អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ដូ​ណា​ល់ ត្រាំ នឹង​មក​ទស្សនកិច្ច​ប្រទេស​ប្រាំ​នៅ​អាស៊ី​រួមទាំង វៀតណាម និង​ហ្វីលីពីន​
01, Oct 2017 , 5:59 pm        
រូបភាព
 ​ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​លើកដំបូង​នៅ​តំបន់​អាស៊ី​នា​ខែវិច្ឆិកា​ខាងមុខ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ នឹង​ទៅ​ទស្សនកិច្ច​ជប៉ុន កូរ៉េខាងត្បូង ចិន វៀតណាម និង​ហ្វីលីពីន​ផងដែរ​។ ដំណើរ​ទស្ស​និច្ច​របស់លោក​ចាប់ផ្តើម​ពីថ្ងៃ ៣ ដល់​ថ្ងៃ ១៤ ខែវិច្ឆិកា​ខាងមុខ​។ 

 
​សេត​វិមាន​អាមេរិក​បានប្រកាស​ជា​ផ្លូវការ​ថា ប្រធានាធិបតី​លោក ដូ​ណា​ល់ ត្រាំ នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅក្នុង​តំបន់​អាស៊ី​ជា​លើកទីមួយ​នៅក្នុង​ខែ​វិ​ច្ឆ​កា​ខាងមុខ​។ ប្រទេស​ចំនួន​ប្រាំ​នឹង​ក្លាយជា​គោលដៅ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​។ 
 
​យោងតាម​សេចក្តីថ្លែងការណ៍​សេត​វិមាន​អាមេរិក​ដែល​ចេញ​ថ្ងៃ ២៩ ខែកញ្ញា ដំណើ​ទស្សនកិច្ច​របស់លោក ដូ​ណាក់ ត្រាំ មកកាន់​តំបន់​អាស៊ី​នឹង​ចាប់​ផ្តើមឡើង​ចាប់ពី​ថ្ងៃ ៣ ដល់​ថ្ងៃ ១៤ ខែ​វិ​ច្ឆ​កា​។ លោក ត្រាំ នឹង​ទស្សនកិច្ច​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន ហើយ​បន្តដំណើរ​មកកាន់​ប្រទេស​វៀតណាម និង​ហ្វីលីពីន​។​
 
​ដំណើរ​ទស្សនកិច្ច​លើកដំបូង​មកកាន់​តំបន់​អាស៊ី​របស់​ប្រធានាធិបតី​អាមេរិក កើតឡើង​ចំពេល​ដែល​ស្ថានការណ៍​តំបន់​មាន​ភាព​តានតឹង​ដោយសារ​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​ជា​បន្តបន្ទាប់​។ ពេល​ស្ថិតនៅ​ចិន កូរ៉េខាងត្បូង និង​ជប៉ុន លោក​ដូ​ណា​ល់ ត្រាំ នឹងចូលរួម​កិច្ចពិភាក្សា​ទ្វេភាគី និង​ពហុភាគី​ដោយ​ផ្តោតលើ​បញ្ហា​សេដ្ឋកិច្ច​ផង នយោបាយ​ផង និង​សន្តិសុខ​ផង​។ 
 
​បើតាម​សេចក្តីថ្លែងការណ៍​សេត​វិមាន​អាមេរិក​ដដែល ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ដូ​ណា​ល់ ត្រាំ នឹង​ពិភាក្សា​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឆ្លើយ​តប​នឹង​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ​របស់​ក្រុង​ព្យុងយ៉ាង និង​ធានាថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​នឹង​កើតមានឡើង​នៅពេល​ខាងមុខ​ផង​។ 
 
​ដោយឡែក នៅ​វៀតណាម លោក ដូ​ណា​ល់ ត្រាំ នឹងចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិ ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក (APEC) ដោយ​កិច្ចប្រជុំ​នេះ​នឹង​ផ្តោត​សំខាន់​លើ​ពាណិជ្ជកម្ម​សេរី និង កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​ជាដើម​ផងដែរ​។​
 
​បន្ទាប់ពី​ចាកចេញ​ពី​វៀតណាម លោក ដូ​ណា​ល់ ត្រាំ នឹង​បន្តដំណើរ​ទៅកាន់​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា និង កិច្ចប្រជុំ​កំពូល​អាមេរិក អាស៊ាន​ជាដើម​ផង​។ ការបញ្ជាក់​ជាថ្មី​ពី​វត្តមាន​របស់លោក ត្រាំ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​បានបង្ហាញ​ឲ្យ​ឃើញ​ពី​ជំហរ​របស់​អាមេរិក​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ីអាគ្នេយ៍​។ កន្លងមក គេ​រង់ចាំ​មើលថា តើ​លោក ដូ​ណា​ល់ ត្រាំ អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ​អាស៊ាន​ឬ​អត់ ហើយ​គេ​ក៏​ធ្លាប់​បារម្ភ​ថា អាមេរិក​នឹង​បោះបង់ចោល​តំបន់​អាស៊ី​ក្រោម​អាណត្តិ​លោក ត្រាំ ដែរ​៕   
 
 
 
 
 

Tag:
 ដូ​ណា​ល់ ត្រាំ​
  អាស៊ាន​
  APEC
  កូរ៉េខាងត្បូង​
 ​ចិន​
  ជប៉ុន​
  វៀតណាម​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com