រថយន្ត
ដាក់​គំនូស 3D លើផ្លូវ​ថ្មើរជើង​ដើម្បី​ឲ្យ​រថយន្ត​បន្ថយល្បឿន​
02, Oct 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
«Street Art» ជា​បច្ចេកវិទ្យា 3D ដែល​ចាញ់​ទៅលើ​ផ្លូវ​ដែល​ថ្មើរជើង​ឆ្លងកាត់ ក្នុង​គោលបំណង​ឲ្យ​អ្នកបើកបរ​រថយន្ត​បន្ថយល្បឿន និង​ប្រុងប្រយ័ត្ន​។ បច្ចេកវិទ្យា​បែប​សិល្បៈ​នេះ កើតចេញពី​គំនិត​ស្ត្រី​ឥណ្ឌា​ពីររូប ហើយ​ក្រុង​មួយ​នៅ​អ៊ី​ស្លង់ បាន​យកទៅ​អនុវត្តតាម​។



​រូប​ថ្ម​ផុសៗ​ចេញ​នៅលើ​ផ្លូវ​ថ្មើរជើង បានកើត​ចេញពី​ការច្នៃប្រឌិត​របស់​ស្ត្រី​ឥណ្ឌា​ពីររូប​គឺ Saumya Pandya Thakkar និង Shakuntala Pandya​។ បច្ចេកវិទ្យា 3D នេះ ត្រូវដាក់​សាកល្បង​រយៈ​ពេល​៦​ខែ​នៅ​ទីតាំង​ចំនួន​៤​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា​។​



​យោងតាម​ការផ្សាយ​រប​ស់​គេហទំព័រ Moniteur Automobile នា​រយៈពេល​៦​ខែ​កន្លងមក មិនមាន​ករណី​គ្រោះថ្នាក់​ណាមួយ​កើតឡើង​នៅលើ​ទីតាំង​ដែល​ដាក់​គំនូស 3D «Street Art» នោះឡើយ​។​



​អាជ្ញាធរ​ក្រុង Isafjorour នៃ​ប្រទេស​អ៊ី​ស្លង់ បាន​មើលឃើញ​ពី​គំរូ​វិជ្ជមាន​នេះ ហើយ​បាន​យកទៅអនុវត្ត​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ក្នុង​គោលបំណង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​នៅ​តំបន់​ដែល​ថ្មើរជើង​ឆ្លងកាត់​។​

​ទោះបីជា​យ៉ាងណាក៏ដោយ​សារព័ត៌មាន Visir Magazine របស់​អ៊ី​ស្លង់ បាន​អះអាងថា ការ​គូស​គំនូស 3D នៅលើ​ផ្លូវ​ដើម្បី​បង្កើន​ការប្រុងប្រយ័ត្ន​របស់​អ្នកបើកបរ ក៏​មិនមែនជា​គំនិត​ថ្មី​សុទ្ធសាធ​ដែល​អនុវត្តតាម​ឥណ្ឌា​នោះដែរ ករណី​ស្រដៀង​គ្នា ធ្លាប់​អនុវត្ត​រួចហើយ​នៅ​ផ្លូវ​មួយចំនួន​ក្នុងប្រទេស​ចិន និង​រុស្ស៊ី​៕



© រក្សាសិទ្ធិដោយ thmeythmey.com