រថយន្ត
សាកលវិទ្យាល័យ​មួយ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​នឹង​បើក​បង្រៀន​ជំនាញ​យានយន្ត​សម្រាប់​ស្ត្រី​
02, Oct 2017 , 7:19 pm        
រូបភាព
ដោយ: ធីតា
​បន្ទាប់ពី​ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Salman bin Abdulaziz Al Saud ប្រកាស​ផ្ដល់​សិទ្ធិ​ឲ្យ​ស្ត្រី​មាន​សិទ្ធិ​បើកបរ​រថយន្ត​ដោយ​ខ្លួនឯង សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ បានលើកឡើង​ភ្លាមៗ​ពី​គម្រោង​បណ្តុះបណ្តាល​ជំនាញ​យានយន្ត​ពិសេស​សម្រាប់​ស្ត្រី​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​នៅ​ឆ្នាំក្រោយ អាជ្ញាធរ​អា​រ៉ា​ប៊ី​សា​អូឌីត នឹង​ដក​បម្រាម​ស្តីពី​ការហាមឃាត់​ស្ត្រី​ក្នុង​ការបើកបរ តាមរយៈ​ព្រះរាជក្រឹត្យ​មួយ​ដែល​ឡាយព្រះហស្តលេខា​ដោយ​ព្រះមហាក្សត្រ Salman bin Abdulaziz Al Saud កាលពី​ថ្ងៃទី​២៦ ខែកញ្ញា​។​
អត្ថបទទាក់ទង

​បើទោះបីជា​គេ​មិនទាន់​បានដឹង​ពី​កាល​បរិ​ច្ចេ​ទ​ច្បាស់លាស់​ក៏ដោយ ប៉ុន្តែ​ការប្រកាស​ផ្ដល់​សិទ្ធិ​ដល់​ស្ត្រី​ក្នុងការ​បើកបរ​នេះ ថា​ជា​ផ្នែក​មួយ​នៃ​ទស្សនវិស័យ​ឆ្នាំ​២០៣០ សំដៅ​កែទម្រង់​សង្គម និង​សេដ្ឋកិច្ច ខណៈ ដែល​អា​រ៉ា​ប៊ី​សា​អូឌីត​រង​កា​រិះគន់​យ៉ាងខ្លាំង​លើ​ការបិទ​សិទ្ធិ​ស្ត្រីភេទ តាមរយៈ​ការអនុវត្ត​ច្បាប់​ឥស្លាម Sharia ដ៏​តឹងរ៉ឹង​។​

​ក្រោយ​ទទួលបាន​ដំណឹង​មិនបាន​មួយ​សប្តាហ៍​ផង សាកលវិទ្យាល័យ Princess Nourah Bint Abdulrahman University ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​រី​យ៉ា​ដ បានប្រកាស​បើក​វគ្គ​ជំនាញ​យានយន្ត​សម្រាប់​ស្ត្រី ពីព្រោះ​សាកលវិទ្យាល័យ​នេះ ជា​គ្រឹះស្ថាន​បណ្តុះបណ្តាល​ស្ត្រី​ដ៏​ធំ​បំផុត​នៅលើ​ពិភពលោក​។​

​បើតាម​គម្រោង​របស់​អា​ជ្ញា​ធ​រអា​រ៉ា​ប៊ី​សា​អូឌីត ស្ត្រី​ទំនងជា​ទទួលបាន​សិទ្ធិ​បើកបរ​ដោយ​ខ្លួនឯង​ឡើងវិញ ចាប់ពី​ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ ដូច្នេះ​ក្រុមហ៊ុន​ផលិត​រថយន្ត កំពុង​ត្រៀមខ្លួន​ទទួល​អតិថិជន​ថ្មី ដែល​ប្រកបដោយ​សក្តានុពល​ខ្ពស់​។​

​សាកលវិទ្យាល័យ Princess Nourah Bint Abdulrahman University បាន​សរសេរ​នៅលើ​គណនី Twitter របស់ខ្លួន​ថា សាលា​បណ្តុះបណ្តាល​ជំនាញ​យានយន្ត​សម្រាប់​ស្ត្រី នឹង​លេចចេញ​ជា​រូបរាង​ឡើង​នាពេលខាងមុខ ប៉ុន្តែ​សាលា​កំពុង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​។​

​ការផ្តល់​សិទ្ធិ​ស្ត្រី​ឲ្យ​បើកបរ​ខ្លួនឯង​នេះ ជាការ​សម្រេច​ចិត្តជា​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ក៏មាន​ឥទ្ធិពល​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច​ផងដែរ ដោយ​ក្រៅពី​ទទួលបាន​ភ្ញៀវ​ជា​ស្ត្រី ក្រុមហ៊ុន​ផលិត​យានយន្ត​ដូចជា Nissan, Chevrolet និង Ford ជាដើម​នោះ នឹង​ជ្រើស​បុគ្គលិក​នារី កាន់តែច្រើន​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com