ជាតិ
វិទ្យុថ្មីៗ
​​​ន​យោ​បាយ​ជាតិ​
ពី​ក្នុង​ពន្ធនាគារ ឯ​.​ឧ កឹម សុខា ផ្ញើ​សារ​ប្រាប់​អ្នកគាំទ្រ​ថា «​សូមកុំ​តក់ស្លុត​!»
03, Oct 2017 , 9:56 am        
រូបភាព
ដោយ: រួបរួម
​ថ្ងៃទី​៣ ខែកញ្ញា ដល់​ថ្ងៃទី​៣ ខែតុលា គឺ​រយៈពេល​១​ខែ​គត់​ដែល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​ចាប់ខ្លួន និង​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​។ តាមរយៈ​សារលិខិត​មួយ​ចុះ​កាលពី​ល្ងាច​ថ្ងៃទី​២ ខែតុលា ឯកឧត្តម កឹម សុខា នៅតែ​ច្រានចោល​ការចោទប្រកាន់​ទៅលើ​ខ្លួន​ទាក់ទង​នឹង​អំពើ​ក្បត់ជាតិ ហើយ​ជំរុញ​ពលរដ្ឋ​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​ដើម្បី​ការផ្លាស់ប្តូរ​។​



«​ខ្ញុំ កឹម សុខា ពុំដែល​បាន និង​ក៏​មិនមាន​ផែនការ​ណាមួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្លាប់ ឬ​ធ្វើ​ឲ្យ​បាត់បង់​អធិបតេយ្យ​បូរណភាព​ទឹកដី និង​ធនធានធម្មជាតិ​ខ្មែរ​ឡើយ​។ ផ្ទុយទៅវិញ ខ្ញុំ​តែងតែ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ដោយ​អហិង្សា តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​»​។ នេះ​ជា​សំណេរ​របស់​ឯកឧត្តម កឹម សុខា ដែល​កំពុង​ស្ថិតនៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​។​

​មួយខែ​គត់​នៃ​ការឃុំខ្លួន ក្រោម​ការចោទប្រកាន់​ពីបទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដែល​មានន័យថា ជា​អំពើ​ក្បត់ជាតិ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​បន្ត​អះអាងថា ខ្លួន​មិនបាន​ធ្វើ​ឲ្យ​ខុស​ឡើយ ហើយ​វា​ជាការ​មួលបង្កាច់​ទាំងស្រុង​។ លោក​ថា ការ​សម្រុកចូល​គេហដ្ឋាន​លោក​ពាក់កណ្តាល​អា​ធ្រា​ត្រ ជាការ​រំលោភច្បាប់ និង​អភ័យឯកសិទ្ធិសភា ជាពិសេស​រដ្ឋធម្មនុញ្ញ​។​

«​សូមកុំ​តក់ស្លុត​!»​។ នេះ​ជា​សារសំខាន់​របស់​មេបក្ស​ប្រឆាំង ដើម្បី​លើកទឹកចិត្ត​ពលរដ្ឋ​ខ្មែរ ជាពិសេស​អ្នកគាំទ្រ​ឲ្យ​បន្ត​ចូលរួម​ក្នុង​ចលនា​ផ្លាស់ប្តូរ តាមរយៈ​ការបោះឆ្នោត ដោយ​លោក​បាន​អះអាងថា ការផ្លាស់ប្តូរ​ដែល​ខ្មែរ​ចង់បាន​នោះ គឺ​សម្រេចបាន​ពាក់កណ្តាល​ហើយ​។ លោក​បានសរសេរថា​៖ «​ទោះ​រូប​ការយ​ខ្ញុំ​ត្រូវ​ជាប់ឃុំ តែ​គ្មាន​នរណាម្នាក់​អាច​ឃុំ​ឧ​ត្ត​ម​គតិ​ខ្ញុំ​បានឡើយ​»​។​

​ជាមួយគ្នានេះ ឯកឧត្តម កឹម សុខា បាន​អំពាវនាវ​ដល់​សហគម​ន៍​អន្តរជាតិ​ចាត់វិធានការ​សកម្មភាព​ជាក់ស្តែង​ដើម្បី​ជួយសង្គ្រោះ​កម្ពុជា ដោយ​លោក​វាយតម្លៃថា លទ្ធិប្រជាធិបតេយ្យ​កម្ពុ​ជា​បាន​ធ្លា​ក់នៅ​ដង្ហើមចុងក្រោយ​ហើយ​។​

​ប្រធាន​គណបក្សប្រឆាំង ក៏បាន​ស្នើ​ទៅ​សមត្ថកិច្ច រាជរដ្ឋាភិបាល និង​តុលាការ​ឲ្យ​ពិចារណា​ឡើងវិញ​លើ​ការចោទប្រកាន់​លើ​រូប​ខ្លួន ដោយ​លោក​បាន​លើកឡើងថា នេះ​មិនមែនជា​យុទ្ធសាស្ត្រ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ណា​ម្នាក់​ទទួលបាន​ប្រយោជន៍​យូរអង្វែង​ឡើយ​។ លោក​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​មិនមែនជា​សត្រូវ​របស់លោក​អ្នក ខ្ញុំ​ជា​គូប្រជែង​មាន​តួនាទី​កែលំអរ​ជាតិ ដោយ​ការ​រិៈ​គន់ និង​ប្រជែង​យក​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​»​។​
អត្ថបទទាក់ទង

​នា​ពិធី​សម្ពោធ​សណ្ឋាគារ​សុខា​សៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២ ខែតុលា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន  បាន​មានប្រសាសន៍ថា ករណី​ឯកឧត្តម កឹម សុខា មិនមែន​បញ្ចប់​ត្រឹម​ការចាប់ខ្លួន ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​នោះទេ ពោលគឺ​អាចឈាន​ទៅរក​ការចាប់ខ្លួន​អ្នកពាក់ព័ន្ធ​មួយចំនួនទៀត​។ សម្ដេច ហ៊ុន សែន បាន​បញ្ជាក់ថា ករណី​ឯកឧត្តម កឹម សុខា ដែល​រដ្ឋាភិបាល​ចាត់ទុកជា​អំពើ​ក្បត់ជាតិ​នេះ មានការ​រៀបចំ​ជា​ប្រព័ន្ធ ដែល​ត្រូវ​តាមដាន​នឹង​ចាប់ខ្លួន​បន្តទៀត​៕


Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com