ជាតិ
នៅ UN ប្រមុខការទូតកម្ពុជាប្តេជ្ញាចិត្តបន្តចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុននៅមហាសន្និបាតអង្គការសហប្រជាជាតិ (រូបភាព៖ UN)
× ប្រមុខការទូតកម្ពុជាលោក ប្រាក់ សុខុន បានថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិថា កម្ពុជាបន្តប្តេជ្ញាចិត្តសហការជាមួយប្រទេសជាដៃគូដើម្បីចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ អនុលោមតាមកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសឆ្នាំ ២០១៥ (Paris Climate Agreement) ។
រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមដ៏ធំរបស់ពិភពលោក គឺការប្រែប្រួលអាកាសធាតុ ក្នុងអង្គមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧២ នាទីក្រុងញូវយ៉កថ្ងៃសុក្រទី ២២ ខែកញ្ញា។
ថ្លែងចំពោះអង្គមហាសន្និបាត ប្រមុខការទូតកម្ពុជា បានលើកឡើងថា ការប្រែប្រួលអាកាសធាតុជាបញ្ហាសន្តិសុខមនុស្សជាតិសាកល ដែលបង្កឲ្យមានការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខ និងសន្តិភាពពិភពលោក។ ចំណែកកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងជាងគេពីការប្រែប្រួលអាកាសធាតុលើពិភពលោក ហើយបាតុភូតធម្មជាតិសកលនេះបានបង្កផលប៉ះពាល់ខ្លាំងដល់កម្ពុជាទាំងសេដ្ឋកិច្ច និងសង្គមផងដែរ។
ប្រមុខការទូតកម្ពុជា បានគូសដូច្នេះបញ្ជាក់ថា៖ «ថ្វីបើកម្ពុជារួមចំណែកតិចតួចក្នុងការធ្វើឲ្យមានការប្រែប្រួលអាកាសធាតុ ហើយធនធានកម្ពុជាមានកម្រិតក៏ដោយ កម្ពុជានៅតែបង្ហាញការប្តេជ្ញាចិត្តច្បាស់លាស់ក្នុងការធានាការអភិវឌ្ឍដែលបញ្ចេញឧស្ម័នកាបូនិចទាប និងរំពឹងឆ្ពោះទៅអភិវឌ្ឍភាពជាដៃគូជាមួយប្រទេសជាដៃគូដែលមានសេដ្ឋកិច្ចរីកចម្រើន និងមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមដ៏ធំនេះក្នុងក្របខណ្ឌសហប្រតិបត្តិការស្មើភាពគ្នា»។
លោក ប្រាក់ សុខុន ក៏បានរម្លឹកផងដែរថា កិច្ចព្រមព្រៀងប្រែប្រួលអាកាសធាតុឆ្នាំ ២០១៥ ដែលទទួលស្គាល់ពីគោលការណ៍ «កាតព្វកិច្ចរួមតែការទទួលខុសត្រូវផ្សេងគ្នា»។ វាមានន័យថា ប្រទេសទាំងអស់មានកាតព្វកិច្ចរួមដោះស្រាយបញ្ហាប្រែប្រួលអាកាធាតុ តែមានការទទួលខុសត្រូវត្រូវផ្សេងគ្នា។ ប្រទេសនីមួយៗចូលរួមចំណែកទៅតាមសមត្ថភាព និងលក្ខខណ្ឌនៃសង្គមជាតិរបស់ខ្លួន៕
Tag:
ប្រាក់ សុខុន
ការប្រែប្រួលអាកាសធាតុ
UNGA
© រក្សាសិទ្ធិដោយ thmeythmey.com