អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សាកលវិទ្យាល័យ Oxford ដក​រូបគំនូរ​លោកស្រី ស៊ូ​ជី ចេញពី​បរិវេណ​សាលា​
01, Oct 2017 , 7:39 pm        
រូបភាព
 
​សាកលវិទ្យាល័យ Oxford សម្រេច​ដក​រូបលោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា ចេញពី​ទី​បរិវេណ​សាលា ចំ​ពេលដែល​លោកស្រី​រង​ការរិះគន់​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​រឿង​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​។ លោកស្រី​ធ្លាប់ជា​អតីត​សិស្ស​បរិញ្ញាបត្រ និង ទទួលបាន​សញ្ញាបត្រ​ប​ណ្ឌិ​ត​កិត្តិ​យ​ពី​សាកលវិទ្យាល័យ​ដ៏​ល្បី​នេះ​ផងដែរ​ឆ្នាំ ២០១២​។​

 
​រូបគំនូរ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ម្ចាស់​ពានរង្វាន់​ណូបែល​សន្តិភាព និង​ជាទី​ប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ត្រូវបាន​គណៈ​គ្រប់គ្រង​សាលា St Hugh នៃ​សាកលវិទ្យាល័យ Oxford ដក​ចេញពី​ក្លោងទ្វារ​ចូល​របស់ខ្លួន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មុន​ឆ្នាំ​សិក្សា​ថ្មី​មកដល់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Guardian​។  
 
​សេចក្តីថ្លែងការណ៍​រប​ស់​សាលា St Hugh បានបញ្ជាក់​ដូច្នេះ​៖«​សាលា​យើង​បានទទួល​អំណោយ​រូបគំនូរ​ថ្មី​នៅ​ដើមខែ​នេះដែ​លវា​នឹង​ត្រូវដាក់​បង្ហាញ​មួយរយៈ​។ ស្របពេល​ជាមួយគ្នា​នោះ រូបគំនូរ​របស់លោក​ស្រី ស៊ូ​ជី នឹងត្រូវ​ដកចេញ​»​។ 
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី បានបញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ Oxford ជំនាញ​នយោបាយ ទស្សនវិជ្ជា និង​សេដ្ឋកិច្ច​ពី​ឆ្នាំ ១៩៦៤ ដល់​ឆ្នាំ ១៩៦៧​នោះ​។ នៅ​ឆ្នា​ម ២០១២ លោកស្រី​បាន​ទ​ទល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស​ពីសា​លា​នេះ​ផងដែរ​។​
 
​តាមពិតទៅ រូបគំនូរ​លោកស្រី​ដែល​ត្រូវបាន​គេ​ដាក់​តាំងនៅ​សាកលវិទ្យាល័យ Oxford នោះ​ត្រូ​បាន​គេ​គូរ​នៅ​ឆ្នាំ ១៩៩៧ ហើយ​វា​ជា​របស់​ស្វាមី​លោកស្រី​លោក Michael Aris  ដែលជា​សាស្ត្រាចារ្យ​នៅ​ទីនោះ​តែម្តង​។ ក្រោយ​លោក Aris ស្លាប់​ឆ្នាំ ១៩៩៩ រូបភាព​នេះ​ត្រូវបាន​គេ​ផ្ទេរ​ទៅ​ឲ្យ​សាលា St Hugh រហូតដល់​មកដល់​ប​ច្ចុ​ប្បន្ន​។  
 
​ទោះជា​មានការ​បកស្រាយ​បែបណាក៏ដោយ ការដក​រូបគំនូរ​លោក​ស្រី ស៊ូ​ជី កើតឡើង​ចំ​ពេលដែល​សហគមន៍​អន្តរជាតិ​ថ្កោលទោស និង​រិះគន់​លោកស្រី ដែល​មិន​ដាក់ចេញ​ចំណាត់ការ​អ្វី​សោះ​ដើម្បី​ដោះស្រាយ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​សោះ​នោះ​។ គេ​ឃើញ​ក្រុម​សិទ្ធិមនុស្ស​ទាមទារ​ឲ្យ​មានការ​ដកហូត​ពានរ​ង្វាន់​ណូបែល​សន្តិភាព​ពី​លោកស្រី​ថែមទៀត​ផង ខណៈដែល​អង្គការ​អន្តរជាតិ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោកស្រី​បញ្ឈប់​ហិង្សា​នៅ​រដ្ឋ Rakhine៕
 
.
 

Tag:
 អ៊ុង​សាន ស៊ូ​ជី​
  Oxford
  St Hugh
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com