ជាតិ
ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨៖ សហជីព​កំណត់​១៧៦​ដុល្លារ ខណៈ​និយោជក និង​រដ្ឋាភិបាល​អាច​ដំឡើង​ជាង​១៦០​ដុល្លារ
25, Sep 2017 , 5:59 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
រូបពីហ្វេសប៊ុកក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
ដោយ:
​ភ្នំពេញ​៖ ក្នុង​កិច្ចប្រជុំ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​កម្មការិនីរ​វាង​ភាគី​សហជីព និយោជក និង​ក្រសួង​ការងារ ភាគី​ទាំងបី​នៅ​មិនទាន់​ចុះសម្រុង​គ្នា​នៅឡើយ​ទេ ជុំវិញ​ការដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្មការិនី​ក្នុង​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​។ ការ​មិនទាន់​ចុះសម្រុង​គ្នា​នេះ ដោយសារ​ខាង​សហជីព​នៅតែ​ប្រកាន់​ជំហរ​យក​លេខ​ប្រាក់​ឈ្នួល​អប្បបរិមាណ​១៧៦​ដុល្លារ ខណៈ​និយោជក​និង​រដ្ឋាភិបាល​កំណត់​តួលេខ​ដំឡើង​ប្រាក់​ឈ្នួល​ជាង​១៦០​ដុល្លារ​។



​កិច្ចប្រជុំ​អំពី​ការដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​កម្ម​ការ​នី​ឆ្នាំ​២០១៨ នៅ​ទីស្តីការក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា​នេះ មិនទាន់មាន​លទ្ធផល​អ្វី​ឡើយ ក្រៅតែពី​ការជជែក​គ្នា​តឹងសរសៃករ​រវាង​ភាគី​សហជីព និយោជក និង​ភាគី​ក្រសួង​ការងារ​។ ភាគី​សហជីព បាន​ប្រកាន់​ជំហរ​យក​លេខ​អប្បបរិមាណ ១៧៦,២៣​ដុល្លារ ឯ​ភាគី​ថៅកែ​រោងចក្រ​ប្រកាន់​ជំហរ​ត្រឹម​១៦១​ដុល្លារ ខណៈ​រដ្ឋាភិបាល បានកំណត់​យក​១៦២,៦៧​ដុល្លារ​។  នេះ​បើតាម លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ ដែល​បាន​ចូលរួម​ប្រជុំ​នេះ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អាត់ ធន់ បាន​បញ្ជាក់ថា​៖ «​តួលេខ​១៧៦​នេះ យើង​អត់​ចុះ​ទៀត​ទេ យើង​ចង់​ឲ្យ​រដ្ឋាភិបាល​ផ្តល់ប្រាក់​ឈ្នួល​ជូន​កម្មករ​ឲ្យ​បាន​សមរម្យ​។ ភាគី​ទាំង​៣ នឹង​ប្រជុំ​ម្តងទៀត​នៅ​ថ្ងៃទី​២៩ ខែកញ្ញា​ម្ដងទៀត ហើយ​បើ​មិនទាន់​សម្រេច​ទេ នឹង​ប្រជុំ​ម្តងទៀត​នៅ​ថ្ងៃទី ៣ ខែតុលា និង​ថ្ងៃទី​៥ ខែតុលា ហើយ​ប្រសិនបើ​មិន​ត្រូវរ៉ូវ​គ្នា​ទេ គឺ​មានតែ​ក្រុមប្រឹក្សា​ការងារ​តែប៉ុណ្ណោះ​ដែលជា​អ្នកសម្រេច​ចុងក្រោយ​»​។ 

​ក្រៅពី​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរិមាណ​នេះ លោក អាត់ ធន់ បានស្នើ​ឲ្យ​រដ្ឋាភិបាល និង​និយោជក ផ្តល់ប្រាក់​បាយ​ថ្ងៃត្រង់ និង​ប្រាក់​ធ្វើដំណើរ​ជូន​កម្មករ​បន្ថែមទៀត ព្រមទាំង​សម្រួល​ផ្នែក​បរិស្ថាន​នៅក្នុង​រោងចក្រ កុំ​ឲ្យ​កម្មករ​ដួលសន្លប់​ដូច​មាន​ករណី​ជាច្រើន​កន្លងមក​។

​ដោយឡែក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ក្រោយពី​កិច្ចប្រជុំ​នេះ​ថា ការពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរិមាណ​ផ្នែក​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០១៨ នៅ​ថ្ងៃទី​២៥ ខែកញ្ញា​នេះ គឺមាន​ភាពចាស់ទុំ ហើយ ភាគី​នីមួយៗ បានបញ្ជាក់​ពី​គោលជំហរ​ផ្លូវការ និង​ហេតុផល​បឋម​ក្នុងការ​សម្រេចយក​តួលេខ​របស់​ភាគី​នីមួយៗ​។

​ទាក់ទង​នឹង​ការដំឡើង​ប្រាក់ខែ​នេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​បញ្ជាក់ថា រដ្ឋាភិបាល នឹង​ដំឡើង​ប្រាក់ខែ​គោល​សម្រាប់​កម្មករ​រោងចក្រ​ជាង​១៦០​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨​ខាងមុខ​។ ថ្លែង​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​កម្មករ​រោងចក្រ​នៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា កាលពី​ថ្ងៃទី​៦ កញ្ញា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​និយាយថា ប្រាក់​ឈ្នួល​អប្ប​បរិ​មា​ជាង ១៦០​ដុល្លារ គឺ​ស្ថិតនៅក្នុង​កម្រិត​មួយ ដែល​រដ្ឋាភិបាល​អាចមាន​លទ្ធភាព​ផ្ដល់ជូន​កម្មករ​រោងចក្រ​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រាក់ខែ​កម្មករ​រោងចក្រ នឹង​ដំ​ឡើងជា​រៀងរាល់ឆ្នាំ​។​

​ក្រៅពីនេះ​រដ្ឋាភិបាល ក៏មាន​គោលនយោបាយ​ជាច្រើន​សម្រាប់​ផ្តល់​ជា​អត្ថប្រយោជន៍​ដល់​កម្មករ​កម្មការិនី ដូចជា ការផ្តល់សេវា​រថយន្ត​ក្រុង​សាធារណៈ​ឥតគិតថ្លៃ​រយៈពេល ២​ឆ្នាំ ចាប់ពី​ខែសីហា ឆ្នាំ​២០១៧ ដល់​ខែសីហា ឆ្នាំ​២០១៩ ,​ការសម្រេច​ផ្តល់​ប្រាក់ខែ ១២០% សម្រាប់​សម្រួល​កម្មការិនី​នៅពេល​ឆ្លងទន្លេ  ,​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​៤០​ម៉ឺន​រៀល​ដល់​កម្មការិនី​ដែល​សម្រាលកូន​បាន​ម្នាក់ បើ​មានកូន​ភ្លោះ​ពីរ​នាក់​ទទួលបាន ៨០​ម៉ឺន​រៀល ហើយ​បានកូន​ភ្លោះ​បីនាក់​ទទួលបាន ១២០​ម៉ឺន​រៀល​, ការមិន​ឲ្យ​បង់ប្រាក់​ថ្លៃ​សុខភាព​របស់​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ដោយ​ប្រគល់​ការបង់​នេះ​ទៅ​ឲ្យ​ថែ​កែ​១០០​ភាគរយ និង​ការមិន​យកពន្ធ​លើ​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ជាដើម​។  

​សូមបញ្ជាក់ថា ឆ្នាំ​២០១៧​នេះ ប្រាក់​ឈ្នួល​អប្បបរិមាណ​របស់​ក​ម្មករ​កម្មការិនី​វិស័យ​វាយនភ័ណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង គឺ​ទទួលបាន​១៥៣​ដុល្លារ​។ ប្រាក់ខែ​កម្មករ ១៥៣​ដុល្លារ​នេះ បង្ហាញថា កម្មករ​កម្ពុជា​មានលទ្ធភាព​ទទួល​ប្រាក់បៀវត្ស​ខ្ពស់ជាង​កម្មករ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា (៧៩​ដុល្លារ​) ឡាវ (១១០​ដុល្លារ​) បង់​ក្លា​ដេ​ស (៦៧​ដុល្លារ​) ស្រីលង្ការ (៦៧​ដុល្លារ​) ឥណ្ឌា (៧៧​ដុល្លារ​) ប៉ា​គី​ស្ថាន (១៣៤​ដុល្លារ​) ខណៈដែល​កម្មករ​រោងចក្រ​នៅ​ប្រទេស​វៀតណាម​ទទួលបាន​ប្រាក់ខែ​ចន្លោះ​ពី ១១៣​ដុល្លារ​ទៅ​១៦០​ដុល្លារ ប្រទេស​ថៃ (២៥០​ដុល្លារ​) និង​ម៉ាឡេស៊ី (៣០០​ដុល្លារ​) ។ នេះ​បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន ៕       


Tag:
 កម្មករ​
 ​ ប្រាក់​ឈ្នួល
© រក្សាសិទ្ធិដោយ thmeythmey.com