អន្តរជាតិ
ខណៈ​បក្សប្រឆាំង​ចុះខ្សោយ នាយករដ្ឋមន្ត្រី អា​បេ ប្រកាស​បោះឆ្នោត​មុន​អាណត្តិ​
25, Sep 2017 , 9:19 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នឹង​ប្រកាស​រំលាយ​រដ្ឋសភា​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ខាងមុខ ដើម្បី​បើកផ្លូវ​ដល់​ការបោះឆ្នោត​មុន​អាណត្តិ​នៅ​ខែតុលា​។ លោក អា​បេ ដែល​កំពុង​កើនឡើង​ប្រជាប្រិយភាព ទំនងជា​ឆក់យក​ឱកាស​ដែល​ប្រជាប្រិយភាព​របស់​បក្សប្រឆាំង​កំពុង​ធ្លាក់ចុះ ដើម្បី​ដណ្ដើមយក​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​លើក​នេះ និង​បន្ត​ដឹកនាំ​ជប៉ុន​ទៀត​។ ប៉ុន្តែ​លោក​ក៏​រង​ការរិះគន់​ខ្លាំង​ដែរ​ជុំវិញ​ផែនការ​នេះ ព្រោះ​ស្ថានការណ៍​នៅ​ឧបទ្វីប​កូរ៉េ​មិនសូវ​ស្រួល​ស្រាប់​ផង​។



​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ នៅ​ថ្ងៃទី​២៥ ខែកញ្ញា បានប្រកាស​រៀបចំ​ការ​បោះឆ្នោត​មុន​អាណត្តិ​។ សភា​ជាន់​ទាប​របស់​ជប៉ុន ដែល​នឹង​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ថ្ងៃទី​២៨ ខែកញ្ញា​ខាងមុខ ក៏ត្រូវ​រំលាយចោល​ដើម្បី​បើកផ្លូវ​ដល់​ការបោះឆ្នោត​តែម្ដង​។ លោក អា​បេ សង្ឃឹម​ខ្ពស់​ក្នុង​ការទទួល​ជ័យជម្នះ​ក្នុង​បោះឆ្នោត​ដែល​គ្រោង​រៀបចំ​នៅ​ចុងខែ​តុលា ព្រោះ​ប្រជាប្រិយ​ភាពកើនឡើង​ខ្ពស់ ឯ​បក្សប្រឆាំង​វិញ​កំពុង​រង្គោះរង្គើ​ដែល​នេះ​ជា​ឱកាសល្អ​សម្រាប់​លោក​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក អា​បេ មាន​កិច្ចប្រជុំ​មួយ​ជាមួយ​បណ្ដា​ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​ប្រជាធិបតេយ្យ​សេរី (LDP) នៅ​ថ្ងៃទី​២៥ ខែកញ្ញា ហើយ​លោក​ក៏​ប្រកាស​ពី​ផែនការ​របស់លោក​ក្នុងជំនួប​នោះ​តែម្ដង​។ នេះ​បើតាម​ការលើកឡើង​រប​ស់​សមាជិក​ជាន់ខ្ពស់​ប​ក្ស LDP ។ ការចំណាយ​លើ​វិស័យ​អប់រំ និង​ការថែទាំ​កុមារ ជំហរ​លើ​បញ្ហា​កូរ៉េខាងជើង និង​ការកែប្រែ​រដ្ឋធម្មនុញ្ញ គឺជា​គោលនយោបាយ​សំខាន់​របស់លោក អា​បេ ក្នុងពេល​ឃោសនា​ពេលនេះ​។

​ក្នុងការ​ស្ទាបស្ទង់​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន ប្រចាំថ្ងៃ Nikkei ប្រជាជន​ជប៉ុន​ចំនួន​៤៤​ភាគរយ​នឹង​បោះឆ្នោត​ឲ្យ​បក្ស LDP ខណៈ​បក្សប្រឆាំង​ប្រជាធិបតេយ្យ និង​បក្ស​ថ្មីថ្មោង​របស់​អភិបាលក្រុង​តូ​ក្យូ​ទទួលបាន​ការគាំទ្រ​៨​ភាគរយ​ដូចគ្នា​។ ជាមួយគ្នានេះ ប្រជាប្រិយភាព​របស់លោក អា​បេ ផ្ទាល់ ក៏​កើន​ដល់​ជាង​៥០​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ការគាំទ្រ​ដែលមាន​ត្រឹម​ជាង​៣០​ភាគរយ​កាលពី​ខែកក្កដា​កន្លងទៅ​។​

​ជាមួយនឹង​ផែនការ​រំលាយ​សភា និង​ការរៀបចំ​ការបោះឆ្នោត​នេះ នាយករដ្ឋមន្ត្រី​រូបនេះ ក៏​ប្រឈមមុខ​ការបាត់បង់​សំឡេង​ភាគច្រើន​ពីរភាគបី​នៅ​រដ្ឋសភា​ដែល​កំពុងមាន​ក្នុង​ដៃ​សព្វថ្ងៃនេះ​។ បក្ស LDP និង​សម្ព័ន្ធមិត្ត រំពឹងថា​អាច​រក្សា​សំឡេង​ភាគច្រើន​ដដែល ទោះជា​ការបាត់បង់​សំឡេង​ពីរភាគបី នឹង​ប៉ះពាល់​ដល់​មហិច្ឆតា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​ពង្រីក​អំណាច​យោធា​ជប៉ុន​ក្ដី​។ ប៉ុន្តែ​កាលៈទេសៈ​បច្ចុប្បន្ន​ពិតជា​អំណោយផល​ខ្លាំង​សម្រាប់​លោក អា​បេ ជាជាង​ការរង់ចាំ​ដល់​ការ​ផុត​អាណត្តិ​ក្នុង​ឆ្នាំ​២០១៨​។​

​យ៉ាងណាមិញ ក្រុម​អ្នក​រិះគន់​បាន​លើកឡើងថា ផែនការ​របស់លោក អា​បេ អាច​បង្ក​ជា​ចន្លោះប្រហោង​អំណាច​ក្នុងប្រទេស ចំ​ពេលដែល​កូរ៉េខាងជើង​កំពុង​បន្ត​ទង្វើ​គឃ្លើន​ម្ដង​ជា​ពីរដង​នោះ​។ មួយវិញទៀត លោក អា​បេ ក៏​អាច​ជួប​បរាជ័យ​ដ៏​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​ដែល​គេ​ជឿថា​អាច​រៀបចំ​នៅ​ថ្ងៃទី​២២ ខែតុលា​ទៀតផង ទោះជា​ប្រជាប្រិយភាព​របស់លោក​កើន​ខ្ពស់​ឡើងវិញ​ក៏ដោយចុះ​៕


Tag:
 ជប៉ុន​
  ស៊ីន​ហ្សូ អា​បេ​
© រក្សាសិទ្ធិដោយ thmeythmey.com