អន្តរជាតិ
លោក ត្រាំ ដាក់ប្រទេសបីទៀតក្នុងបញ្ជីរឹតត្បិតការធ្វើដំណើរចូលទឹកដីអាមេរិក
× ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកញ្ញា បានចេញបញ្ជាឲហាមឃាត់ពលរដ្ឋមកពីប្រទេសចំនួនបីពីការធ្វើដំណើរចូលទឹកដីអាមេរិក ដែលធ្វើឲ្យប្រទេសដែលរងការរឹតត្បិតការធ្វើដំណើរកើនដល់៨ប្រទេសហើយ។ បទបញ្ជានេះ គឺជាផ្នែកមួយនៃការសន្យារបស់លោក ត្រាំ ក្នុងការពង្រឹងលំហូរជនអន្តោប្រវេសន៍ចូលទឹកដីអាមេរិក ទោះជារងការរិះគន់ខ្លាំងពីសហគមន៍អន្តរជាតិដែលចាត់ទុកជាការបំពានសិទ្ធិមនុស្សក្ដី។
ពលរដ្ឋវេណេស៊ុយអេឡា កូរ៉េខាងជើង និងឆាដ នឹងមិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរជាន់ទឹកដីអាមេរិកឡើយ។ នេះបើយោងតាមសេចក្ដីសម្រេចថ្មីមួយដែលចុះហត្ថលេខាដោយប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី២៤ ខែកញ្ញា ក្រោមហេតុផលថា ពលរដ្ឋប្រទេសទាំងបីអាចបង្កអសន្តិសុខនៅអាមេរិក។ ប្រទេសទាំងបី មានឈ្មោះក្នុងបញ្ជីហាមឃាត់ជាមួយប្រទេសចំនួន៥ផ្សេងទៀត ខណៈដែលស៊ូដង់បានរួចខ្លួនពីការរឹតត្បិតនេះ។
ប្រជាជនអ៊ីរ៉ង់ លីប៊ី យេម៉ែន ស៊ីរី និងសូម៉ាលី ត្រូវបានរដ្ឋបាលលោក ត្រាំ ចាត់ចូលក្នុងបញ្ជីហាមឃាត់តាំងពីខែមីនាមកម្ល៉េះ ប៉ុន្តែការហាមឃាត់នេះអស់សុពលភាពនៅត្រឹមថ្ងៃទី២៤ ខែកញ្ញា។ ដូចនេះហើយទើបលោក ត្រាំ ចេញបញ្ជាថ្មីមួយទៀតដោយរក្សាទុកប្រទេសទាំង៥នេះ រួចបញ្ចូលប្រទេសបីខាងលើទៀត។ ដោយឡែក អ៊ីរ៉ាក់មិនមានឈ្មោះក្នុងបញ្ជីហាមឃាត់នេះទេ តែប្រជាជនអ៊ីរ៉ាក់ត្រូវទទួលការត្រួតពិនិត្យតឹងរ៉ឺងជាងមុន។
ក្រោយការចេញផ្សាយបញ្ជាថ្មី ប្រធានាធិបតី ត្រាំ បានប្រកាសជំហររបស់លោកក្នុងការបន្តការពារសុវត្ថិភាពប្រជាជនអាមេរិក។ លោកបានសរសេរលើ Twitter ថា ធ្វើឲ្យអាមេរិកមានសុវត្ថិភាព គឺជាអាទិភាពទីមួយរបស់លោក ហើយលោកក៏មិនទទួលអ្នកណាឲ្យជាន់ទឹកដីអាមេរិកដែរ បើមិនទាន់ឆ្លងការកាត់ការវិនិច្ឆ័យត្រឹមត្រូវនោះ។
បទបញ្ជាថ្មីនឹងចូលជាធរមាននៅថ្ងៃទី១៨ ខែតុលាខាងមុខ ហើយការបន្ថែមឈ្មោះកូរ៉េខាងជើង និងវេណេស៊ុយអេឡាចូលក្នុងបញ្ជីហាមឃាត់នេះ គឺជាពង្រីកបញ្ជីរឹតត្បិត ដែលពីមុនគោលដៅនៃការហាមឃាត់មានតែប្រទេសសម្បូរជនមូស្លីមប៉ុណ្ណោះ។ មន្ត្រីអាមេរិកនិយាយដែរថា ការរឹតត្បិតនេះមានលក្ខណៈខុសគ្នាតាមប្រទេសនីមួយៗ និងអាស្រ័យលើកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងនោះជាមួយអាមេរិក។
សូមបញ្ជាក់ថា បម្រាមធ្វើដំណើររបស់ប្រធានាធិបតីអាមេរិករូបនេះ រងការរិះគន់យ៉ាងខ្លាំង។ ក្រុមអ្នកប្រឆាំងបម្រាមនេះអះអាងថា លោក ត្រាំ បានដើរផ្ទុយពីរដ្ឋធម្មនុញ្ញរបស់អាមេរិកដែលធានាការពារសេរីភាពសាសនា និងភាពស្មើគ្នាចំពោះមុខច្បាប់ ក៏ដូចជាធ្វើខុសច្បាប់អន្តោប្រវេសន៍របស់អាមេរិកផងដែរ។ លើសពីនេះ ការរឹតត្បិតនេះ ក៏អាចបង្កជាការរើសអើងពូជសាសន៍ និងការស្អប់ខ្ពើមខាងសាសនាទៀតផង៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com