ជាតិ
ក្រុមតំណាងរាស្ត្រ​បក្សប្រឆាំង នឹង​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​តាមដាន​សវនាការ​រឿង​ឯ​.​ឧ កឹម សុខា​
25, Sep 2017 , 3:13 pm        
រូបភាព
​ភ្នំពេញ​៖ ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នាំគ្នា​ទៅកាន់​សាលាឧទ្ធរណ៍ ដើម្បី​តាមដាន​ការបើក​សវនាការ លើ​សំណុំរឿង​របស់​ឯកឧត្តម កឹម សុខា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ព្រឹក​ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ​២0១៧​។ នេះ​ជាការ​អះអាង​របស់លោក សុន ឆ័យ តំណាងរាស្ត្រ​និង​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សន្និសីទកាសែត​។

 


​ក្នុង​សន្និសីទកាសែត ដែល​រៀបចំឡើង​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នា​ព្រឹក​ថ្ងៃទី​២៥ កញ្ញា​នេះ លោក សុន ឆ័យ លើកឡើងថា សវនាការ ត្រូវតែមាន​វត្តមានរ​បស់​ឯកឧត្តម កឹម សុខា​។ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​ជឿ ជាក់​ថា រដ្ឋាភិបាល មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការធានា​សុវត្ថិភាព​ឯកឧត្តម កឹម សុខា​»​។ ប៉ុន្តែ លោក បាន​បន្ថែមថា ទោះជា​សវនាការ​នេះ មាន​វត្តមាន​ឯកឧត្តម កឹម សុខា ឬ​គ្មាន​ក៏ដោយ ក៏​ក្រុមតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅតែ​ទៅ​ចូលរួម​ដែរ​។

​អ្វីដែល​លោក សុន ឆ័យ និយាយ​ទាក់ទង​នឹង​សវនាការ​លើ​សំណុំរឿង​ឯកឧត្តម កឹម សុខា ក្នុង​សន្និសីទកាសែត​នៅថ្ងៃនេះ មិនសូវ​ជា​ខុសពី​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ប៉ុន្មាន​ថ្ងៃមុន នោះទេ​។ ក្នុង​សេចក្តីថ្លែងការណ៍ គណបក្ស​សង្គ្រោះ​ជាតិ បានទាមទារ​ឲ្យ​មន្ត្រី​ពន្ធនាគារ បញ្ជូន​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ មកកាន់​សវនាការ​នៃ​សាលាឧទ្ធរណ៍ ក្នុង​រាជធានី​ភ្នំពេញ តាម​កាលកំណត់​។ សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ  សវនាការ នឹងមិន​ត្រឹមត្រូវ​តាម​នីតិវិធី​ឡើយ ប្រសិនបើ​ឯកឧត្តម កឹម សុខា អវត្តមាន​។

​ចំណែក ក្រុម​មេធាវី ដែល​ការពារ​ក្តី​ឲ្យ​ឯកឧត្តម កឹម សុខា បានដាក់​សំណើ​ទៅកាន់​សាលាឧទ្ធរណ៍ នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ ដើម្បី​ស្នើសុំ​ឲ្យ​ឯកឧត្តម កឹម សុខា បាន​ចូលរួម​សវនាការ​។ ក្នុង​សំណើ​នោះ ក្រុម​មេធាវី បាន​ប្រាប់​សាលាឧទ្ធរណ៍​ថា ឯកឧត្តម កឹម សុខា ក៏មាន​បំណង​ចូលរួម​សវនាការ​ដែរ​។ លើសពីនេះ ក្រុម​មេធាវី បាន​លើក​ហេតុផល​ថា តាម​គោលការណ៍​នៃ​នីតិ​ព្រហ្មទណ្ឌ ការបើក​សវនាការ គឺត្រូវធ្វើ​ឡើង​ចំពោះមុខ​ជន​ត្រូវ​ចោទ​។

​ជុំវិញ​ការសម្រេច​នាំខ្លួន​ឯកឧត្តម កឹម សុខា មក​ចូលរួម​សវនាការ​នេះ លោក ទូច ថា​រិ​ទ្ធិ អ្នកនាំពាក្យ​សាលាឧទ្ធរណ៍ បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​យ៉ាងខ្លី​បែបនេះ ៖«​សាលាឧទ្ធរណ៍ បានចេញ​ដីកា​កោះហៅ​អ្នក​ពាក់​ពន្ធ​អស់ហើយ ហើយ​ក៏បាន​បង្គាប់​ឲ្យ​នាំខ្លួន ជន​ត្រូវ​ចោទ មក​សវនាការ​ដែរ​។ តែ​រឿង​នាំខ្លួន​ឬ​មិន​នាំខ្លួន ទាល់តែ​សួរ​ខាង​ពន្ធនាគារ បានដឹង​»​។​

​ការទាមទារ​ខាងលើ​របស់​ក្រុម​មេធាវី​និង​គណបក្ស​សង្គ្រោះ​ជាតិ គឺ​បន្ទាប់ពី​លោក ចាន់ គីម​សេង អគ្គនាយក​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ បាន​សរសេរ​សំណើ​ទៅកាន់​អគ្គព្រះរាជអាជ្ញា ដើម្បី​សុំ​ឲ្យ​ពិចារណា ពី​ការដឹក​ឯកឧត្តម កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង មក​ចូលរួម​សវនាការ ក្នុង​រាជធានី​ភ្នំពេញ​។ ក្នុង​សំណើ​នោះ  អគ្គនាយក​ពន្ធនាគារ ប្រាប់​អគ្គព្រះរាជអាជ្ញា​នៃ​សាលាឧទ្ធរណ៍​ថា លោក បារម្ភ​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ឯកឧត្តម កឹម សុខា នៅតាម​ផ្លូវ ពេល​បញ្ជូន​ពី​ខេត្ត​ត្បូងឃ្មុំ មកកាន់​រាជធានី​ភ្នំពេញ​។

​ការបើក​សវនាការ​នៅ​ថ្ងៃស្អែក​នេះ គឺធ្វើឡើង​តាម​សំណើ​របស់​ក្រុម​មេធាវី​។ ក្រុម​មេធាវី បានស្នើ​ទៅ​សាលាឧទ្ធរណ៍ ដើម្បី​សុំ​ប្រឆាំងនឹង​ដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​សម្រេច​ឃុំខ្លួន​ឯកឧត្តម កឹម សុខា​។ សម្រាប់​ក្រុម​មេធាវី ការឃាត់ខ្លួន​ឯកឧត្តម កឹម សុខា ដែលជា​តំណាងរាស្ត្រ ទាំង​ពាក់​កណ្តាលអធ្រាត្រ ហើយ​យកទៅ​ឃុំ​ទាំង​មាន​អភ័យឯកសិទ្ធិសភា​បែបនេះ គឺ​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​នោះទេ​។ 

​យ៉ាងណា​ក៏ដោយចុះ សមត្ថកិច្ច​និង​តុលាការ ចាត់ទុកថា​ឯកឧត្តម កឹម សុខា បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង ដូច្នេះ​ការឃាត់​និង​ការឃុំខ្លួន មិនចាំបាច់​គិតពី​អភ័យឯកសិទ្ធិ​ឡើយ​។
​សូម​រម្លឹកថា សមត្ថកិច្ច បាន​ចុះទៅ​ចាប់​ឯកឧត្តម កឹម សុខា ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧​។ ឯកឧត្តម កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ត្រូវបាន​ចោទ​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​ស្ថិតក្នុង​អំពើ​ក្បត់ជាតិ​៕


Tag:
 កឹម សុខា​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com