ជាតិ
សង្គមជាតិ
សម្ដេច ហ៊ុន សែន ឲ្យ​ពលរដ្ឋ​ពហិការ​ទិញ​បន្លែ​គីមី​
02, Oct 2017 , 5:50 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ពហិការ​ទិញ​បន្លែ ដែលមាន​សារជាតិ​គីមី​យកទៅ​បរិភោគ​។ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា មូលហេតុ​ដែល​បន្លែ​ជាតិគីមី នាំចូល​ទីផ្សារ​កាន់តែច្រើន​នោះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ការគាំទ្រ​ទិញ​ពី​ឈ្មួញ ដូច្នេះ​បញ្ហា​នេះ​មិនអាច​បន្ទោស​រដ្ឋាភិបាល​បានឡើយ​។​


 
​ថ្លែង​ក្នុង​ពិធី​សម្ពោធ​សណ្ឋាគារ និង​រមណីយដ្ឋាន​សុខា សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២ តុលា​នេះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ដូច្នេះ​ថា​៖«​កន្លងទៅ​តែងតែ​ឮ​និយាយ ហើយ​សំណូមពរ​មក​រដ្ឋាភិបាល​។ ខ្ញុំ​បាន​ស្ដាប់ឮ​ហើយ​នូវ​សំឡេង​អំពាវនាវ​របស់​ប្រជាជន​ថា កុំ​ឲ្យ​នាំចូល​នូវ​បន្លែបង្ការ ដែលមាន​ជាតិគីមី ឬក៏​អ្នក​ដាំ​ដែល​ប្រើប្រាស់​ជាតិគីមី​ច្រើន​ហើយ​យកមក​លក់​នៅលើ​ទីផ្សារ ខ្ញុំ​សូម​ផ្ដាំផ្ញើ​ត្រឡប់​ទៅវិញ​ថា សូមមេត្តា​កុំ​ទិញ​នូវ​អ្វី​ដែលមាន​ជាតិគីមី​ទៅ​គឺ​ចប់​បាត់ទៅហើយ​។ បញ្ហា​វា​នៅត្រង់​កន្លែង​នេះ ដោយ​តែ​យើង​សម្រុក​ទៅ​ទិញ​បន្លែ​ជាតិគីមី​នេះ ដូច្នេះ​គេ​ចេះតែ​លក់​តទៅ​ទៀតហើយ រួចហើយ​មក​តែ​ចោទ​រដ្ឋាភិបាល ហើយ​ចុះ​ខ្លួនឯង​អ្នកទទួល​ទាន​នេះ​មិន​គិត​មើល​ផង​…»​។​
 
​ជាមួយគ្នា​ប្រមុខ​រដ្ឋាភិបាល ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​កសិកម្ម ត្រូវ​ចូលរួម​ដាំ​ដុះ​បន្លែ​សរីរាង្គ ការផលិត​និង​ការ​ច​ញ្ចឹ​ម​សត្វ ដោយ​គ្មាន​ជាតិគីមី សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​បច្ចុប្បន្ន ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ដោយសារ​ការបរិភោគ​បន្លែ​មាន​ជាតិគីមី​នេះ​។ បន្ថែម​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​អ្នក​អាជីវកម្ម និង​អ្នកផ្ដល់​សេវាកម្ម​ទេសចរណ៍ គប្បី​ត្រូវ​ធានា​សុវត្ថិភាព​ចំណីអាហារ​គ្មាន​ជាតិគីមី​ដល់​ភ្ញៀវទេសចរ ក្នុងទិសដៅ​ចៀសវាង​ការបង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​ពួកគេ​។ បើតាម​នាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមក​មិនទាន់មាន​ករណី​ដែល​បង្ក​ឲ្យ​ភ្ញៀវទេសចរ មាន​បញ្ហា​សុខភាព​ដោយសារ​ការទទួល​ទាន​ចំណីអាហារ​ឡើយ​៕

Tag:
 សម្តេច ហ៊ុន សែន​
  បន្លែ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com