ជាតិ
សេដ្ឋកិច្ច
ស្ពាន​ជ្រោយចង្វារ​ចាស់​ជួសជុល​៖​ក្រសួង​នឹង​យក​ស្រឡាង​មក​ចម្លង​អ្នកដំណើរ ករណី​ស្ទះ​ខ្លាំង​
25, Sep 2017 , 3:55 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន មិនទាន់​យក​ស្រឡាង មក​ចម្លង​ប្រជាពលរដ្ឋ​ភ្លាមៗ​ទេ នៅពេល​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​ចាស់​) បិទ​ចរាចរណ៍ ដើម្បី​អនុវត្ត​គម្រោង​ជួសជុល​កែលំអ ចាប់ពី​ថ្ងៃអាទិត្យ ទី​១ ខែតុលា​នេះ​។ ក្រៅពី​កំពុង​រៀបចំ​លំហូរ​ចរាចរណ៍ និង​ការងារ​ជំនាញ​មួយចំនួន ដើម្បី​បញ្ចៀស​ការកកស្ទះ​ឲ្យ​បានជា​អតិបរមា អ្នកជំនាញ​បញ្ជាក់ថា ក្រសួង​រង់ចាំ​មើល​ស្ថានភាព​ជាក់ស្តែង នៃ​លំហូរ​ចរាចរណ៍​នៅ​ចំណុច​ការដ្ឋាន​សិន ករណី​ចរាចរណ៍​កកស្ទះ​ខ្លាំង ស្រឡាង​នឹងដាក់​ឲ្យ​ពលរដ្ឋ​ឆ្លង​ទៅមក​។​



​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន​(​ជ្រោយចង្វារ​ចាស់​)​នឹង​បិទ​ចរាចរណ៍ ដើម្បី​អនុវត្ត​គម្រោង​ជួសជុល​កែលំអ ចាប់ពី​ថ្ងៃអាទិត្យ ទី​១ ខែតុលា​នេះ​តទៅ រហូតដល់​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩​ទើប​បញ្ចប់​។ ការជួសជុល​នេះ គ្រោង​ចំណាយ​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​។​

​ទោះជា​ការ​ការ​ធ្វើចរាច​រណ៍​លើ​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ​បិទ ប៉ុន្តែ​ក្រសួង​សាធារណការ មិនទាន់​យក​ស្រឡាង​មក​ចម្លង​ប្រជាពលរដ្ឋ​ភ្លាមៗ​ទេ ចាំមើល​ស្ថានភាព​ជាក់ស្តែង​នៃ​លំហូរ​ចរាចរណ៍​នៅ​ចំណុច​ការដ្ឋាន​សិន​។ ក្នុងករណី​ចរាចរណ៍​មមាញឹក​ខ្លាំង ទើប​គម្រោង​ដាក់​ស្រឡាង​ឲ្យ​ពលរដ្ឋ​ឆ្លង​ឥត​គិត​ថ្លៃ ត្រូវ​ដំណើរការ​។ នេះ​បើតាម​លោក ឈឹម ផល្លា ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែល​ថ្លែងប្រាប់​សារព័ត៌មាន thmeythmey.com ដូច្នេះ​ថា​៖«​គម្រោង​ដាក់​ស្រឡាង​ឲ្យ​ឆ្លង នៅ​ដំណើរ​ការធម្មតា ប៉ុន្តែ​មិនមែន​បិទ​ភ្លាម យើង​យក​ស្រឡាង​មក​ដាក់​ភ្លាម​ទេ​។ ពេល​មាន​លំហូរ​ចរាចរណ៍​មមាញឹក​ខ្លាំង ដូចជា​នៅពេល​បុណ្យ​អ៊ុំ​ទូក ទើប​យើង​យក​ស្រឡាង​មក​ដាក់​»​។​

​តាម​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​ដដែល ស្រឡាង​នឹងដាក់​ឲ្យ​ឆ្លង​ទៅមក នៅ​ចំណុច​កំពង់ចម្លង​អរិយ​ក្សត្រ និង​ចំណុច​សណ្ឋាគារ​សុខា​ត្រើយ​ខាងកើត​។ ជាមួយគ្នានេះដែរ លោក ឈឹម ផល្លា បញ្ជាក់ថា ភាគី​ពាក់ព័ន្ធ នឹង​ប្រឹងប្រែង​ព​ន្លឿ​ន​ដំណើរ​ការជួសជុល​ឲ្យ​បាន​មុនពេល​កំណត់​។

​ទន្ទឹមនឹង​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ចាស់​ជិត​ចាប់ផ្តើម លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន thmeythmey.com ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​បានរៀបចំ​ផែនការ​មួយចំនួន ដើម្បី​ឲ្យ​ការជួសជុល​ស្ពាន​នេះ ដំណើរការ​ទៅដោយ​រលូន និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​។

​លោក ម៉េ​ត មាស​ភក្តី បញ្ជាក់ថា អាជ្ញាធរ​កំពុង​រៀបចំ​លំហូរ​ចរាចរណ៍ លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ឡើងវិញ ដោយ​ឲ្យ​ធ្វើដំណើរ​ទៅមក ក្រោម​ការសម្រួល​ពី​នគរបាល​ចរាចរណ៍ ព្រមទាំង​មានការ​ពង្រីក​ទំហំ​ផ្លូវ​ឡើង​ចុះ ទាំងសងខាង​ស្ពាន​ផងដែរ​។ យានយន្ត​ធុន​ធំ ក៏​នឹងត្រូវ​បង្វែរ​ទិសដៅ​ចរាចរណ៍​ឲ្យ​ចូល​រាជធានី តាមផ្លូវ​ជាតិ​លេខ​៥ ឬ​តាមផ្លូវ​ហាណូយ​វិញ​ដែរ ខណៈដែល​រដ្ឋបាល​រាជធានី នឹង​ស្នើ​ទៅ​ក្រុមហ៊ុន​លី យ៉ុង​ផាត់ ដើម្បី​អនុញ្ញាត​ឲ្យ​រថយន្ត​ទេសចរណ៍​ឆ្លងកាត់​ស្ពាន លី យ៉ុង​ផាត់ ដោយ​ឥតគិតថ្លៃ  នៅ​អំឡុងពេល​ស្ពាន​ជ្រោយចង្វារ​ចាស់​នេះ​ជួលជុល​។ លោក ម៉េ​ត មាស​ភក្តី បន្ថែម​ដូច្នេះ ទន្ទឹមនឹង​ការស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់​នៅ​អំឡុង​ស្ពាន​ជ្រោយចង្វារ​ជួសជុល និង​ទទូច​ឲ្យ​គោរព​តាម​ការ​បង្វែរ​ទិស​ចរាចរណ៍ របស់​សមត្ថកិច្ច​ជំនាញ​នៅពេល​ចរាចរណ៍​កកស្ទះ​ខ្លាំង នៅ​ចំណុច​ការដ្ឋាន​នេះ​។​

​ស្របពេល​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​កំពុង​សង់​ស្ពានដែក​ប៉ា​ឡេ​ឆ្លង​ទន្លេសាប ក៏​កំពុង​សាងសង់​ដែរ ចេញពី​ចំណុច​ក្បែរ​ឃ្លាំង​សាំង​សូគីម៉ិច ហើយនឹង​ដាក់​ឲ្យ​ប្រើប្រាស់​ជំនួស​ស្ពាន​ជ្រោយចង្វារ​ចាស់​ដែល​ជួសជុល​។ ការស្ថាបនា​ស្ពានដែក​នេះ គ្រោង​ចំណាយ​រយៈពេល ៦​ខែ ដើម្បី​បញ្ចប់​គម្រោង​។

​សូមបញ្ជាក់ថា គម្រោង​ជួសជុល​កែលំអ​ស្ពាន​ជ្រោយចង្វារ​ចាស់ គ្រោង​បញ្ចប់​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០១៩ ។ ការជួសជុល​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ ៣០​លាន​ដុល្លារ​អាមេរិក ផ្ដល់​ហិរញ្ញប្បទាន​ដោយ​រដ្ឋាភិបាល​ជប៉ុន​៕


© រក្សាសិទ្ធិដោយ thmeythmey.com