ជាតិ
ផ្ទះ ដាប ឈួន ក្លាយជា​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា​
23, Sep 2017 , 10:19 pm        
រូបភាព
សៀមរាប​៖ ជាទី​តាំង​ប្រវត្តិសាស្ត្រ​មួយ ផ្ទះ​លោក ដាប ឈួន ដែល​ធ្លាប់តែ​ស្ងប់ស្ងាត់ បាន​ក្លាយជា​កន្លែង​បណ្តុះបណ្តាល​យុវជន តាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ និង​គោលនយោបាយ​ជាតិ​ស្តីពី​ការ​អភិ​វ​ឌ្ឈ​យុវជន​កម្ពុជា ពិសេស​ទីនេះ​មាន​បណ្ណាល័យ​សាធារណ ថ្នាក់​ព័ត៌មានវិទ្យា ការអប់រំ​លើកកម្ពស់​ការយល់ដឹង​ពី​បេតិកភណ្ឌ​វប្បធម៌ របាំ​បូរាណ​ប្រពៃណី ការ​ហ្វឹក​ការងារ​និង​កិច្ចការ​យុវជន​ស្ម័គ្រចិត្ត ជំនាញ​ទន់ ការតម្រង់ទិស​សិក្សា​និង​ស​គ្រិន​ភាព ជាដើម ដែល​បាននិងកំពុង​បម្រើ​ដល់​យុវជន​ក្នុង​ខេត្តសៀមរាប និង​ទូទាំងប្រទេស​។ បច្ចុប្បន្ន ផ្ទះ​នេះ ជា​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។



​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ ដែល​ធ្លាប់​ស្គាល់​ផ្ទះ​លោក ដាប ឈួន ជា​អតីត​ស្តេចត្រាញ់ និង​ជា អតីត​ចៅហ្វាយ​ខេត្តសៀមរាប ដ៏​មាន​ឥទ្ធិពល​? ទំនងជា​ភាគរយ​ខ្ពស់​ដែល​ស្គាល់ មានតែ​អ្នក សៀមរាប ហើយក៏​ជា​មនុស្ស​ចាស់ៗ​ទៅទៀត ដែល​ធ្លាប់​បានដឹង និង​ស្តាប់ឮ​ខ្លះៗ​ពី ប្រវត្តិ​លោក ដាប ឈួន​។​

​សំណង់​អាគារ​ផ្ទះ​លោក ដាប ឈួន មាន​ទម្រង់​ស្ថាបត្យកម្ម​ប្លែក រាង​តូច តែមាន​រចនាបថ ពិសេស ដែល​ពិបាក​រក​ក្នុង​សិល្បៈ​ស្ថាបត្យកម្ម​ទំនើប ព្រោះថា គេ​កម្រ​ធ្វើ​ផ្ទះ​ដែលមាន​ភាពស្មុគស្មាញ​បែបនេះ​ណាស់​។ ផ្ទះ​នេះ​ទំនង​សង់​ឡើង​អំឡុងពេល​លោក ដាប ឈួន ចូលរួម​ជាមួយ​រាជការ សម្តេច នរោត្តម សីហនុ ឆ្នាំ​១៩៤៩ ដល់​ឆ្នាំ​១៩៥៩ ក្រោយ​លោក​ផ្តាច់ខ្លួន ចេញពី​ខ្មែរ​ឥស្សរ ឬ​ខ្មែរ​សេរី​។ បច្ចុប្បន្ន​ផ្ទះ​នេះ​មាន​បន្ទប់​សរុប​ទាំងអស់​ចំនួន ១២ ដែល​ធ្វើ​ឲ្យ គេ​នឹកស្មាន​មិន​ដល់​។​



​លោកនាយក​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា បាន​លើកឡើងថា កន្លងមក​ធ្លាប់​គេ​គិតថា ផ្ទះ ដាប ឈួន​នេះ មាន​បំពាក់​ជណ្តើរយន្ត តែ​ធាតុពិត ផ្ទះ​នេះ​គ្មាន​នោះទេ តាំងពី​លោក​ចូលមក​ធ្វើការ​នៅទីនេះ​នា​ឆ្នាំ​១៩៩៤​កន្លងទៅ​។ ប៉ុន្តែ​លោកនាយក​មិន​បានដឹង​ច្បាស់​ថា​អាចមាន​ឬ​អត់​ក្នុងអំឡុង​ពេលដែល​កង​ទ័ព​ស្ម័គ្រចិត្ត​វៀតណាម​បោះទីតាំង​នៅទីនេះ ពី​ឆ្នាំ​៧៩​ដល់​៨៩ អាច​វៀតណាម​ដកចេញ​ក៏​មិនដឹង​។​

​តាម​ឯកសារ​ដែល​លោកនាយក អ៊ុក សុធា បាន​ស្រាវជ្រាវ​កន្លងមក ផ្ទះ​លោក ដាប ឈួន ដែល​សព្វថ្ងៃ ក្លាយជា​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ធ្លាប់ជា​ទីតាំង​កងទ័ព​ជា​ហូរហែរ ក្រោយ​លោក ដាប ឈួន អស់អំណាច​។ នៅ​សម័យ លន់ ណ​ល់ ផ្ទះ​នេះ​ជា​បន្ទាយ​ទាហាន​ជួរមុខ សម្រាប់​ទប់ទល់​នឹង​ក​ង​ទ័ព​ខ្មែរក្រហម​។ នៅ​សម័យ​ខ្មែរក្រហម ផ្ទះ​នេះ​ត្រូវគេ​ប្រើ​ជា​គុក សម្រាប់​ដាក់​កម្មាភិបាល​នាពេលនោះ​។ ក្រោយ​ឆ្នាំ ៧៩​ដល់ ៨៩ ផ្ទះ​ស្តេចត្រាញ់ ដាប ឈួន ជាទី​បញ្ជាការ​កងទ័ព​វៀតណាម​។



​មុន​ការ​ដកទ័ព​ចេញពី​ប្រទេស​កម្ពុជា កងទ័ព​វៀតណាម​បានធ្វើការ​ជួសជុលផ្ទះ ដាប ឈួន នៅ​ឆ្នាំ​១៩៨៨ ដោយ​កែលម្អ​ទៅជា​អាគារ​ថ្មី និង​បាន​ក្លាយជា​អាគារ «​វប្បធម៌​កុមារ ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ​» ដោយមាន​ការចូលរួម និង​ចាត់ចែង​ដោយ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​បដិវត្តន៍​ខេត្ត និង​អតីត​ថ្នាក់ដឹកនាំ​យុវជន​នាកាល​នោះ ដែលមាន​លោក សោម សារ៉ូ អតីត​អនុប្រធាន​មន្ទីរអប់រំ​ខេត្តសៀមរាប ជា​អ្នកសម្របសម្រួល​មើល​ការខុសត្រូវ​។​

​លោក អ៊ុក សុធា បាន​រៀបរាប់​បន្តថា ការបង្កើត​អាគារ​វប្បធម៌​កុមារ​នេះ​ឡើង គឺ​ដោយសារ​ថ្នាក់​គ្រប់គ្រង​នៅពេលនោះ​មាន​គោលបំណង​ចង់​ផ្លាស់ប្តូរ​ទីតាំង​ដែល​ធ្លាប់ធ្វើ​កិច្ចការ​ទាក់ទង​នឹង​សង្គ្រាម មកជា​ទីតាំង​សម្រាប់​អប់រំ​មនុស្ស​ម្តង​។ អាគារ​នេះ បានរៀបចំ​សកម្មភាព​យកចិត្តទុកដាក់​លើ​ការអប់រំ​ជំនាញ​ខ្លីៗ សម្រាប់​មនុស្ស​ជំនាន់​ថ្មី​ឲ្យ​ស្គាល់​ពី​បច្ចេកវិទ្យា​ទំនើប​។ ការអប់រំ​នៅ​ទីនោះ រួមមាន​ផ្នែក​តន្ត្រី ភ្លេង របាំ ។​ល​។ និង​សម្រាប់​ទាក់ទង​ការងារ​យុវជន ក្នុងសម័យ​រដ្ឋ​កម្ពុជា​។ ជាងនេះទៅទៀត អាគារ​នេះ​ដើរតួ​សំខាន់​សម្រាប់​ពង្រឹងសមត្ថភាព យុវជន​ឲ្យ​ចេះ​ធ្វើ​ការងារ​ជា​ក្រុម និង​រៀន​កសាង​សមត្ថភាព​ដើរ​ដោយ​ខ្លួនឯងបាន​។​



​ឆ្នាំ​១៩៩៣ អាគារ​វប្បធម៌​កុមារ បាន​ផ្ទេរ​ការគ្រប់គ្រង​ពី​សមាគមយុវជន​កម្ពុជា ទៅជា​មជ្ឈមណ្ឌល​យុវជន​កម្ពុជា​ខេត្ត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ក្នុងនាម​ជា មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៦ ទីតាំង​នេះ​មិនសូវមាន​សកម្មភាព​ច្រើន​ទេ​។ ចាប់ពី​ឆ្នាំ​១៩៩៩ ដល់​២០១៣ មជ្ឈមណ្ឌល​នេះ​មាន​ដៃគូ​បរទេស​ជាច្រើន ដោយបាន​ធ្វើ​កិច្ចសហការ ជួយ​លើ​ការងារ​អប់រំ និង​សិល្បៈ​ជាដើម ព្រោះថា សិល្បៈ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​របស់​វប្បធម៌ ដែល​នៅក្បែរ​តំបន់​ប្រាសាទបុរាណ​។​

​លោក សុធា រម្លឹកថា លោក​ពិត​ជាមាន​មោទនភាព​ណាស់ ពេល​លោក​ក្លាយជា​នាយក​គម្រោង​រប​ស់​សាលា​សិល្បៈ​បូរាណ​ខ្មែរ​ខេត្តសៀមរាប​របស់​អង្គការ​អ៊ីតាលី​សង្គ្រោះ​កុមារ CIAI នៅក្នុង​មជ្ឈមណ្ឌល​ពី​ឆ្នាំ ២០០៦ ដល់​២០១៣ ដោយបាន​កសាង​ធនធានមនុស្ស​សិល្បៈករ​ជាច្រើន​នៅពេលនោះ​។ ទីនេះ​ផងដែរ គឺ​បាន​ស្វាគមន៍​ការបោះ​ជំរំ និង​ទស្សនកិច្ច​សិក្សា​របស់​ប្រតិភូ​យុវជន​ទូទាំងប្រទេស និង​មកពី​បណ្តា​ខេត្ត​នានា និង​យុវជន​អន្តរជាតិ​ផង ដែល​ក្នុង​មួយឆ្នាំ គម្រោង​នេះ​ធ្វើការ​ជាមួយ​យុវជន​មិន​ក្រោម ១៥០០ ទៅ​២០០០ នាក់​នោះទេ​។​



​នៅ​ឆ្នាំ​២០០៩ អាគារ​ផ្ទះ ដាប ឈួន ត្រូវបាន​ជួសជុល និង​កែលម្អ​សាជាថ្មី​ដោយ​គណៈកម្មការ សមាគមជាតិ​យូណេស្កូ​កូរ៉េ រួម​និង​ក្រុមហ៊ុន​មួយ​ឈ្មោះ High One Resort  ដែល​សម្របសម្រួល​ដោយ​ជនជាតិ​កូរ៉េ​មួយរូប បានរៀបចំ​ទីនេះ​ឲ្យ​ក្លាយជា​បណ្ណាល័យ​សាធារណ​មួយ​ដែលមាន​ទ្រង់ទ្រាយ​ធំ​។ បំណង​នៃ​ការរៀប​ចំនេះ គឺ​ដើម្បី​ឲ្យ​យុវជន​មានឱកាស​ចូលរួម​ស្រាវជ្រាវ​ឯកសារ ដោយ​បណ្ណាល័យ​ទាំងមូល ចែកជា​២ មួយ​សម្រាប់​មនុស្សពេញវ័យ និង​មួយ​សម្រាប់​កុមារ​។ ក្នុង​បណ្ណាល័យ​នេះ មាន​សៀវភៅ​ទាំងអស់ សរុប​ជាង​កន្លះ​ម៉ឺន​ក្បាល និង​មាន​បំពាក់​សេវា​អ៊ិន​ធឺ​ណិ​ត ដោយ​ឥតគិតថ្លៃ​ផងដែរ​។​

​ជា​រឿង​មួយ​ដែល​គួរ​ឲ្យ​សោកស្តាយ អាគារ​មជ្ឈមណ្ឌល​ជាតិ យុវជន​កម្ពុជា ត្រូវបាន​បិទទ្វារ អំឡុង​ខែមេសា ឆ្នាំ​២០១៤ ទាក់ទង​នឹង​ការដោះដូរ​អាគារ ដែល​គម្រោង​មិន​ក្រោម​៩ ដែល​ធ្លាប់មាន ត្រូវបាន​បិទ​ស្ទើរតែ​ទាំងស្រុង​។ លោក សុធា និយាយ​ក្នុង​ទឹកមុខ​មិន​អស់សង្ឃឹម​យ៉ាង​ដូច្នេះ​ថា​៖« ថ្ងៃនេះ យើង​ត្រឡប់មកវិញ ខំ​ស្ដារឡើងវិញ តែ​ស្ថិតក្នុង​ល្បឿន​មិនលឿន​ទេ​»​។​



​នៅ​ចុងឆ្នាំ​២០១៥ ក្រោយ​បិទ​ជាង​មួយឆ្នាំ អាគារ​មជ្ឈមណ្ឌល ត្រូវបាន​បើក​ដំណើរការ​ឡើងវិញ ដោយមាន​កិច្ច​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល អាគារ​ផ្ទះ ដាប ឈួន ត្រូវបាន​គ្រប់គ្រង​ដោយ​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា​សាជាថ្មី​។ ក្នុង​សេចក្តីប្រកាស របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន​និង​កីឡា លោក ហង់ ជួនណា​រ៉ុ​ន ទីនេះ​មាន​ភារកិច្ច​សំខាន់​ជាច្រើន រួមមាន រៀបចំ​អភិវឌ្ឍន៍​សកម្មភាព​ពី​មុនៗ សម្រាប់​បំ​និ​ន​ជីវិត និង​វិជ្ជាជីវៈ ជំនាញ​ទន់ ការផ្លាស់ប្តូរ​វប្បធម៌ តម្រង់ទិស​សិក្សា សហ​គ្រិ​ភាព​និង​ទីផ្សា​ការងារ និង​សុខភាព​ជាដើម​។​ល​។ ។ លោក សុធា ពន្យល់ថា សកម្មភាព​នេះ​គឺ​មានន័យ​ទូលំទូលាយ ប៉ុន្តែ​លោក​អះអាងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​នាយកដ្ឋាន​ជំនាញ អគ្គនាយកដ្ឋាន​យុវជន ក្រសួង​អប់រំ យុវជន​និង​កីឡា នឹង​ខិតខំ​ធ្វើយ៉ាងណា ស្ដារ​រាល់​សកម្មភាព​ពីមុន​ឲ្យ​បានមក​វិញ​តាម​អនុសាសន៍​ថ្នាក់ដឹកនាំ និង​ការអភិវឌ្ឍ​បន្ត​។



​សព្វថ្ងៃ មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា បាន​សហការ​ទំនាក់ទំនង​ជាមួយ​ដៃគូ​ជាមួយ​អភិ​វ​ឌ្ឈ ពី​ប្រទេស​នានា​មួយចំនួន​ឡើងវិញ បន្ថែម​លើ​សកម្មភាព​ដែល​ក្រសួង​ប្រគល់​ឲ្យ ដោយ​បង្កើត​ជំរំ​វិទ្យាសាស្ត្រ​ក្នុង​មួយឆ្នាំ​៣​សប្តាហ៍ ផ្តោតលើ​ការសិក្សា​ប្រព័ន្ធ​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ទៅនឹង​ជីវភាព​រស់នៅ និង​ជា​ល្បែង​សិក្សា ដូចជា​ការបង្កើត​ការរៀន​តម្លើង និង​ប្រកួត​រ៉ូ​ប៊ូ​ត​ជាដើម ដោយ​ក្នុង​មួយឆ្នាំ​មាន​សិស្ស ដែល​អាច​ដឹង​ពី​កិច្ចការ​នេះ​ជាង​១០០​នាក់​។ ក្រៅពី​វគ្គ​បណ្តុះបណ្តាល​ខ្លីៗ មជ្ឈមណ្ឌល​នេះ កំពុង​ជោគជ័យ​លើ​ជំនាញ​បណ្តុះបណ្តាល​កុំព្យូទ័រ ដែលមាន​សិស្ស និង​យុវជន​ជាច្រើន ចូលរួម​ក្នុង​កម្មវិធី​នេះ​ជា​បន្តបន្ទាប់​។​



​មជ្ឈមណ្ឌល​ជាតិ​យុវជន​ក៏​កំពុង​បន្ត​អនុវត្ត​គម្រោង​លើកកម្ពស់​ការយល់ដឹង​ផ្នែក​វប្បធម៌​ផងដែរ​។ គម្រោង​នេះ​ជា​គម្រោង​ធ្លាប់​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា គាំទ្រ​ពី​អង្គការ​សហព័ន្ធ​ជាតិ​នៃ​សមាគម​យូណេស្កូ​ជប៉ុន NFUAJ ជា​កម្មវិធី​ដ៏​ពេញនិយម និង​មានការ​ចូលរួម​ពី​សិស្សានុសិស្ស​នៅ​ថ្នាក់​វិទ្យាល័យ និង​យុវជន​ក្រៅ​សាលា​។​

​មជ្ឈមណ្ឌល​ជាតិ​យុវជន​កម្ពុជា កំពុង​វិវត្តន៍​ខ្លួន​ទៅមុខ​ជា​បន្តបន្ទាប់​។ សព្វថ្ងៃ មជ្ឈមណ្ឌល​នេះ កំពុង​ជួសជុល​របង និង​រៀបចំ​កែលម្អ​សួន​ផ្នែក​ខាងមុខ​ឲ្យ​បាន​ស្អាត​ឡើងវិញ​ជា​សោភ័ណភាព​ក្រុង​សៀមរាប​។ តាម​គម្រោង​របស់​ក្រសួង គ្រោង​នឹង​ជួសជុលផ្ទះ ដាប ឈួន ម្តងទៀត ហើយនឹង​ប្រែក្លាយ​ទីនេះ​ទៅជា​កន្លែង​សាកល្បង បណ្តុះបណ្តាល​សហគ្រិនភាព​យុវជន ដែលមាន​គំនិត​ចង់​រកស៊ី​របស់​យុវជន ដោយ​ក្រសួង​មាន​គម្រោង​សាងសង់​អាគារ​បន្ថែម​ក្នុង​បរិវេណ​មជ្ឈមណ្ឌល​។



​ក្នុងនោះ តាម​បំណងប្រាថ្នា​របស់​ថ្នាក់ដឹកនាំ​យុវជន​មួយចំនួន និង​លោកនាយក លោក​ក៏​ចង់​ឲ្យ​ផ្ទះ​អតីត​អភិបាលខេត្ត​សៀមរាប​ដ៏​មាន​ឥទ្ធិពល ក្លាយជា​សារមន្ទីរ​សកម្មភាព​យុវជន ផងដែរ​។ លោក អ៊ុក សុធា ពន្យល់ថា នៅទីនេះ នឹង​រៀបរាប់​ពី​ដំណើរ​វិវត្តន៍​ខាង​ប្រវត្តិសាស្ត្រ ទៅនឹង​សកម្មភាព​យុវជន​ដែលមាន​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។ ទីនេះ​ក៏​ជាទី​ដែល​យុវជន​លើ​ពិភពលោក អាច​ជួបជុំគ្នា​ដូច​មាននៅ​បណ្តា​ប្រទេស​នានា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com