អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ចិន​បិទ​បណ្តាញ​សង្គម WhatsApp មុន​សមាជ​បក្ស​កុម្មុយនីស្ត​ចូលមក​ដល់​
30, Sep 2017 , 9:19 pm        
រូបភាព
ដោយ:
 
​ចិន​ចាប់ផ្តើម​បង្កើន​ការត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​បិទ​បណ្តាញ​សង្គម WhatApp នៅ​សប្តាហ៍​នេះ​។ ចំណាត់ការ​នេះ​ត្រូវបាន​ដាក់ចេញ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការមកដល់​នៃ​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ១៩​។ ប្រជាជន​ចិន​មួយចំនួន​ក៏បាន​ត្អូញត្អែរ​ចំពោះ​ការបិទ​បណ្តាញ​សង្គម​មួយ​នេះដែរ​។​


​អាជ្ញាធរ​ចិន​ចាប់ផ្តើម​បិទ​កម្មវិធី​បណ្តាញ​សង្គម WhatsApp ដើម្បី​ពង្រឹង​ការត្រួតពិនិត្យ​ប្រព័ន្ធ​អ៊ីនធឺណិត មុន​សមាជ​បក្ស​កុម្មុយនីស្ត​ចិន​មកដល់​នៅ​ថ្ងៃទី​១៨ ខែតុលា​ខាងមុខ​។ ចិន​បាន​សម្រេចចិត្ត​បែបនេះ​ព្រោះ WhatsApp មាន​បច្ចេកវិទ្យា​រក្សា​ទិន្នន័យ​អ្នកប្រើប្រាស់ រួច​ផុតពី​ការត្រួតពិនិត្យ​តាមរយៈ​កម្មវិធី​Great Firewall របស់​អាជ្ញាធរ​ចិន​ផង​។​
 
​នៅ​ឆ្នាំ​២០១៧ ចិន​បាន​ពង្រឹង​បទបញ្ញត្តិ​គ្រប់គ្រង​បណ្ដាញ​ទូរគមនាគមន៍​របស់​ខ្លួន​ដោយ​អនុម័ត​ច្បាប់​ថ្មី​។ ច្បាប់​ថ្មី​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​នៅ​ចិន​ទាំងអស់​ត្រូវ​រក្សា​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នៅ​ចិន ហើយ​រឹតត្បិត​កម្មវិធី​មួយចំនួន​ទៀតផង​។ បណ្តាញ​សង្គម​មួយចំនួន​ដូចជា Facebook និង​Twitter ក៏​ត្រូវបាន​ហាមឃាត់​នៅ​ចិន​ដែរ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP ចិន​តែងតែ​ពង្រឹង​ការត្រួតពិនិត្យ​បណ្តាញ​សង្គម​រាល់ពេល​ដែលមាន​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ​កើតឡើង​។ ជាក់ស្ដែង​ដូចជា សមាជ​បក្ស​កុម្មុយនីស្ត​លើក​ទី ១៩ នៅ​ថ្ងៃទី​១៨​ខែតុលា​ខាងមុខ ដែលជា​ពេល​លោក​ប្រធានាធិបតី​ស៊ី ជីន​ភីង ត្រូវគេ​បោះឆ្នោត​ឲ្យ​បន្ត​ដឹកនាំ​ចិន​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​ទៀត​។​
 
​ដោយឡែក ប្រជាជន​ចិន​មួយចំនួន​ដែលជា​អ្នក​ប្រើ​កម្មវិធី WhatsApp បាន​ត្អូញត្អែរ​ចំពោះ​ការបិទ​នេះដែរ​។ ប្រជាជន​ទាំងនោះ​កត់សម្គាល់ថា ខ្លួន​ប្រាកដជា​ពិបាក​ទាក់ទង​ជាមួយ​អតិថិជន​បរទេស បើសិន​WhatsApp ត្រូវបាន​បិទ​នោះ​។ ប្រសិនជា​គ្មាន​កម្មវិធី​ផ្ញើ​សារ​ដែល​ល្អ​ទេនោះ ប្រសិទ្ធភាព​នៃ​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​បរទេស​ក៏​នឹងត្រូវ​កាត់បន្ថយ​ដូចគ្នា​៕

Tag:
 ចិន​
  WhatApp
  ​ស៊ី ជីន​ភីង​
© រក្សាសិទ្ធិដោយ thmeythmey.com