សារព័ត៌មានហ្វីលីពីន Inquirer បានចុះផ្សាយអត្ថបទមួយដែលដកស្រង់វីដេអូក្រុមហ៊ុនផលិតវីដេអូ និងបោះពុម្ភផ្សាយ WatchMojo របស់កាណាដាដែលមានចំណងជើងថា មេដឹកនាំផ្តាច់ការអាក្រក់បំផុតចំនួន ១០ដែលកំពុងកាន់អំណាច។ គេឃើញមានឈ្មោះលោក រ៉ូឌ្រីហ្គោ ឌូទើតេ ផងដែរក្នុងចំណោមមេដឹកនាំទាំង១០នោះ។
ក្រុមហ៊ុនផលិតវីដេអូ និងផ្សព្វផ្សាយរបស់កាណាដាបានចេញវីដេអូមួយដែលមានចំណងជើងថា «មេដឹកនាំផ្តាច់ការអាក្រក់បំផុតចំនួន ១០ដែលកំពុងកាន់អំណាច»។ មេដឹកនាំទាំងដប់ដែលមានក្នុងវីដេអូនោះមានឈ្មោះដូចខាងក្រោម៖
១. ប្រធានាធិបតីស៊ូដង់លោក អូម៉ា អាល់បាស៊ែរ (Omar al-Bashir)។ អូម៉ា អាល់បាស៊ែរ បច្ចុប្បន្ននេះជាប្រធានាធិបតីស៊ូដង់ ហើយលោកត្រូវបានតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងប្រឆាំងមនុស្សជាតិកន្លងមក។ លោករងការចោទប្រកាន់ថា បានបង្កឲ្យមានការសម្លាប់រង្គាលបោសសម្អាតជនជាតិភាគតិចនៅតំបន់ Darfur ប្រហែល បីសែននាក់។ មកដល់បច្ចុប្បន្ន មេដឹកនាំរូបនេះបណ្តេញរាល់អង្គការសិទ្ធិមនុស្ស និងបន្តឈ្នះឆ្នោតជាបន្តបន្ទាប់ ប៉ុន្តែពោរពេញដោយបញ្ហាចម្រូងចម្រាសដែរ។
២.លោក គីម ជុងអ៊ុន បន្តតំណែងពីឪពុករបស់ខ្លួន គីម ជុងអ៊ីល ដោយដឹកនាំប្រទេសដោយប្រើប្រាស់គោលនយោបាយផ្តាច់ការ ក្តោបក្តាប់ប្រព័ន្ធផ្សព្វផ្សាយទាំងស្រុង ហើយរបបដឹកនាំនេះបន្តអនុវត្តគោលនយោបាយព្រៃផ្សៃដោយប្រហារជីវិត ចាប់ឃុំមនុស្សក្នុងជំរំ និងបង្ខំឲ្យស្ត្រីរំលូតកូនជាដើម។
៣. មេដឹកនាំផ្តាច់ការបន្ទាប់គឺ លោក បាសា អាល់អាសាដ ប្រធានាធិបតីស៊ីរី។ ការបង្ក្រាបក្រុមប្រឆាំងដែលដឹកនាំចលនាបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលមានឥទ្ធិពលពីបដិវត្តន៍អារ៉ាប់ឆ្នាំ ២០១១ និងបង្កឲ្យសង្គ្រាមស៊ីវិលកើតឡើងនោះ បានឆក់យកជីវិតមនុស្សអស់ជាង បួនសែននាក់រួចទៅហើយ។ អ្នកប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ឃុំខ្លួន, រងការធ្វើទុក្ខបុកម្នេញ និងត្រូវកាត់ទោសប្រហារជីវិតជាដើម។ ខ្លះទៀតរងគ្រោះដោយសារការរំលោភសេពសន្ថវៈ និងរងទារុណកម្មព្រៃផ្សៃច្រើនប្រភេទផងដែរ។
៤.មេដឹកនាំតួកគីប្រធានាធិបតី Recep Tayyip Erdogan ព្យាយាមប្រមូលផ្តុំអំណាចរបស់ខ្លួនតាមរយៈការបង្កើនអំណាចនីតិប្រតិបត្តិ។ លោក Erdogan មានរឿងអាស្រូវច្រើនជាពិសេសពុករលួយ និងព្យាយាមបំផ្លាញក្រុមអ្នកប្រឆាំង។ កន្លងមកលោកបានព្យាយាមបិទបណ្តាញទំនាក់ទំនងសង្គមដូចជា Twitter ហើយមិនត្រឹមតែប៉ុណ្ណោះ លោកក៏បានពង្រឹងចំណាត់ការកម្ចាត់អ្នកប្រឆាំងខ្លួន ក្រោយមានចលនារដ្ឋប្រហារមួយបរាជ័យកាលពីខែកក្កដាឆ្នាំមុនដែរ។
៥.ប្រធានាធិបតីអេរីត្រេលោក Isaias Afwerki បានកាន់តំណែងចាប់ពីឆ្នាំ ១៩៩៣មក ហើយគ្មានឡើយសេរីភាពបញ្ចេញមតិ និងសេរីភាពសារព័ត៌មាននៅប្រទេសអាហ្វ្រិកមួយនេះ។ ប្រទេសនេះត្រូវបានគេដាក់ឈ្មោះថា ជាប្រទេសកូរ៉េខាងជើងទីពីរ ព្រោះមេដឹកនាំប្រទេសនេះអនុវត្តគោលនយោបាយឯកោនិយម ហើយការរំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរកើតឡើងពាសពេញប្រទេស។ រដ្ឋាភិបាលដាក់កម្លាំងពង្រាយតាមព្រំដែនដើម្បីល្បាត និងបាញ់ចោលរាល់ប្រជាជនដែលលួចឆ្លងដែននិងរត់ភៀសខ្លួន។
៦. បន្ទាប់មក មេដឹកនាំវ័យជរានៃប្រទេសស៊ីមបាវ៉េលោក រ៉ូបឺត មូហ្កាបេ (Robert Mugabe) ដែលកាន់អំណាចពីឆ្នាំ ១៩៨០។ លោកមានកងទ័ពផ្ទាល់ខ្លួនដែលទទួលបានការហ្វឹកហ្វឺនពីកូរ៉េខាងជើង ហើយកងទ័ពនេះពាក់ព័ន្ធការធ្វើទុក្ខបុកម្នេញ និងសម្លាប់រង្គាលប្រជាជនដែលប្រឆាំងប្រហែល មួយម៉ឺននាក់ឯណោះ។ លោក មូហ្កាបេឈ្នះឆ្នោតរាល់លើក ប៉ុន្តែការបោះឆ្នោតពោរពេញដោយការគំរាមកំហែង ហិង្សា និងលួចបន្លំ។ អ្វីដែលសំខាន់ រដ្ឋធម្មនុញ្ញរដ្ឋអាហ្វ្រិកនេះត្រូវបានចងក្រងឡើងដោយផ្តល់អំណាចទាំងស្រុងដល់មេដឹកនាំផ្តាច់នេះដែរ។
៧.មេដឹកនាំផ្តាច់ការលំដាប់ទីប្រាំពីរគឺ ប្រធានាធិបតី ហ្គីណេ អេក្វាទ័រ លោក Teodoro Obiang Nguema Mbasogo។ មេដឹកនាំរូបនេះទម្លាក់ពូរបស់ខ្លួនពីតំណែងឆ្នាំ ១៩៨៧ ដើម្បីដណ្តើមអំណាច ហើយបង្កើតរបបដឹកនាំផ្តាច់ការមួយរហូតមក។ ក្រោមការដឹកនាំរបស់លោក អ្នកប្រឆាំងជាច្រើនរងការធ្វើទុក្ខបុកម្នេញ និងចាប់ឃុំឃាំងផង។ ក្រៅពីផ្តាច់ការ លោក Teodoros ប្រើប្រាស់អំណាចដើម្បីបង្កើនភាពមានបានរបស់ខ្លួននិងបក្សពួក ហើយមកដល់បច្ចុប្បន្នលោកមានទ្រព្យប្រហែល ៦០០លានដុល្លារអាមេរិកឯណោះ។
៨.លោក Ilham Aliyev ដែលជាមេដឹកនាំប្រទេសអាស៊ែបៃហ្សង់។ លោកដឹកនាំប្រទេសតាមប្រព័ន្ធគ្រួសារនិយម ហើយរាប់ទសវត្សរ៍មកហើយប្រទេសនេះមិនស្គាល់មេដឹកនាំថ្មីឡើយ។ ក្រោមការដឹកនាំរបស់លោក Aliyev ប្រទេសអាស៊ែបៃហ្សង់ស្គាល់តែរឿងពុករលួយ និង ភាពផ្តាច់ការនិយម ហើយរាល់ក្រុមគ្រួសារប្រធានាធិបតីក្លាយជាអ្នកក្តោបក្តាប់សេដ្ឋកិច្ចប្រទេសជាតិទាំងមូល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មេដឹកនាំរូបនេះបានលុបចោលមាត្រាកំណត់អាណត្តិប្រធានាធិបតី ហើយតែតាំងភរិយាខ្លួនជាអនុប្រធានាធិបតីថែមទៀត។
៩. លោក Alexander Lukashenko ប្រធានាធិបតីបេឡារុសទទួលបានចំណាត់ថ្នាក់ទីប្រាំ។ លោកបានកាន់តំណែងកាលពីឆ្នាំ ១៩៩៤ រហូតមកដល់ បច្ចុប្បន្ន ហើយលោកជាប់ឈ្មោះជាមេដឹកនាំផ្តាច់ការចុងក្រោយនៅអឺរ៉ុប។ លោក Lukashenko បានចាប់ផ្តើមកែរដ្ឋធម្មនុញ្ញដើម្បីលុបចោលមាត្រាកំណត់អាណត្តិរបស់ប្រធានាធិបតីផង។ ក្រោយផ្តាច់ចេញពីសហភាពសូវៀត មេដឹកនាំរូបនេះក៏បន្តអនុវត្តគោលនយោបាយផ្តាច់ការ ហើយរាល់អ្នកនយោបាយប្រឆាំងតែងរងការគាបសង្កត់ ជិះជាន់ និងធ្វើទុក្ខបុកម្នេញខ្លាំងផងដែរ។
១០. លោក រ៉ូឌ្រីហ្គោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីនដែលកាន់អំណាចបាន១៥ ខែមកនេះ ប្រហែលមិនទាន់ក្លាយជាមេដឹកនាំផ្តាច់ការដូចមេដឹកនាំខាងលើឡើយ។ ប៉ុន្តែលោកធ្លាប់ហៅខ្លូនឯងជាមេដឹកនាំផ្តាច់ការប្រឆាំងនឹងក្រុមបិសាច។ តាមពិតទៅលោកអាចជាប់ឈ្មោះជាមេដឹកនាំផ្តាច់ការអាក្រក់បំផុតដោយសារតែគោលនយោបាយបោសសម្អាតគ្រឿងញៀនរបស់ខ្លួនដែលឆក់យកជីវិតមនុស្សអស់រាប់ពាន់នាក់កន្លងមកនោះ។ រដ្ឋាភិបាលហ្វីលីពីនអះអាងថា មនុស្សប្រហែលជាង ៣០០០ នាក់ទៅហើយត្រូវសម្លាប់ក្នុងសង្គ្រាមគ្រឿងញៀននេះ ខណៈក្រុមសិទ្ធិមនុស្សអះអាងថា យ៉ាងហោចណាស់ ១៣០០០ នាក់បានស្លាប់រួចទៅហើយ៕