អន្តរជាតិ
នយោបាយអន្តរជាតិ
មីយ៉ាន់ម៉ា ត្រៀមខ្លួនរួចហើយក្នុងការផ្តល់លិខិតបញ្ជាក់ដល់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា
× ក្រោមការរិះគន់ និងបន្ទោសដូចព្យុះភ្លៀងពីបណ្តាប្រទេសជិតខាង ក៏ដូចជាសហគមន៍អន្តរជាតិនោះ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានប្រកាសនឹងនាំជនភៀសខ្លួនដែលបានចាកចេញពីមីយ៉ាន់ម៉ាដោយសារតែការប្រយុទ្ធគ្នានៅក្នុងប្រទេសថ្មីៗនេះ មកប្រទេសវិញ ។ រដ្ឋាភិបាលក្រុងរ៉ងហ្គូន ក៏បានអះអាងថា នឹងចេញលិខិតបញ្ជាក់អត្តសញ្ញាណដល់ពួកគេផងដែរ ។
រដ្ឋមន្ត្រីសុខមាលភាពសង្គមមីយ៉ាន់ម៉ា លោក Win Myat Aye នៅថ្ងៃ ២៧ កញ្ញា កន្លងទៅ បានឲ្យដឹងថា មីយ៉ាន់ម៉ា មានគម្រោងក្នុងការចុះបញ្ជីជនភៀសខ្លួន ដោយយោងតាមកិច្ចព្រមព្រៀងឆ្នាំ១៩៩៣របស់មីយ៉ាន់ម៉ា-បង់ក្លាដែស ។ លោក អះអាងថា រដ្ឋាភិបាលនឹងចាប់ផ្តើមគម្រោងនេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy ។
តាមប្រភពព័ត៌មានដដែល រដ្ឋមន្ត្រីការិយាល័យប្រធានាធិបតីមីយ៉ាន់ម៉ា លោក Kyaw Tint Swe ក៏នឹងបំពេញទស្សនកិច្ចទៅកាន់បង់ក្លាដែសដើម្បីចរចាជាមួយនឹងអាជ្ញាធរបង់ក្លាដែសលើការបញ្ជូនជនភៀសខ្លួនមកវិញ ។ លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលមីយ៉ាន់ម៉ា នឹងចេញលិខិតបញ្ជាក់សញ្ជាតិឲ្យជនភៀសខ្លួនទាំងឡាយណា ដែលព្រមត្រលប់មកប្រទេសវិញផងដែរ ។
សេចក្តីថ្លែងការណ៍របស់មន្ត្រីជាន់ខ្ពស់មីយ៉ាន់ម៉ាទាំងនេះ បានស្របជាមួយនឹងការប្រកាសជំហររបស់ទីប្រឹក្សារដ្ឋ និងជាមេដឹកនាំកំពូល de facto មីយ៉ាន់ម៉ា លោកស្រី អ៊ុងសាន ស៊ូជី ដែលបានថ្លែងថ្មីៗនេះ ថា លោកស្រី នឹងអនុវត្តតាមអនុសាសន៍របស់អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Kofi Annan ក្នុងការពន្លឿនការផ្តល់លិខិតបញ្ជាក់អត្តសញ្ញាណដល់ប្រជាជនរស់នៅក្នុងរដ្ឋ Rakhine ។
សូមជម្រាបផងដែរថា ក្រោយពីមានហិង្សាប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមនៅក្នុងរដ្ឋ Rakhine មានជនជាតិភាគតិចរ៉ូហ៊ីងយ៉ា មិនតិចជាង៣០ម៉ឺននាក់ឡើយបានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសជិតខាង ជាពិសេសបង់ក្លាដែស ។
ហេតុការណ៍ ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ា អះអាងថាជារឿងស្មុគស្មាញ និងទាមទារពេលវេលាវែងដើម្បីដោះស្រាយនោះ បានរងនូវការថ្កោលទោសខ្លាំងពីសំណាក់សហគមន៍អន្តរជាតិ ។ គួរកត់សម្គាល់ វិបត្តិក្នុងរដ្ឋ Rakhine ក៏បានក្លាយជាប្រធានក្តៅមួយនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com