អន្តរជាតិ
នយោបាយអន្តរជាតិ
ហ្វីលីពីនមិនទាន់ប្រកាសជាផ្លូវការពីថ្ងៃឈប់សម្រាក អំឡុងកិច្ចប្រជុំកំពូលអាស៊ានឡើយ
×
ហ្វីលីពីនអះអាងថា វាមិនទាន់មានការប្រកាសជាផ្លូវការពីការឈប់សម្រាកនៅពេលហ្វីលីពីនកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ និងកិច្ចប្រជុំផ្សេងៗនៅខែវិច្ឆិកាឡើយ។ ការអះអាងបែបនេះកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយថា បុគ្គលិករដ្ឋនិងឯកជននឹងត្រូវអនុញ្ញតឲ្យសម្រាកនៅថ្ងៃទី១៣-១៥ វិច្ឆិកា ចំថ្ងៃប្រជុំតែម្តង។
វិមានប្រធានាធិបតីហ្វីលីពីនបានបញ្ជាក់ថា ទាក់ទិននឹងការឈប់សម្រាកអំឡុងថ្ងៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣១ ដែលនឹងត្រូវរៀបចំឡើងនៅមូលដ្ឋានយោធា Clark នោះ វាមិនទាន់មានការប្រកាសជាផ្លូវការនោះទេនៅពេលបច្ចុប្បន្ន។
សារព័ត៌មានហ្វីលីពីន Philippine Star ស្រង់សម្តីវិមានប្រធានប្រធានាធិបតី Malacañang ដូច្នេះ៖ «មិនមានការប្រកាសជាផ្លូវការរឿងឈប់សម្រាកឡើយ។ ប្រសិនជាមានការឈប់សម្រាកនៅថ្ងៃប្រជុំកំពូលអាស៊ានពិតមែន រដ្ឋាភិបាលនឹងប្រកាសឲ្យដឹងជាសាធារណៈ»។
វិមានប្រធានាធិបតីហ្វីលីពីនបានអះអាងបែបនេះ បន្ទាប់ពីមានការផ្សព្វផ្សាយថា វានឹងមានការឈប់សម្រាកជាពិសេសចាប់ពីថ្ងៃទី១៣ដល់១៥ ខែវិច្ឆិកា អំឡុងពេលប្រជុំអាស៊ាន។
ហ្វីលីពីនជាប្រធានអាស៊ានប្តូរវេនឆ្នាំ ២០១៧ នេះ ហើយនៅខែកញ្ញាកិច្ចប្រជុំនានាទាំងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣១ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំអាស៊ានបូកជាច្រើនទៀតនឹងត្រូវរៀបចំនៅហ្វីលីពីន។
អ្វីដែលសំខាន់ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានទាំងដប់ រួមជាមួយមេដឹកនាំរដ្ឋជាដៃគូសន្ទនានាផ្សេងទៀតរបស់អាស៊ានក៏នឹងមានវត្តមាននៅហ្វីលីពីនដូចគ្នា។ គេរំពឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក៏នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំអាស៊ាន និងអាមេរិកដែរ បន្ទាប់ពីលោកចូលរួមកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅវៀតណាម៕
© រក្សាសិទ្ធិដោយ thmeythmey.com