អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
យន្តហោះ​ចម្បាំង​អាមេរិក​ហោះ​ទៅ​កៀក​កូរ៉េខាងជើង​បំផុត​មិន​ធ្លាប់មាន​ ​
24, Sep 2017 , 2:26 pm        
រូបភាព
​យន្តហោះ​ចម្បាំង​អាមេរិក​ជាច្រើន​គ្រឿង​បាន​ហោះ​ទៅ​កៀក​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២៣ ខែកញ្ញា ដែល​ត្រូវគេ​មើលឃើញថា ជាការ​សម្ញែង​កម្លាំងយោធា ស្រប​ពេលដែល​សង្គ្រាមពាក្យសម្ដី​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ព្យុងយ៉ាង ឡើង​កម្ដៅ​ខ្លាំង​នៅឯ​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ ការហោះហើរ​នេះ​ឡើង បន្ទាប់ពី​លោក ដូ​ណា​ល់ ត្រាំ គំរាម​កម្ទេច​កូរ៉េខាងជើង ឯ​លោក គីម ជុង​អ៊ុន គំរាម​សងសឹក​ឲ្យ​ស័​ក្ត​សម​ត្រឡប់​វិញ​នោះ​។



​យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក អមដំណើរ​ដោយ​យន្តហោះ​ចម្បាំង​ជាច្រើន​ទៀត បាន​ហោះ​ទៅ​កៀក​ឆ្នេរ​ភាគ​ខាងកើត​របស់​កូរ៉េខាងជើង ដែល​ជាការ​បង្អួត​អានុភាព​កងទ័ព​ចំពោះមុខ​កូរ៉េខាងជើង​។ មន្ទីរ​បញ្ច​កោណ​នៅ​ថ្ងៃទី​២៣ ខែកញ្ញា និយាយថា នេះ​គឺជា​លើកទីមួយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ដែល​យន្តហោះ​យោធា​អាមេរិក​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​បំផុត​នៃ​តំបន់​ខណ្ឌ​ចែក​រវាង​កូរ៉េ ហើយក៏​កៀក​ទឹកដី​កូរ៉េ​បំផុត​ដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ក្រសួងការពារជាតិ​អាមេរិក​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​ថា​៖ «​បេសកកម្ម​ពេលនេះ គឺជា​សញ្ញា​បង្ហាញ​ពី​ជំហរ​រឹងមាំ​របស់​អាមេរិក និង​ជា​សារ​ប្រាប់ថា ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ មាន​ជម្រើស​យោធា​ច្រើនយ៉ាង​ដើម្បី​បំបាក់​រាល់​ការគំរាមកំហែង​ទាំងឡាយ​»​។ នៅមុននេះ លោក ត្រាំ ក៏​ទើបតែ​គំរាម​កម្ទេច​កូរ៉េខាងជើង​ទាំងស្រុង បើ​រដ្ឋ​ក្រីក្រ​មួយ​នេះ​បន្ត​គំរាមកំហែង​អាមេរិក និង​សម្ព័ន្ធមិត្ត​ទៀត​នោះ​។

​យន្តហោះ​ទម្លាក់​គ្រាប់បែក B1-B Lancer បានធ្វើ​ដំណើរ​ពី​មូលដ្ឋាន​ទ័ពអាកាស Andersen នៅលើ​កោះ​ហ្គា​ម ខណៈដែល​យន្តហោះ​ចម្បាំង F-15C Eagle ដែល​ហោះ​ទៅ​ក្បែ​កូរ៉េ​ខាង​ដែរនោះ ធ្វើដំណើរ​ទៅ​ពី​មូលដ្ឋាន​អាមេរិក​នៅ​កោះ​អូ​គី​ណា​វ៉ា របស់​ជប៉ុន​។ កាលពី​លើក​មុនៗ យន្តហោះ​អាមេរិក ដែល​ត្រូវបាន​ពង្រាយ​ដើម្បី​សម្ញែង​កម្លាំងយោធា​នោះ បាន​ត្រឹម​ធ្វើដំណើរ​នៅ​ភាគខាងត្បូង​តំបន់​ព្រំដែន​គ្មាន​យោធា DMZ ប៉ុណ្ណោះ​។​

​វត្តមាន​យន្តហោះ​យុទ្ធសាស្ត្រ​របស់​អាមេរិក​នៅក្បែរ​កូរ៉េខាងជើង គឺជា​រឿង​មិន​ធ្លាប់មាន ហើយ​កើតឡើង​ចំ​ពេលដែល​ស្ថានការណ៍​ក្នុង​តំបន់​មិនសូវ​ស្រួល​។ អាមេរិក និង​កូរ៉េខាងជើង បាន​ផ្លោង​ពាក្យសម្ដី​ដាក់គ្នា​មិនចេះ​ដាច់​អំឡុងពេល​កិច្ចប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​។ លោក ត្រាំ បាន​បើកឆាក​សង្គ្រាមពាក្យសម្ដី​នេះ​មុន ដោយ​ប្រើប្រាស់​ពាក្យសម្ដី​ធ្ងន់​ព្រមាន​កូរ៉េខាងជើង​ចំពោះមុខ​សហគមន៍​អន្តរជាតិ​។​

​បន្ទាប់ពី​ការ​គំរាម​របស់លោក ត្រាំ មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏​ចេញមុខ​គំរាម​វិញ​ភ្លាមៗ​ដែរ ដោយបាន​និយាយ​វាយប្រហារ​ប្រធានាធិបតី​អាមេរិក​យ៉ាង​ចាស់ដៃ និង​គំរាម​វិញ​ថា អាមេរិក​នឹង​ទទួលផល​តបស្នង​វិញ​មិន​ខាន​។ នៅ​ថ្ងៃទី​២៣ ខែកញ្ញា ប្រមុខ​ការទូត​កូរ៉េខាងជើង Ri Yong-ho ក៏​ផ្ញើ​សារ​ព្រមាន​មួយទៀត ដោយ​លើកឡើងថា សម្ដី​របស់លោក ត្រាំ ធ្វើ​ឲ្យ​រ៉ុក្កែត​កូរ៉េខាងជើង​ធ្លាក់​លើទឹក​ដី​អាមេរិក​ដោយ​ចៀស​មិន​ផុត​ឡើយ​៕


© រក្សាសិទ្ធិដោយ thmeythmey.com