងច្រើននៅកូរ៉េខាងត្បូងជុំវិញផែនការនេះ ព្រោះវាអាចធ្វើឲ្យស្ថានភាពនៅឧបទ្វីបកូរ៉េខាងធ្លាក់ចុះខ្លាំង។ ក្រុងសេអ៊ូលត្រូវការយ៉ាងហោចណាស់នាវាមុជទឹកបីគ្រឿងដើម្បីប្រចាំការ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលឡើយ ដ្បិតអាមេរិកមិនដែលលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរទៅឲ្យបរទេសទេ។ នេះមិនទាន់គិតពីថ្លៃទិញ និងថ្លៃថែទាំងផង។
ក្រៅពីនាវាមុជទឹក កូរ៉េខាងត្បូងក៏ចង់បានឧបករណ៍តាមដានផងដែរ ជាពិសេសយន្តហោះផ្កាយរណបស៊ើបការណ៍តែម្ដង។ យោធាកូរ៉េខាងត្បូងពឹងយ៉ាងខ្លាំងលើប្រព័ន្ធរ៉ាដារបស់អាមេរិកដើម្បីស៊ើបការណ៍ពីទីតាំងយោធាកូរ៉េខាងជើង និងមូលដ្ឋានសាកល្បងមីស៊ីល ទោះជាសព្វថ្ងៃនេះ ខ្លួនប្រើប្រាស់មនុស្ស និងការចាប់រលកសញ្ញាដើម្បីទទួលព័ត៌មានក្ដី។ ឯអាមេរិកទៀតសោត ក៏រឹតត្បិការផ្ទេរព័ត៌មានផងដែរ ព្រោះជាការសម្ងាត់យោធា ដែលនេះធ្វើឲ្យកូរ៉េខាងត្បូងប្រឈមមុខការលំបាកខ្លាំង។
ជាមួយនឹងគម្រោងទិញសព្វាវុធទំនើបនេះ កូរ៉េខាងត្បូងត្រូវចំណាយលុយរាប់ពាន់លានដុល្លារឯណោះ ព្រោះអាមេរិកមិនមែនលក់អាវុធរបស់ខ្លួនដោយទទេឡើយ។ លើសពីនេះ លោកប្រធានាធិបតី មូន ចេអ៊ីន ក៏អាចជួបការរិះគន់ខ្លាំងពីមតិក្នុងស្រុកលើការចំណាយច្រើនលើសលប់ក្នុងការពង្រឹងសមត្ថភាពយោធានេះទៀតផង។ ជាក់ស្ដែងនោះ កូរ៉េខាងត្បូងមិនទាន់បង់ប្រាក់មួយពាន់លានដុល្លារឲ្យរដ្ឋបាលលោក ត្រាំ ជុំវិញការពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ផង៕
© រក្សាសិទ្ធិដោយ thmeythmey.com