រថយន្ត
រថយន្ត​អគ្គិសនី​ជាង​២​លាន​គ្រឿង​កំពុង​ចរាចរ​នៅលើ​ពិភពលោក​
25, Sep 2017 , 8:59 pm        
រូបភាព
ដោយ: ធីតា
​បើតាម​របាយការណ៍រ​បស់​ភ្នាក់ងារ​ថាមពល​អន្តរ​ជាតិ ការលក់​រថយន្ត​អគ្គិសនី​នៅលើ​ពិភពលោក (IEA) បាន​កើន​៤០​ភាគរយ​កាលពី​ឆ្នាំ​២០១៦ ពោលគឺ​កើន​ដល់ ៧៥០ ០០០​គ្រឿង ដោយ​ចិន​ជា​ប្រទេស​នាំមុខគេ​។ ចំនួន​សរុប​នៃ​រថយន្ត​អគ្គិសនី​ដែល​កំពុង​ចរាចរ​លើ​ពិភពលោក​កើន​ដល់​ជាង​២​លាន​គ្រឿង​។​



«​ការ​ចរាចរណ៍​រថយន្ត​អគ្គិសនី មាន​ចំនួន​ជា​កំណត់ត្រា​ថ្មី​នៅក្នុង​ឆ្នាំ​២០១៦»​។ នេះ​បើតាម​ការលើកឡើង​ក្នុង​របាយការណ៍​របស់ IEA ដែលជា​បណ្តាញ​របស់​អង្គការ​អភិវឌ្ឍន៍​និង​កិច្ចសហប្រតិបត្តិការ ផ្នែក​សេដ្ឋកិច្ច (OECD) និង​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។​

​របាយការណ៍​បាន​បង្ហាញថា រថយន្ត​អគ្គិសនី​បាន​លក់​ចេញ​នៅលើ​ទីផ្សារ​កើនឡើង​៤០​ភាគរយ ពោលគឺ​ក្នុង​រង្វង់ ៧៥០ ០០០​គ្រឿង​។ ចំនួន​នេះ នាំ​ឲ្យ IEA ប៉ាន់ប្រមាណ​ឃើញថា រថយន្ត​អគ្គិសនី​ដែល​កំពុង​ចរាចរ​លើ​ពិភពលោក​មាន​ជាង​២​លាន​គ្រឿង​។​

​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP តួលេខ​សរុប​របស់​រថយន្ត​អគ្គិសនី​នៅលើ​ទីផ្សារ​យានយន្ត មាន​១.៥​ភាគរយ ខណៈ​កាលពី​ឆ្នាំ​២០១៦ ទីផ្សារ​ចិន​បាន​ស្រូបយក​ជិត​ពាក់កណ្តាល​នៃ​ប្រភេទ​រថយន្ត​អគ្គិសនី​ថ្មី ពោលគឺ​ប្រមាណ​៣៣៦ ០០០​គ្រឿង​។​

​បន្ទាប់ពី​ចិន អឺរ៉ុប​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២ ដោយមាន​ចំនួន​២១៥ ០០០​គ្រឿង​។ ន័​រវេ​ស​បោះជំហាន​ទៅមុខ​គេ​នៅក្នុង​បណ្តា​ប្រទេស​អឺរ៉ុប ដោយ​រថយន្ត​អគ្គិសនី ត្រូវបាន​លក់​ចេញ​២៩​ភាគរយ​លើ​ទីផ្សារ​សរុប ដោយសារតែ​មានការ​គាំទ្រ​ពី​សាធារណជន​។ ប្រទេស​បន្ទាប់​រួមមាន ចក្រ​ភាព​អង់គ្លេស បារាំង អាល្លឺម៉ង់ ស៊ុយអែត និង​ហូ​ឡង់​។​

​ក្នុង​បេសកកម្ម កាត់បន្ថយ​ការបំពុល​បរិយាកាស និង​កាត់បន្ថយ​ការបញ្ចេញ​កាបូន​ឲ្យ​ដល់​សូន្យ​ភាគរយ IEA បាន​ប៉ាន់ប្រមាណ​ថា ពិភពលោក​ត្រូវ​ប្តូរ​ទៅប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ជាង​៦០០​លាន​គ្រឿង ដោយ​គិត​ត្រឹម​ឆ្នាំ​២០៤០ ៕


© រក្សាសិទ្ធិដោយ thmeythmey.com