អន្តរជាតិ
អាមេរិក នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​បញ្ចៀស​សង្គ្រាម​នុយក្លេអ៊ែរ​ជាមួយ​កូរ៉េខាងជើង
25, Sep 2017 , 6:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន នឹងធ្វើ​គ្រប់​មធ្យោបាយ ដែល​មិនមែនជា​ការប្រើប្រាស់​អាវុធ​ធុន​ធ្ងន់​ដើម្បី​បញ្ចៀស​សង្គ្រាម​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ។ នេះ​គឺជា​ការអះអាង​របស់រ​ដ្ឋ​មន្ត្រី​រតនាគារ​អាមេរិក ។



​ទំនងជា​ការប្រើប្រាស់​ពាក្យពេចន៍​របស់លោក​ប្រធានាធិបតី​អាមេរិក Donald Trump នៅក្នុង​ការ​ថ្លែង​សុន្ទរកថា​នៃ​កិច្ចប្រជុំ​កំពូល​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​បង្កើត​ឲ្យ​មាន​ការយល់ច្រលំ ថា នឹង​អាចមាន​សង្គ្រាម​នៅក្នុង​ឧបទ្វីប​កូរ៉េ​ហើយ ទើបបានជា មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ក្រុង​វ៉ាស៊ីនតោន ព្យាយាម​បកស្រាយ និង​សម្រាល​ជំហរ​របស់​អាមេរិក​ទៅនឹង​កូរ៉េខាងជើង ។

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​សា​ព័ត៌មាន ABC News នៅ​ថ្ងៃទី​២៤ កញ្ញា លោក​រដ្ឋមន្ត្រី​រតនាគា​រ​អាមេរិក Steve Mnuchin បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​លោក​ប្រធានាធិបតី មិន​ចង់​ឲ្យ​មាន​សង្គ្រាម​នុយក្លេអ៊ែរ​ឡើយ ហើយ​អាមេរិក នឹងធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ធានាថា សង្គ្រាម​នុយក្លេអ៊ែរ នឹង​មិនអាច​កើតឡើង​បានឡើយ​»​។

​លោក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមទៀត​ថា គោលការណ៍​អាទិភាព​របស់លោក​ប្រធានាធិបតី​អាមេរិក គឺ​សុវត្ថិភាព​របស់​ប្រជាជន​អាមេរិក និង​ប្រជាជន​របស់​សម្ព័ន្ធមិត្ត​អាមេរិក ។

​សូម​រម្លឹក​ផងដែរ​ថា ឆ្លៀតឱកាស​នៃ​ការផ្តល់​សុន្ទរកថា​ជា​លើកដំបូង​នៅ​ដើម​សប្តាហ៍​មុន​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក លោក Donald Trump បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖« អាមេរិក មាន​ជំហរ និង​ការអត់ធ្មត់​ខ្លាំង ក៏ប៉ុន្តែ​ប្រសិនបើ ស្ថានភាព​ត្រូវ​បង្ខំ​ឲ្យ​ត្រូវការពារ​ខ្លួន និង​សម្ព័ន្ធមិត្ត​ខ្លួន អាមេរិក គ្មាន​ជម្រើស​អ្វី​ទៀតឡើយ ក្រៅពី​កម្ទេច​កូរ៉េខាងជើង​នោះ​»​។

​បើ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៧​មក កូរ៉េខាងជើង បាន​បាញ់​សាកល្បង​ទាំង​អាវុធ​ធុន​ស្រាល និង​ធុន​ធ្ងន់​មិនតិចជាង​២០​ដង​ឡើយ ។ ការបាញ់​សាកល្បង​ទាំង​បំពាន​បម្រាម​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នេះ បានធ្វើ​ឲ្យ​មានការ​គំរាមកំហែង​កាន់តែខ្លាំង​នៅក្នុង​ឧបទ្វីប​កូរ៉េ ជាពិសេស​នោះ កូរ៉េខាងត្បូង និង​ជប៉ុន ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​អាមេរិក និង​ជា​គូសត្រូវ​របស់​កូរ៉េខាងជើង ៕


Tag:
 កូរ៉េខាងជើង​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com