អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សង្គ្រាម​ប្រឆាំង​ISIS៖ អង់គ្លេស​អួតថា​ខ្លួន​ជួយ​ច្រើនណាស់ តែ​រុស្ស៊ី​ថា​អង់គ្លេស​ពួន​ក្រោយខ្នង​គេ​រហូត
02, Oct 2017 , 1:27 pm        
រូបភាព
ចំ​ខួប​ទី​បី​ឆ្នាំ នៃ​ការ​ប្រឡូក​ចូល​សង្គ្រាម​ប្រឆាំង​ក្រុម​រដ្ឋ​ឥស្លាម រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស Michael Fallon បានលើកឡើង​ពី​គុណសម្បត្តិ​របស់​អង់គ្លេស ក្នុង​ការជួយ​បណ្ដេញ​ក្រុម​ជ្រុលនិយម​នេះ នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ តាមរយៈ​ការចូលរួម​ក្នុង​សម្ព័ន្ធមិត្ត​ចម្រុះ​ដឹកនាំ​ដោយ​អាមេរិក។ ក្រសួងការពារជាតិ​រុស្ស៊ី បាន​ប្រតិកម្ម​តប​ទៅ​ការលើកឡើង​នេះ ដោយ​ចាត់ទុក​សម្ដី​លោក Fallon ជាការ​ទាញយក​មុខមាត់ ទាំង​ខ្លួនឯង​មិនសូវ​បាន​ជួយ​អ្វី​សោះ។

 
ក្រសួងការពារជាតិ​រុស្ស៊ី បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ឆ្លើយតប​ការអធិប្បាយ​របស់​ប្រមុខ​ការពារជាតិ​អង់គ្លេស Michael Fallon ជុំវិញ​យុទ្ធនាការ​កងទ័ព​អង់គ្លេស ក្នុង​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ (ISIS)។ រុស្ស៊ី​បាន​រិះគន់​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ការពារជាតិ​អង់គ្លេស ដែល​និយាយថា​អង់គ្លេស​បាន​ជួយ​ច្រើនណាស់ ក្នុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​ទាំង២នេះ និង​បាន​រុញច្រាន​ក្រុម​ជ្រុលនិយម ទៅរក​បរាជ័យ​ទៀតផង។ 
 
ថ្លែង​ក្នុង​ខួប​ទី​បី​ឆ្នាំ នៃ​ការចូលរួម​ប្រតិបត្តិ​ដឹកនាំ​ដោយ​អាមេរិក លោក Fallon និយាយថា ការចូលរួម​របស់​អង់គ្លេស ពិតជា​ធំធេង​ណាស់ និង​ស្ថិតនៅ​លំដាប់​ទី​ពីរ បន្ទាប់ពី​អាមេរិក​ប៉ុណ្ណោះ។ រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​រូបនេះ បញ្ជាក់ថា ចក្រភព​អង់គ្លេស រួមចំណែក​យ៉ាងច្រើន​ក្នុង​យុទ្ធនា​ការកម្ទេច​ក្រុម​រដ្ឋ​ឥស្លាម តាំងពី​ឆ្នាំ២០១៤មកម្ល៉េះ ដោយបាន​បណ្ដេញ​ក្រុម​នេះ ពី​ទ្វារ​ក្រុង​បា​ក់ដាដ រហូតដល់​ទីបញ្ចប់​នៅឯ Raqqa ហើយ​កម្លាំង​ទ័ព​គ្រប់​ប្រភេទ បាន​បំពេញភារកិច្ច​ឥត​នឿយហត់​ទេ។
 
ពាក្យសម្ដី​របស់​មន្ត្រី​ការពារជាតិ​អង់គ្លេស​រូបនេះ មិនបាន​ធ្វើ​ឲ្យ​រុស្ស៊ី ដែល​កំពុង​ប្រតិបត្តិការ​នៅ​ស៊ី​រី​ដែរ​សប្បាយចិត្ត​ឡើយ។ បើតាម​សារព័ត៌មាន RT ឧ​ត្ត​ម​សេនីយ៍ Igor Konashenkov អ្នកនាំពាក្យ​ក្រសួងការពារជាតិ​រុស្ស៊ី និយាយ​កាលពី​ចុង​សប្ដាហ៍​ថា ការ​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម ខិត​ដល់ទី​បញ្ចប់​ហើយ ដោយមាន​ទ័ព​ស៊ី​រី​ជា​កម្លាំង​នាំមុខ និង​គាំទ្រ​ដោយ​កងទ័ពអាកាស​រុស្ស៊ី ប៉ុន្តែ​ក្នុង​រយៈពេល​នេះ អ្វីដែល​រុស្ស៊ី​រកឃើញ គឺ​អង់គ្លេស​នៅ​ពីក្រោយ​រុស្ស៊ី​រហូត។
 
ក្រុង​មូ​ស្គូ​ចាត់ទុក​ការយក​មុខមាត់​នេះ ហាក់​ទៅ​ហួសការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន ហើយ​មិន​ស្មើគ្នា​ការប្រឹងប្រែង​របស់​រុស្ស៊ី​ទេ។  អ្នកនាំពាក្យ​ខាងលើ បាន​លើក​ជា​សំណួរ​ថា៖«តើ​ទ័ព​អង់គ្លេស​នៅឯណា នៅពេល​ក្រុម​រដ្ឋ​ឥស្លាម​គ្រប់គ្រង​ទឹកដី​អ៊ីរ៉ាក់​មួយ​ភាគបី និង​ត្រួតត្រា​ទឹកដី​ស៊ី​រី​ភាគច្រើន​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៥? រដ្ឋមន្ត្រី​ការពារជាតិ​អង់គ្លេស​អះអាងថា ទ័ព​អង់គ្លេស​វាយប្រហារ​តាម​ដែនអាកាស​ច្រើនជាង១៥០០ដង។ បើ​ប្រៀបធៀប​ជាមួយ​រុស្ស៊ី កងទ័ព​រុស្ស៊ី​វាយប្រហារ​ច្រើន៩៩០០០ដង ដែល​បាន​ធានា​ដល់​ដំណើរ​ទៅរក​ជ័យជម្នះ​លើ​ក្រុម​ជ្រុលនិយម»។
 
ដូច​ការលើកឡើង​ខាងលើ ទ័ព​អង់គ្លេស គឺជា​ផ្នែក​មួយក្រុម​ចម្រុះ​អន្តរជាតិ ដឹកនាំ​ដោយ​អា​មេ    រិ​ក មាន​គោលដៅ​ជួយ​ក្រុម​ឧទ្ទាម​ប្រឆាំង ផ្ដួលរំលំ​រដ្ឋាភិបាល​ប្រធានាធិបតី Bashar al Assad ។ បន្ទាប់ពី​ការ​ងើបឡើង​របស់​ក្រុម​រដ្ឋ​ឥស្លាម ក្រុមចម្រុះ​នេះ ក៏បាន​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​ជ្រុលនិយម​នេះ ដែល​បាន​វាយ​ដណ្ដើម​ត្រួតត្រា​ទឹកដី​ធំ​ល្វឹងល្វើយ​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់។ ឯ​រុស្ស៊ី ចូល​ទឹកដី​ស៊ី​រី​តាម​សំណើ​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស ដើម្បី​បោសសម្អាត​ក្រុម​រដ្ឋ​ឥស្លាម​ដូចគ្នា​ដែរ៕
 
 
  
 
 

Tag:
 ស៊ី​រី
 អង់គ្លេស
 រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com