ជាតិ
លោក ប្រាក់ សុខុន ថាប​ស្ចិម​លោក​ខ្លះ នាំ​កម្ពុជា​ធ្លាក់​ក្នុង​មហន្តរាយ
25, Sep 2017 , 3:17 pm        
រូបភាព
រូបថតពីអង្គការសហប្រជាជាតិ
រូបថតពីអង្គការសហប្រជាជាតិ
​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧២ បានផ្តល់​វេទិកា​ដល់​ប្រមុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន រិះគន់​ប្រទេស​មហាអំណាច​ខ្លះ អង្គការ​អន្តរជាតិ​ខ្លះ​របស់​អង្គការសហប្រជាជាតិ​ថា​បាន​បំពេញការងារ​ដោយ​លំអៀង​ទៅ​គណបក្សប្រឆាំង ក្នុង​វិស័យ​ប្រជាធិបតេយ្យ និង​ការងារ​សិទ្ធិមនុស្ស​។ ទន្ទឹមនឹង​ការពន្យល់​អំពី​ករណី បិទ​អង្គការ​NDI ការប្រកាស​បិទទ្វារ​រ​បស់​ក្រុមហ៊ុន​សារព័ត៌មាន​បរទេស និង​ការចាប់ខ្លួន​ប្រធាន​គណបក្សប្រឆាំង​នៅ​កម្ពុជា ប្រមុខ​ការទូត​ខ្មែរ បាន​ប្រាប់​សន្និបាត អ​.​ស​.​ប ថា ប្រទេស​ប​ស្ចឹ​ម​លោក​មួយចំនួន​បាន​នាំ​កម្ពុជា​ទៅរក​សោកនាដកម្ម​។



​លោក​រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន ដែល​តំណាង​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រើ​មហាសន្និបាត​អង្គការសហប្រជាជាតិ ដើម្បី​បរិហារ​ប្រទេស​មហាអំណាច និង​អង្គការ​អន្តរជាតិ​ដែល​ឃ្លាំមើល​ការអនុវត្ត​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ពាក់កណ្តាល​នៃ​ផ្នែក​ខាងលើ​ដែល​ទាក់ទង​នឹង​បញ្ហា​រួម​របស់​ពិភពលោក ត្រូវបាន​លោក​រដ្ឋមន្ត្រី​អាន​ជា​ភាសា​អង់គ្លេស ប៉ុន្តែ​ពាក់កណ្តាល​ទៀត​នៃ​សេចក្តីថ្លែងការណ៍​ដែល​និយាយ​អំពី​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា ត្រូវបាន​លោក​រដ្ឋមន្ត្រី​អាន​ជា​ភាសា​បារាំង​។​

​និយាយ​ពី​ប្រទេស​កម្ពុជា លោក​រដ្ឋមន្ត្រី​មិន​ខ្លាច​នឹង​លើកឡើង​អំពី​ហេតុការណ៍​នយោបាយ​ក្តៅ​ចុងក្រោយ​មួយចំនួន​ដែល​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅលើ​ទំព័រសារព័ត៌មាន​អន្តរជាតិ​នោះឡើយ ដូចជា ការសម្រេច​បិទ​អង្គការ NDI ដែល​លោក​រដ្ឋមន្ត្រី​អះអាងថា អង្គការ​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​គណបក្សនយោបាយ​បរទេស​ហើយ​គាំទ្រ​គណបក្សប្រឆាំង​ក្រោម​ស្លាក​នៃ​ការបង្រៀន​ផ្នែក​ប្រជាធិបតេយ្យ និង​បាន​រំលោភច្បាប់​។ បន្ទាប់មក ទាក់ទង​នឹង​ការប្រកាស​បិទ​របស់​ក្រុមហ៊ុន​សារព័ត៌មាន​បរទេស លោក ប្រាក់ សុខុន បានដាក់​បន្ទុក​ទៅលើ​ការមិន​បង់ពន្ធ​ជូន​រដ្ឋ​របស់​ក្រុមហ៊ុន​សារព័ត៌មាន​នេះ​។ ហើយ​ករណី​ក្តៅ​ជាងគេ​ចុងក្រោយ គឺ​ការចាប់ខ្លួន​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវបាន​លោក​ប្រមុខ​ការទូត​ខ្មែរ បញ្ជាក់ប្រាប់​មហាសន្និបាត​ថា មេគណបក្ស​ប្រឆាំង​រូបនេះ​បាន​សារភាព​នៅក្នុង​ឯកសារ​វីដេអូ​មួយ​ថា ខ្លួន​ជា​ឧបករណ៍​នយោបាយ​រប​ស់​មហាអំណាច​មួយ ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។​

«​តើ​ប្រទេស​ណាមួយ ដែល​យោគយល់​ចំពោះ​អក​ប្ប​កិរិយា​របស់​រដ្ឋាភិបាល​បរទេស​ដូចនេះ​?»​។ លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ចោទសួរ​យ៉ាង​ដូច្នេះ​។​

​ការចាត់​វិធាន​របស់​អាជ្ញាធរ​កម្ពុ​ជា​លើ​ករណី​ករណី​ទាំង​អម្បាល​មាន តាមច្បាប់​បញ្ញត្តិ​របស់​កម្ពុជា មិនមែនជា​មូលហេតុ​គ្រប់គ្រាន់​ដែល​លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា​លើក​យកមក​ពន្យល់​ពិភពលោក​នោះឡើយ​។ នៅមាន​ពិសោធន៍​អតីតកាល​ទៀត​។​

​លោក ប្រាក់ សុខុន រំ​ឮ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ខ្ញុំ បាន​ចារ​ឲ្យ​យើង​ស្គាល់​ពី​មេរៀន​សំខាន់​មួយ​។ នៅពេលណា​យើង​បង្ខំចិត្ត​ដើរ​តាមផ្លូវ​ដែល​កំណត់ដោយ​មហាអំណាច​ប​ស្ចិ​ម​លោក​ខ្លះ ប្រទេស​កម្ពុជា​ត្រូវបាន​ទាញ​ឲ្យ​ធ្លាក់​ទៅក្នុង​គ្រោះមហន្តរាយ និង​ទៅក្នុង​សោកនាដកម្ម​ដ៏​អាក្រក់​កាលពី​សតវត្សរ៍​កន្លង​ទៅ​។ ការបង្ហាត់បង្ហាញ​មួយចំនួន​ដែល​តម្រូវ​ដោយ​ភាគី​ខាងក្រៅ​តែងតែ​បង្កើតជា​បញ្ហា តែ​មិនមែនជា​ដំណោះស្រាយ​ឡើយ​»​។​

​មកដល់​ត្រង់នេះ លោក​ប្រមុខ​ការទូត​កម្ពុជា​បាន​ទាញ​ចំណាប់អារម្មណ៍​មហាសន្និបាត​អង្គការសហប្រជាជាតិ​ឲ្យ​ដឹងថា គឺ​រដ្ឋាភិបាល​នៃ​គណបក្សកាន់អំណាច​រប​ស់លោក​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​រក​សន្តិភាព​ពេញលេញ​នៅក្នុង​ឆ្នាំ​១៩៩៨​ឲ្យ​កម្ពុជា​។​

​និយាយ​ពី​បញ្ហា​សិទ្ធិមនុស្ស​វិញ លោក ប្រាក់ សុខុន បាន​រិះគន់​ការ​ពិនិត្យមើល​ស្ថានភាព​នៃ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ថា​«​ប្រែប្រួល​ទៅតាម​ឱកាស​នយោបាយ​របស់​ប្រទេស​មហាអំណាច​មួយចំនួន និង​របស់​ស្ថាប័ន​នៃ​អង្គការសហប្រជាជាតិ ក៏ដូចជា​អង្គការ​អន្តរជាតិ​នានា​ដែល​ធ្វើការ​ក្នុង​វិស័យ​នេះដែរ​»​។

​ថ្លែង​នៅ​ថ្ងៃទី​២២​ខែកញ្ញា​នៅ​បុរី​ញូយ៉ក លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើង​យ៉ាង​ដូច្នេះ​៖«​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ត្រូវបាន​លើកឡើង​តែ​នៅពេលណា​ដែលមាន​ប្រយោជន៍​ពិតប្រាកដ​សម្រាប់​មហាអំណាច​។ បើ​មិន​ដូច្នេះ​ទេ គឺ​មានតែ​ភាពស្ងាត់ស្ងៀម​»​។​

​សម្រាប់​លោក​រដ្ឋមន្ត្រីការបរទេស​កម្ពុជា បើ​និយាយ​អំពី​របាយការណ៍​របស់​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​វិញ វា​គឺជា​របាយការណ៍​លំអៀង​។ លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​យ៉ាង​ដូច្នេះ​៖«​យើង​គឺ​ផ្ទាំង​ស៊ី​ប​នៃ​ការរិះគន់​ឥតឈប់ឈរ​ចំពោះ​ហេតុការណ៍​ដែល​ត្រូវបាន​គេ​ស្រង់​ដោយ​អន្លើៗ និង​វិនិច្ឆ័យ​ដោយ​មិន​គ្រប់​ជ្រុងជ្រោយ​។ របាយការណ៍​ទាំងនោះ​តែងតែ​ស្តីបន្ទោស​រដ្ឋាភិបាល ហើយ​លើកតម្កើង​ក្រុម​អ្នកប្រឆាំង​ថា​ជា​អ្នក​លះបង់​ដើម្បី​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​»​។ លោក​ប្រមុខ​ការទូត​ខ្មែរ​បន្ត​លើកឡើង​ទៀតថា​៖«​របាយការណ៍​ទាំងនោះ​តែងតែ​ត្រូវបាន​សរសេរ​ឡើង​ដោយ​ដាក់បន្ទុក​លើ​រដ្ឋាភិបាល តែ​ផ្ទុយទៅវិញ​អ​កប្ប​កិរិយា​ពិរុទ្ធ និង​ខុសច្បាប់​របស់​ក្រុម​អ្នកប្រឆាំង​មិនដែល​ត្រូវបាន​លើកឡើង​នោះឡើយ ឬ​ដោយ​កម្រ​»៕


Tag:
 អ​.​ស​.​ប​
  ប្រាក់ សុខុន​
  សិទ្ធិមនុស្ស​
  ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com